ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

នារី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​ដោះ​ និង​ស្បូន បើ​មិន​បំបៅ​កូន​ដោយ​ទឹកដោះ​!

នារី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​ដោះ​ និង​ស្បូន បើ​មិន​បំបៅ​កូន​ដោយ​ទឹកដោះ​!
 
នារីអាចប្រឈមនឹងជំងឺមហារីកដោះ និងស្បូន បើមិនបំបៅកូនដោយទឹកដោះ! @Helen Keller International

ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ គឺ​មាន​ភាព​ចាំបាច់​ណាស់​ចំពោះ​ដំណើរ​វិវត្ត​ពេញមួយ​ជីវិត​របស់​កូន ហើយ​ចំពោះម្តាយ​ផ្ទាល់​ ក៏​មាន​សារៈ​សំខាន់​ណាស់​ដែរ។ ចំពោះ​អត្ថប្រយោជន៍​ដល់​កូន គឺ​ធ្វើ​ឲ្យ​ក្មេង​រឹងមាំ ឆ្លាត​វៃ និង​អាច​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ។​​ ដោយ​ឡែក បើ​ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ គឺ​អាច​ជួយ​ស្រ្តី​នោះ​ ឲ្យ​ជៀស​ពី​ជំងឺ​មហារីក​ដោះ និង​មហារីក​ស្បូន។ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​នេះក្តី ​គេ​សង្កេត​ឃើញ​ថា នារីខ្មែរ​ជំនាន់​ថ្មី បែរ​មក​និយម​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ ជំនួស​ទឹក​ដោះ​ម្តាយ​ទៅ​វិញ​។ តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

មាន​មូលហេតុ​ច្រើន​យ៉ាង​ ដែល​គេ​អាច​ពន្យល់​ពី​ការ​ងាក​ទៅ​បំបៅ​កូន ​ដោយ​ទឹក​ដោះ​គោ របស់​នារីខ្មែរ​ជំនាន់​ថ្មី។​ ទី​១ គឺ​ដោយ​សារ​តែ​តម្រូវ​ការ​ជីវភាព​ប្រចាំថ្ងៃ​តែម្តង ដែល​ធ្វើ​ឲ្យ​មាតា​ខ្មែរ​ជាន់​ថ្មី មាន​ភាព​រវល់​ មមាញឹក​នឹង​ការងារ ឬការ​រក​ស៊ី​ចិញ្ចឹមជីវិត​ ច្រើន​ជាង​មុន។

ម្យ៉ាង​ទៀត គឺ​ដោយ​សារ​តែ​សង្គម​កាន់​ស៊ីវិល័យ​ មាតា​វ័យ​ក្មេង​ ចង់​នៅ​រក្សា​ដើមទ្រូង និង​រាង​រៅ​ឲ្យ​នៅ​ស្អាត​ល្អ។ គឺ​មិន​ចង់​ឲ្យ​សុដន់​របស់​ពួក​គេ​ ខូច​ទ្រង់​ទ្រាយ ដោយ​សារ​តែ​ការ​បំបៅ​ដោះ​កូន​នោះទេ។

ថែម​ពី​នេះ ម្តាយ​វ័យ​ក្មេង​មួយ​ចំនួន​ គឺ​មិន​សូវ​​បាន​រៀន​ពី​វិធី​បំបៅ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះឡើយ​​។ លើស​ពី​នេះ ពួក​គេ​ខ្លាច​ ឲ្យ​កូន​បៅ​ដោះ​ទៅ គឺ​ធ្វើ​ឲ្យ​សុដន់​ឈឺ ក្រហាយ ឬ​ដាច់​រលាត់​ ឬក៏​ខ្លាច​រសើប និង​ស្រគា ដោយ​សារ​កូន​ខាំ​ជា​ដើម។

មូល​ហេតុ ចម្បង​ទី២ គឺ​អាច​ដោយ​សារ​តែ​មាតា​សម័យ​ថ្មី មិន​យល់​ច្បាស់ ឬ​មិន​ដឹង​គ្រប់​ជ្រុងជ្រោយ​ ពី​អត្ថប្រយោជន៍​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​ម្តង​។

ហេតុ​ផល​ទី​៣ គឺ​អាច​មក​ពី​ការ​ផ្សព្វផ្សាយ​ដ៏​សម្បូរ​បែប​របស់​ក្រុម​ហ៊ុន​លក់​ម្សៅ​ទឹក​ដោះ​គោ​ ដែល​មាន​ក្រុមហ៊ុន​ខ្លះ ឃោសនា​បំផ្លើស ឬក៏​អួត​ជ្រុល​ហួស​ហេតុ​​។ ការ​ឃោសនាពាណិជ្ជកម្ម​លក់​ម្សៅ​ទឹក​ដោះគោ​ទាំងនោះ ត្រូវ​មន្ត្រី​សុខាភិបាល​មួយ​ចំនួន​ បាន​កត់​សម្គាល់ថា ជាការ​ហួស​ពី​ការ​ពិត! ឧទាហរណ៍ ​ដូចជា​ថា ម្សៅ​ទឹក​ដោះ​គោ​របស់​ពួកគេ គឺល្អ​ និង​មាន​ជីវជាតិ​ចិញ្ចឹម​ដូច​ទឹក​ដោះម្តាយ​ដែរ។ នេះ​ជា​ការ​បំផ្លើស​ទាំង​ស្រុង ព្រោះ​ថា រហូត​មកទល់​នឹង​ពេល​នេះ គ្មាន​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ណាមួយ ដែល​ហ៊ាន​អះអាង​ថា ម្សៅ​ទឹក​ដោះ​គោ​ ល្អ​ជាង​ ឬ​ល្អ​ប្រហាក់​ប្រហែល​នឹង​ទឹក​ដោះ​ម្តាយ​នោះ​ឡើយ​។

ចំពោះ​ការ​ឃោសនា​នេះ​ទៀត​សោត ក្រុមហ៊ុន​លក់​ម្សៅ​ទឹក​ដោះ​គោ​ខ្លះ បាន​ទៅ​ទាក់​ទង​មន្ទីរ​ពេទ្យ ឬ​ខាង​សម្ភព​ឯកជន​ ឲ្យ​ជួយ​លក់​ផលិត​ផល​ទឹក​ដោះ​គោ​របស់​ខ្លួន​។ ដោយ​សង្ឃឹម​ទៅ​លើ​កម្រៃ​ ដែល​បាន​ពី​ការ​លក់​ទំនិញ​​ទាំង​នោះ គ្រូពេទ្យ​ខ្លះ ហ៊ាន​ដល់​ទៅ​រំលោភ​វិជ្ជាជីវៈ ដោយ​បាន​ជំរុញ​ ឬ​ណែនាំ​ឲ្យ​ស្ត្រី​ជា​ម្តាយ ប្រើប្រាស់​ផលិត​ផល​ទាំង​នោះ​សម្រាប់​កូន​របស់​ពួក​គេ​។​

ដូច្នេះ​ មាតា​ខ្មែរ​សព្វ​ថ្ងៃ​នេះ គួរ​តែ​យល់​បាន​ច្បាស់​ថា ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះគោ ថា​តើ​វា​អាច​ជះ​ឥទ្ធិពល​អ្វីខ្លះ?​

បើ​តាម​ការ​សិក្សា​ថ្មី​មួយ​ ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល អង្គការ ​UNICEF ព្រម​ទាំង​អង្គការ​ Helen Keller អន្តរជាតិ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​សិប្បនិម្មិត ឬ​ម្សៅទឹក​ដោះគោ គឺ​វា​អាច​នឹង​បង្ក​ឲ្យ​កូន​ក្មេង​​មាន​ជំងឺ​រលាក​ស្រោម​ខួរ រលាក​ផ្លូវ​ដង្ហើម រលាក​ត្រចៀក​ផ្នែក​កណ្តាល​ ​អាច​រលាក​ក្រពះ និង​ពោះ​វៀន​ផង​ ហើយ​អាច​ប្រកាច់​ដោយសារ​ខ្វះ​កាល់ស្យូម ព្រម​ទាំង​កូន​ៗ​ងាយ​នឹង​ឆ្លង​បាក់តេរី​ផ្សេងៗ។ល។

ជា​ការ​កត់​សម្គាល់ កុមារ​ដែល​បៅ​ទឹក​ដោះគោ គឺ​​ឆាប់​ធំធាត់ពិត​មែន តែ​ក៏​ងាយ​នឹង​រង​ជំងឺ​ផ្សេងៗ​ផងដែរ ដែល​នេះ ខុស​ប្លែក​ឆ្ងាយ​ពី​កុមារ​ដែល​បៅទឹកដោះម្តាយ​។
លើស​ពី​នេះ មាតា​មួយ​ចំនួន​ដែល​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​របស់​ខ្លួន តែ​ងតែ​អះ​អាង​ថា កូន​ៗ​របស់​គាត់​ មាន​ភាព​ចាស់ទុំផ្នែក​ចិត្ត​គំនិត និង​ស្មារតី​ល្អ​ ច្រើន​ជាង​​កូន​ដែល​បៅ​ទឹក​ដោះ​គោ ដែល​ពេល​ខ្លះ កូន​បៅ​ទឹក​ដោះគោ ងាយ​ឆាប់​ឆេវឆាវ ឬ​ពេល​ខ្លះ ទៅ ជា​ទុយមុយទក់មក់ រុយ​ទំ​មិន​បក់​ទៅវិញ ក៏​មាន​ដែរ។​

និយាយ​ជារួម ពលរដ្ឋ​ទូទៅ គួរ​យល់​ថា​ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ គឺ​ថា​វា​មាន​ភាព​ចាំបាច់​ណាស់​ចំពោះ​ដំណើរ​វិវត្ត​ពេញ​មួយ​ជីវិត​របស់​កូន ហើយ​ក៏​មាន​សារសំខាន់​ណាស់​ដែរ ចំពោះ​ម្តាយ​ផ្ទាល់​។ ពោល​គឺ​ធ្វើ​ឲ្យ​បុត្រ​ធីតា​ គេច​ផុត​ពី​ការ​ស្លាប់​ដោយ​រាគរូស និង​ជំងឺ​រលាក​សួត ព្រម​ទាំង​ធ្វើ​ឲ្យ​ពួកគេ មាន​ភាព​រឹងមាំ ​វៃឆ្លាត និង​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​ទៀត ដូច​ដែល​បាន​រៀប​រាប់​មុន​នេះ​ស្រាប់​។

គួរ​គូស​បញ្ជាក់​តាម​ការ​សិក្សា​ខាង​លើ​ថា ទារក​ដែល​បាន​បៅ​ដោះ​ម្តាយ​ តែ​មួយ​មុខ​គត់​ រហូត​ដល់​អាយុ​ ៦ខែ គឺ​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​រាគរូស ចំនួន ​១១ដង និង​កាត់​បន្ថយ​អត្រា​ស្លាប់​ ដោយ​សារ​ជំងឺ​រលាក​សួត​ ចំនួន​ ១៥​ដង។ ការ​សិក្សា​ បញ្ជាក់​ដែរ​ថា កម្ពុជា​ខាត​បង់​ប្រាក់​ចំនួន​ ២៤​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ ​ដោយ​សារ​តែ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ មិន​បាន​ពេញ​លេញ។

ចំណែក​អត្ថប្រយោជន៍​សម្រាប់​ម្តាយ​វិញ បើ​តាម​មន្ត្រី​របស់​ក្រសួង​សុខាភិបាល​ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ គឺ​ជួយ​ម្តាយ​ឲ្យ​ជៀស​ផុត​ពី​ការ​កើត​ជំងឺ​មហារីក​ដោះ និង​ជំងឺ​មហារីក​ដៃ​ស្បូន។​

មិន​តែ​ប៉ុណ្ណោះ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ គឺ​ធ្វើ​ឲ្យ​កូន​ទទួល​ភាព​កក់​ក្តៅ​ពី​ម្តាយ​ និង​អាច​កាន់​តែ​បង្កើន​ក្តី​ស្រឡាញ់​រវាង​ម្តាយ​ និង​កូន​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​៕​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង

    អង្គការ​សុខភាព​ពិភពលោក៖ សាច់សត្វ​នឹង​បង្ក​ឲ្យ​កើត​មាន​ជម្ងឺមហារីក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ