អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ប្រព័ន្ធ​ធនាគារ​ជួយ​លុប​បំបាត់​អំពើ​ពុក​រលួយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​គឺ​ជា​បេសកកម្ម​ចាំ​បាច់​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​សង្គម​ឲ្យ​លឿន​ទៅ​មុខ​ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បាន​ឆាប់​។ ​ប៉ុន្តែ​ អំពើ​ពុករលួយ​ដែល​គេ​ចាត់​ទុក​ជា​ដំបៅ​មហារីក​សង្គម​ដ៏​ចំណាស់​នោះ​ហាក់​ដូច​ជា​ពិបាក​ព្យបា​ល​ណាស់​។ ​ពិបាក​ដោយហេតុ​ថា ​ការ​សូក​ប៉ាន់​ហាក់​បាន​ដក់​ជាប់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់​គំនិត​ពលរដ្ឋ​ខ្មែរ​ក្រោម​ការ​បិទបាំ​ង​ដោយ​ពាក្យ​ថា«​សគុណ»​។ ប៉ុន្តែ​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ធនាគារ​អាច​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ក្នុង​សេវា​សាធារណៈ​បាន​។​

ទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដា
ទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដា ©Navin/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា​ ការ​សូក​និង​ការ​ទទួល​សំណូក​ហាក់​បាន​ក្លាយជា​ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ទៅ​ហើយ​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ។​ បើ​ទោះបី​ជា​រដ្ឋាភិ​បាល​ខំ​កំណត់​តម្លៃ​សេវា​និង​បាន​បិទ​ផ្សាយ​តម្លៃ​ទាំង​នោះ​ជា​ចំហ​ក្តី​ ក៏​គេ​នៅតែ​មិន​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​សេវាសាធារណៈ​បានដែរ។

ជា​ការ​ពិត​ វិធី​រក​លុយ​របស់​មន្ត្រី​សាធារណៈ​មាន​រាប់​រយ​ជំពូក​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ប្រើប្រាស់​សេវា​របស់​ខ្លួន​ធ្លាក់​លុយ។​ ចំណែកឯ​អ្នក​ប្រើ​សេវា​កម្ម​រដ្ឋ​វិញ​ក៏មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​ពុក​រលួយ​ដែរ​ពី​ព្រោះ​តែ​ពួក​គេ​មួយ​ចំនួន​ច្រើន​តែ​ប្រើ​ការ​សូក​ប៉ាន់​ដើម្បី​សម្រួល​កិច្ចការ​របស់​ខ្លួន​ក្រោម​រូបភាព​ជូន​សគុណ។​ វា​ជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​ខ្មែរ​តែង​តែ​ដឹង​គុណ​ចំពោះ​អ្នក​ណា​ដែល​បាន​ជួយ​សម្រួល​កិច្ចការ​របស់ខ្លួន។​ ជា​ទម្លាប់​ លុយ​កាក់​ឬ​អំណោយ​ផ្សេងៗ​តែង​ត្រូវ​បាន​ផ្តល់​ជូន​ដើម្បី​សម្តែង​ការ​ដឹង​គុណ។

ប៉ុន្តែ​ គួរ​ឲ្យ​សោកស្តាយ ​ក្នុង​ករណី​ជា​ច្រើន​ គុណធម៌​នៃ​ពាក្យ​ថាស​គុណ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បិទ​បាំង​អំពើ​សូក​ប៉ាន់​ឬ​អំពើ​ពុករលួយ​ទៅវិញ។ ​ជាក់ស្តែង​ នៅ​ពេល​ដែល​ពលរដ្ឋ​ទៅ​ពឹង​ពាក់​មន្ត្រី​អាជ្ញាធរ​ដើម្បី​ធ្វើ​ឯកសារ​ផ្លូវ​ច្បាប់​ផ្សេងៗ ​ពួក​គេ​តែង​ឲ្យ​លុយ​ទៅ​មន្ត្រី​ទាំង​នោះ​ក្រោម​រូបភាព​«ជូន​សគុណ»​។ ​ទម្លាប់​ដែល​នៅ​តែ​ធំ​ជាង​ច្បាប់​នេះ​កើត​មាន​គ្រប់​ទិស​ទី​ដែល​ពិបាក​លុប​បំបាត់​ជា​ពិសេស​វា​កើត​ចេញពី​អ្នក​មាន​ដែល​ចូល​ចិត្ត​ប្រើ​លុយ​ដើម្បី​សម្រួល​ការងារ​។

ចាប់​តាំង​ពី​សង្គម​ស៊ីវិល​ធ្វើ​សកម្ម​ភាព​និង​ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាត់​វិធានការ​មក​ ភ្នាក់ងារ​ពន្ធដារ​មិន​ហ៊ាន​ចេញ​មុខ​ទារ​លុយ​ដោយ​ចំហ​ពី​ម្ចាស់​យាន​យន្ត​ដូច​កាល​ពីមុន​ទៀត​ឡើយ។​ ប៉ុន្តែ ​ពួកគេ​បាន​ប្រើ​វិធី​ទារ​សំណូក​ដោយ​ប្រយោល​វិញ​ម្តង​តាមរយៈ​ការ​បំពេញ​បែប​បទ​ប្រកាស​បង់​ពន្ធ​ជូន​អតិ​ថិជន។ ​ងាក​ទៅ​មើល​ម្ចាស់​យាន​យន្ត​ជា​ទូទៅ​វិញ ទោះ​បីជា​ភ្នាក់​ងារ​ពន្ធដារ​មិនបាន​ទារលុយ​ក៏ដោយ​ ក៏​ពួក​គេ​នៅ​តែ​បង់​លុយ​ក្រៅ​ផ្លូវការ​ទៅ​ឲ្យ​ភ្នាក់ងារ​ពន្ធដារ​ស្ទើរ​តែ​គ្រប់​គ្នា​ដើម្បី​ទុក​ជា​ការ​ជូន​សគុណ​ឬក៏​អ្នកខ្លះ​បង់​ដោយ​ការ​ទើសទ័ល​ក្រែង​ចិត្ត​មន្ត្រី​ពន្ធដារ។

នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​តូច​មួយ​ដែល​រំលេច​អំពី​ផ្នត់​គំនិត​សូក​ប៉ាន់​ដែល​ដិត​ដាម​ក្នុង​អារម្មណ៍​មនុស្ស​ជាទូទៅ ​។ ​តាម​ការ​ពិត​ នេះ​គ្រាន់​តែ​ជា​សេវាកម្ម​ដែល​មន្ត្រី​សាធារណៈ​ត្រូវ​បម្រើ​ប្រជា​ពលរដ្ឋ​ក្នុង​ឋានៈ​ជា​អ្នក​ទទួល​ប្រាក់​ខែ​ពីរ​ដ្ឋ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ ​នៅ​កម្ពុជា អ្នក​ប្រើប្រាស់​សេវា​កម្ម​សាធារណៈ​ច្រើន​តែ​គិតថា​ ខ្លួន​បាន​ពឹង​ពាក់​គេ​ដែល​ត្រូវ​ជូន​សគុណ​តប​វិញ​ជា​ចាំបាច់។

សគុណ​អាច​មាន​ជា​លុយ​កាក់​ឬ​ទ្រព្យ​សម្ភារៈ​មាន​តម្លៃ​ផ្សេងៗ​ទៅ​តាម​លទ្ធ​ភាព​ និង​ទំហំ​នៃ​សេវាកម្ម​ ដូច​ពាក្យ​ចាស់​បុរាណ​ថា«​ តូច​ស៊ី​តាម​តូច​ ធំ​ស៊ី​តាម​ធំ»។​ ផ្នត់​គំនិត​បែប​នេះ​ឯង​ដែល​គេ​ពិបាក​លុប​បំបាត់​ពោល​គឺ​មាន​ករណី​ជាច្រើន​ណាស់​ដែល​អ្នក​សូក​និង​អ្នក​ស៊ីសំណូក​ត្រូវ​រូ​វ​គ្នា​ដោយ​ងាយ​ក្នុងការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ​ទម្លាប់​នៃ​ការ​សូក​ប៉ាន់​នេះ​ទៀត​សោត​ហាក់​បាន​ដិត​ដាម​យ៉ាង​ជ្រៅ​ក្នុង​ផ្នត់​គំនិត​ពលរដ្ឋ​ខ្មែរ​ដែល​ស្ទើរ​តែ​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ។ ប្រពៃណី​នេះហើយ​ដែល​ជា​ឬ​សគល់​នៃ​អំពើ​ពុក​រលួយ​ក្នុង​សង្គម​កម្ពុជា។

យ៉ាង​ណា​ក៏ដោយ​ វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​អាចជួយ​លុបបំបាត់​អំពើពុករលួយ​ក្នុង​រដ្ឋបាល​សាធារណៈ​គឺ​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ។ ជាក់ស្តែង សម្រាប់​ការបង់ពន្ធ​យានយន្ត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នក​ដែល​បង់ពន្ធ​តាម​ធនាគារ​មិនបាន​ចំណាយលុយ​ក្រៅ​សម្រាប់​សេវាកម្ម​ឬ​សគុណ​ដល់​បុគ្គលិក​ធានា​គារ​ទេ។ តើ​ហេតុអ្វី​បានជា​បុគ្គលិក​ធនាគារ​ដែល​បម្រើ​សេវា​បានល្អ​ជាង​ភ្នាក់ងាររដ្ឋ​ទៅទៀត​នោះ​មិនបាន​ទារលុយ​ពី​អតិថិជន? រីឯ​អតិថិជន​ក៏​មិន​ហ៊ាន​ដក​លុយ​សូក​បុគ្គលិក​ឬ​មន្ត្រី​ធនាគារ​ដែរ? នេះ​ជា​អ្វីដែល​អ្នកគ្រប់គ្រង​រដ្ឋ​បាល​សាធារណៈ​ទាំងឡាយ​ត្រូវ​ពិចារណា។

ប្រាក់ខែ​តិច​អាចជា​ហេតុផល​មួយ ប៉ុន្តែ វា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ពន្យល់​ពី​អំពើពុករលួយ​ទេ។ ប្រព័ន្ធគ្រប់គ្រង​និង​សីលធម៌​គឺជា​រឿង​សំខាន់​មួយទៀត។ ដូច្នេះ ដើម្បី​លុបបំបាត់​អំពើពុករលួយ  វិធានការ​ផ្លូវច្បាប់​តែមួយ​មិន​គ្រប់គ្រាន់​ទេ តែ​គេ​គួរផ្តោត​លើ​ការគ្រប់គ្រង ប្រាក់ខែ​និង​សីលធម៌​ផងដែរ។ ម្យ៉ាងទៀត ការកាត់បន្ថយ​ជំនួប​រវាង​អ្នក​បង់ប្រាក់​និង​អ្នកទទួល​ប្រាក់ តាមរយៈ​ប្រព័ន្ធ​ធនាគារ​គឺជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុងការ​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​រដ្ឋបាល​សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ