អានតួអត្ថបទ
កម្ពុជា

​រដ្ឋាភិបាលហាម​លក់​ដូរ​និង​ផឹក​គ្រឿង​ស្រវឹង​ក្នុង​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោតឃុំ​សង្កាត់

ការ​លក់​ដូរ​និង​ពិសារ​គ្រឿង​ស្រវឹងក្នុង​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត មិន​ត្រូវ​បាន​អនុញ្ញាត​ទេ​។ រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំយ៉ាង​ដូច្នេះ ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ឡើង​ក្នុង​បរិយាកាស​ល្អ សេរី ត្រឹម​ត្រូវ យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា​។

ពល​រដ្ឋ​កម្ពុជា​ទៅ​បោះឆ្នោត​ ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជាពលរដ្ឋ​ នា​ពេល​កន្លង​មក​។
ពល​រដ្ឋ​កម្ពុជា​ទៅ​បោះឆ្នោត​ ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជាពលរដ្ឋ​ នា​ពេល​កន្លង​មក​។
ផ្សាយពាណិជ្ជកម្ម

មួយ​សប្ដាហ៍​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេសដែល​រស់​នៅ​កម្ពុជា ​មិន​ឲ្យ​​ពិសារ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត។ ពោល​គឺ​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៤ ខែ​មិថុនា​។ ព្រម​ពេល​ជា​មួយ​គ្នា​ ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា​​បាន​អំពាវ​នាវ​នៅ​ក្នុង​សេចក្តីណែនាំ​របស់​ខ្លួន​​ សំណូមពរឲ្យ​អ្នកលក់​ដូរ​គ្រឿង​ស្រវឹង​ទាំង​ឡាយ​ត្រូវ​ផ្អាក​សកម្មភាព​របស់​ខ្លួន​នៅ​ថ្ងៃ​នោះ​ផង​ដែរ។

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា សេចក្តី​ណែនាំ​​សុំផ្អាក​លក់​ និង​ពិសារ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​មុន​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​នោះ​ គឺ​ដើម្បី​ទប់ស្កាត់​អំពើហិង្សា ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ​ គ្រោះ​ថ្នាក់​ចរាចរណ៍ គ្រោះ​ថ្នាក់​សង្គម និង​បាតុភាព​នានា​ដែល​បណ្តាល​មក​ពី​​ការ​ពិសារ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។ ដើម្បី​អោយ​សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​២៦​ឧសភា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​នោះ លោក​នាយក​រដ្ឋមន្ត្រី ​បាន​អំពាវ​នាវ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ ​អនុវត្ត​សេចក្តី​ណែនាំ​នេះ ដោយ​ចុះ​ផ្សព្វផ្សាយ​និង​អប់រំ​ណែនាំ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​​អង្គការនិកហ្វិក បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា សេចក្តីណែនាំ​ឲ្យ​ផ្អាក​​លក់​​​និង​ពិសារ​គ្រឿង​ស្រវឹងនៅ​ថ្ងៃ​ស​​និង​ថ្ងៃ​បោះឆ្នោត​ គឺ​ជា​​គោលការណ៍​សកល ដែល​ត្រូវ​បាន​អនុវត្ត​ទូទៅ​លើ​ពិភពលោក​​។ បើ​តាម​លោក សំ គន្ធាមី គោលការណ៍​នេះ ធ្វើ​ឡើង​​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។

សូម​បញ្ជាក់​ថា ប្រជាពល​រដ្ឋ​ខ្មែរ​ជាង​៧​លាន៨សែន​នាក់ ​នឹងត្រូវ​​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​​នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ខាងមុខ​នេះ។ ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​ចំនួន​១២​​ចូល​រួម​ប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​​យក​អាសនៈ​ក្រុម​ប្រឹក្សា ​ក្នុង​ឃុំសង្កាត់​ចំនួន​១ពាន់​៦៤៦៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ