ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
កម្ពុជា

នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស មក​កម្ពុជា​និយាយ​រឿង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​បច្ចេកទេស

media  
លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង លោក​ស្រី​ សេក្ខ ហាស៊ីណា (Sheikh Hasina) ​នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស @Samdech Hun Sen, Cambodian Prime Minister

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ​២​ថ្ងៃ​ របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បង់ក្លាដេស នៅ​កម្ពុជា ភាគី​ទាំង ២​សម្រេច​បាន​នូវ​ការ​ចុះ​ហត្ថលេខា​លើ​បញ្ជី​ឯកសារ ចំនួន ១១ ដែល​ក្នុង​នោះ​ភាគ​ច្រើន គឺ​ផ្តោត​លើ​ការ​ពង្រឹង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​បច្ចេកទេស។ ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ៤​វិច្ឆិកា​នេះ​ផង​ដែរ លោក​ស្រី​នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស ក៏​បាន​​ថ្លែង​សរសើរ​ថា កម្ពុជា គឺ​ជា​មិត្ត​ជិត​ខាង​ដ៏​ជិត​ស្និទ្ធ ហើយ​មាន​ទស្សនៈ​រួម​គ្នា​កសាង​សន្តិភាព​នៅ​ក្នុង​តំបន់ និង​ពិភព​លោក។

​ឯកសារ​ចំនួន ១១ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស លោក​ស្រី​ សេក្ខ ហាស៊ីណា (Sheikh Hasina) មក​កម្ពុជា​នោះ រួម​មាន​ដូច​ជា​ អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ពាក់​ព័ន្ធ​ក្នុង​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍ ដោយ​ចីរភាព​រហូត​ដល់​ឆ្នាំ​២០៣០។ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍។ អនុស្សារៈ​ការ​យោគ​យល់​គ្នា ស្តីពី​ម៉ូឌែល​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​ចំណុះ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​ចម្រុះ។ កិច្ច​សហប្រតិបត្តិការ​ស្ថាប័ន​លើ​កិច្ច​ការ​ពាក់​ព័ន្ធ​នឹង​ការ​ជំរុញ​វិនិយោគ​រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​អាជ្ញាធរ​អភិវឌ្ឍន៍​ការ​វិនិយោគ​បង់ក្លាដេស និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​ជា​ដើម។

ក្រៅ​ពី​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទាំង ១១​នេះ​ហើយ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ បាន​សន្យា​ថា ​នឹង​ប្រឹង​ប្រែង​ជួយ​ឲ្យ​បង់ក្លាដែស​ក្លាយ​ជា​ដៃ​គូ​ពិភាក្សា​ជាមួយ​ប្រទេស​ឥណ្ឌា។ ក្រៅ​ពី​នោះ​ លោក​ហ៊ុន សែន ក៏​ដាក់​ក្តី​រំពឹង​ថា បង់ក្លាដែស និង​ភូមា​ នឹង​រក​ឃើញ​រូបមន្ត​មួយ ដើម្បី​ឲ្យ​ប្រជាជន​អាច​ធ្វើ​មាតុភូមិ​និវត្តន៍។

លោក​នាយក​រដ្ឋមន្រ្តី គូស​បញ្ជាក់​ទៀត​ថា កម្ពុជា នឹង​បង្កើន​ទំនាក់​ទំនង ព្រម​ទាំង​បន្ត​សហការ​គ្នា​ជាមួយ​គ្នា ប្រទេស​បង់ក្លាដែស ជា​បន្ត​ទៀត ដើម្បី​ជា​ផ្នែក​មួយ​ជម្រុញ​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​គ្នា។

ចំណែក​ខាង​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស​វិញ លោក​ស្រី​ក៏​បាន​ថ្លែង​សរសើរ​ពី​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង ២ ដោយ​បញ្ជាក់​ថា កម្ពុជា គឺ​ជា​មិត្ត​ជិត​ខាង​ដ៏​ជិត​ស្និទ្ធ ហើយ​មាន​ទស្សនៈ​រួម​គ្នា​កសាង​សន្តិភាព​នៅ​ក្នុង​តំបន់ និង​ពិភព​លោក ទោះ​បី​ជា​ប្រទេស​ទាំង​២ ធ្លាប់​ហែរ​ឆ្លង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ដូច​គ្នា​ក៏​ដោយ។ លើស​ពី​នោះ លោក​ស្រី បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី​១​ នៅ​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដែស​នៅ​ឆ្នាំ​ក្រោយ។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​បង់ក្លាដេស ក៏​នឹង​ដាក់​ព្រះ​នាម ព្រះ​បរមរតនកោដ្ឋ សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​លើ​វិថី​ដ៏​ល្បី​មួយ​នៅ​ទី​ក្រុង​ដាកា ប្រទេស​បង់ក្លាដែស។

ក្រៅ​ពី​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា-បង់ក្លាដែស បាន​ព្រម​ព្រៀង​យក​ផ្លូវ​ចំនួន​ពីរ ដែល​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា និង​ផ្លូវ​ក្នុង​រដ្ឋធានី​បង់ក្លាដែស ដាក់​ព្រះ​នាម«បិតាជាតិ» រវាង​ប្រទេស​ទាំង​ពីរ ទៅ​វិញ​ទៅ​មក។ បើ​តាម លោក​នាយក​រដ្ឋមន្រ្តី កម្ពុជា នឹង​យក​ផ្លូវ​មួយ​ដាក់​ឈ្មោះ​«Sheikh Mujibur Rahman» ដែល​ជា​បិតា​ឯករាជ្យ​របស់​ប្រទេស​បង់​ក្លា​ដែ​ស​ ។ ចំណែក​បង់​ក្លា​ដែ​ស​វិញ ក៏​នឹង​យក​ផ្លូវ​ដ៏​ល្បី​មួយ​ក្នុង​រដ្ឋធានី​ដា​កា ដាក់​ព្រះនាម​«​សម្ដេច​នរោត្តម សីហនុ​»​ផងដែរ ដើម្បី​ជា​និមិត្ត​រូប នៃ​ការ​រំឮក​ពី​សាមគ្គីភាព​របស់​ប្រទេស​ទាំង​ពីរ។​

សូម​បញ្ជាក់​ថា លោក​ស្រី សេក្ខ ហាស៊ីណា បាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់ មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី ៣​ធ្នូ​ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ២​ថ្ងៃ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ជំនួប​ជាមួយ​មេ​ដឹក​នាំ​កម្ពុជា​សំខាន់ៗ​ ការ​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ខ្មែរ ពិធី​ដាក់​កម្រង​ផ្កា​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហាវីរ​ក្សត្រ​ព្រះ​បរមរតនកោដ្ឋ រួម​នឹង​ការ​ទស្សនា​តាម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នានា នៅ​ទីក្រុង​ភ្នំពេញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ