អានតួអត្ថបទ
កម្ពុជា

លោក​វេជ្ជបណ្ឌិត Beat Richner ប្រកាស​លា​លែង​ពី​តំណែង​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ប្រកាស​លា​លែង​ពី​តំណែង តាម​រយៈ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ចុះ​ថ្ងៃ​ទី ២៨​មីនា។មូល​ហេតុ​ដែល​ប្រកាស​លា​ឈប់​នេះ ដោយ​សារ​លោក​វេជ្ជបណ្ឌិត Beat Richner កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ស្វីស។ លោកBeat Richner នឹង​ប្រគល់​តំណែង​តួនាទី​ទៅ​ឲ្យ​លោក​វេជ្ជបណ្ឌិត Peter Studer ដែល​ជា​អនុប្រធាន​មន្ទីរពេទ្យ​នា​ពេល​បច្ចុប្បន្ន។ បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​បុគ្គលិក​កំពុង​បំរើ​ការងារ​ចំនួន​ពីរ​ពាន់​ប្រាំ​រយ​នាក់។ ទោះ​ជា​ស្ថាបនិក​រូប​នេះ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​យ៉ាង​ណា​ក៏​ដោយ​លោកBeat Richner នៅ​តែ​អះអាង​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​គ្រប់​សាខា​ទាំង​នៅ​ភ្នំពេញ​ និង​សៀមរាប​នៅ​តែ​ដំណើរការ​ធម្មតា។ ឆ្លៀត​ពេល​នេះ​អេង គីមហុង សូម​រម្លឹក​ពី​ប្រវត្តិ​ខ្លះៗ​នៃ​ការ​កកើត​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោកBeat Richner ដូច​ត​ទៅ!

លោក Beat Richner ប្រកាស​​លា​​លែង​​ពី​​តំណែង​​បន្ទាប់​​ពី​​ធ្លាក់​​ខ្លួន​​ឈឺ​​ធ្ងន់។
លោក Beat Richner ប្រកាស​​លា​​លែង​​ពី​​តំណែង​​បន្ទាប់​​ពី​​ធ្លាក់​​ខ្លួន​​ឈឺ​​ធ្ងន់។ @Google
ផ្សាយពាណិជ្ជកម្ម

លោក​វេជ្ជបណ្ឌិត Beat Richner មាន​វ័យ ៧០​ឆ្នាំ​គឺ​ជា​ជន​ជាតិ​ស្វីស។ ដំបូង​ឡើយ លោក Beat Richner បាន​ធ្វើ​ការ​អោយកាកបាទក្រហម​ប្រទេស​ស្វីស។ តែ​ក្រោយ មក​លោក​ត្រូវ​បាន​បញ្ជូន​មក​ធ្វើការ​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ​ ១៩៧៤​ដល់​ឆ្នាំ​ ១៩៧៥។ តែ​លោក​ត្រូវ​បង្ខំ​ចេញ​ទៅ​ប្រទេស​កំណើត​វិញ នៅ​ពេល​ដែលខ្មែរ​ក្រហមបាន​ចូល​មក​កាន់​កាប់​ប្រទេស​កម្ពុជា ។ ហើយ​នៅ​ក្នុង ១៩៩១ លោក Beat Richner បាន​ត្រឡប់​មក​កម្ពុជា និង​សុំ​ឲ្យ​រដ្ឋាភិបាល​សាង​សង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើង​វិញ បន្ទាប់​ពី​មន្ទីរពេទ្យ​មួយ​នេះ​រង​ការ​បំផ្លិច​បំផ្លាញ។

មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ពលរដ្ឋ​និយម​ហៅ​ជា​ទូទៅ​ថា ពេទ្យ​ទេវតា​ដែល​ព្យាបាល​កុមារ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ឥត​ថ្លៃ​នោះ​ គិត​រហូត​មក​ដល់​ពេល​នេះ មាន​អាយុកាល​ ២៥​ឆ្នាំ​ហើយ បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ ១៩៩២។ មួយ​ផ្នែក​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ក្នុង​មួយ​ថ្ងៃ​ចំណាយ ១២​ម៉ឺន​ដុល្លារ​នោះ​លោក​វេជ្ជបណ្ឌិត Beat Richner បាន​សម្ដែង​សិល្បៈ​តាម​រយៈ​ការ​លេង​សូរឡូ​ ឬ​កូដ​វីយូឡុង ដើម្បី​ប្រមែ​ប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ឆា។

ក្រៅ​ពី​នេះ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា រដ្ឋាភិបាល​ស្វីស​បាន​ផ្ដល់​ជំនួយ ៤​លាន​ដុល្លារ​នៅ​រៀង​រាល់​ឆ្នាំ។ រដ្ឋាភិបាល​កម្ពុជា​ជិត ១០​លាន​ដុល្លារ​នៅ​រៀង​រាល់​ឆ្នាំ។ ដោយ​ក្នុង​នោះ​នៅ​ឆ្នាំ ២០១៥ រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកា​វិភាគ​ទាន​ជា​សាច់​ប្រាក់​ចំនួន ២​លាន​ដុល្លារ​អាមេរិក។ ហើយ​ឆ្នាំ ២០១៦​រដ្ឋាភិបាល​បង្កើន​ថវិកា​វិភាគ​ទាន​ជា​សាច់​ប្រាក់​រហូត​ដល់ ៦​លាន​ដុល្លារ​ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា។ បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ប្រាំ​ទី​តាំង​ភ្នំពេញ ៤​ទី​តាំង និង​សៀមរាម ១​ទី​តាំង។  

សូម​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ ២០១៦ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ចំណាយ​ថវិកា​អស់​ជាង ៥០០​លាន​ដុល្លារ​ក្នុង​ការ​ព្យាបាល​កុមារ។ ហើយ ២៤​ឆ្នាំ​មក​នេះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ព្យាបាល​កុមារ​ចំនួន 16​លាន​នាក់​។ ក្នុង​នោះ 1.6​លាន​នាក់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ។ក្នុង​មួយ​ខែៗ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ភ្នំពេញ និង​នៅ​សៀមរាប បាន​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ជា​កុមារ​ជាង​ ៨​ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ