ហេតុអ្វី «ផ្លូវកាន់តែល្អ ចរិកបើកបរនៅដដែល!»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៧
«ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» គឺជាពាក្យស្លោក ដែលសំដៅដល់ការឃោសនាឲ្យគ្រប់គ្នាគោរពច្បាប់ចរាចរណ៍។ ក៏ប៉ុន្តែជាក់ស្តែង ទោះជាមានយុទ្ធនាការ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងណាក៏ដោយ ក៏គ្រោះថ្នាក់ចរាចរាចណ៍នៅតែបន្តកើតមាននៅក្នុងកំរិតមួយគួរឲ្យព្រួយបារម្ភដដែល។
ជាការពិត គ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៨ បានសម្លាប់មនុស្សប្រមាណជិត២ពាន់នាក់។ ចំនួននេះមានការធ្លាក់ចុះបន្តិចធៀបនឹងឆ្នាំ២០១៧ តែវាជាតួលេខខ្ពស់នៃការស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដដែល។ ចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ត្រូវគេគិតជាមធ្យមថាមាន៥នាក់ក្នុងមួយថ្ងៃ កាលពីអំឡុង១ទសវត្សមុន។ សម្រាប់បច្ចុប្បន្ន ចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺស្ថិតនៅក្នុងរង្វង់៧នាក់គិតជាមធ្យមក្នុងមួយថ្ងៃ។
ជាក់ស្តែងនៅដើមឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងជាច្រើន ចាប់តាំងពីខែមករាមក។ តាមរបាយការណ៍ប៉ូលីសចរាចរណ៍ ថ្ងៃខ្លះមានមនុស្សស្លាប់ខ្ពស់បំផុតរហូតដល់១២នាក់ ១៥នាក់ និង១៩នាក់ ជាពិសេសនៅខែកុម្ភៈនិងខែមីនា។ ទន្ទឹមគ្នានេះ ក៏មានអ្នកស្លាប់ដោយសាគ្រោះថ្នាក់ចរាចរណ៍ទាបបំផុតដែរនៅថ្ងៃខ្លះ គឺមាន១នាក់ ក៏ប៉ុន្តែស្ថានភាពនេះ មានតិចតួច ខណៈអ្នកស្លាប់ប្រចាំថ្ងៃភាគច្រើនមានពី៥ទៅ៦នាក់។
ទាំងនេះ ធ្វើឲ្យគេមើលឃើញថា ប្រទេសកម្ពុជានៅបន្តមានគម្លាតរវាងការអភិវឌ្ឍ និងការយល់ដឹងឬឥរិយាបទរបស់អ្នកប្រើប្រាស់ផ្លូវ។ ជាការកត់សម្គាល់ ល្បឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ពិតជាមានល្បឿនលឿន បើធៀបទៅនឹងការយល់ដឹងរបស់ពលរដ្ឋខ្មែរ ជុំវិញការប្រើប្រាស់ផ្លូវ និងការគោរពច្បាប់ចរាចរណ៍។ របាយការណ៍ប៉ូលីសចរាចរណ៍ប្រចាំថ្ងៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺការប្រើប្រាស់ល្បឿន និងការមិនគោរពសិទ្ធិអ្នកដទៃ មានន័យជារួមថា មិនគោរពច្បាប់ចរាចរណ៍។
កាលពីប៉ុន្មានទសវត្សមុន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅមិនទាន់មានការអភិវឌ្ឍពេញលេញ ពេលនោះអ្នកប្រើប្រាស់ផ្លូវក៏ស្ថិតក្នុងភាពប្រឈមដោយសារផ្លូវមិនល្អជាកត្តាមួយ ជាផ្នែកមួយ បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែរ។ ក៏ប៉ុន្តែនៅពេលដែលផ្លូវថ្នល់ជាច្រើន ត្រូវបានស្តារ និងកសាងបានល្អនាបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងចំណោមអ្នកប្រើប្រាស់ផ្លូវ ក៏នៅតែជាការប្រឈម។
បញ្ហានេះ ការអភិវឌ្ឍផ្លូវថ្នល់ឲ្យល្អស្អាត គឺជារឿងដ៏វិជ្ជមានមួយ ក៏ប៉ុន្តែការប្រឹងប្រែងអភិវឌ្ឍន៍ ផ្លូវ តែអ្នកប្រើប្រាស់ផ្លូវមិនមានការអភិវឌ្ឍនូវផ្នត់គំនិត និងឥរិយាបទ ក៏មិនមែនជារឿងមួយប្រកបដោយកិត្តិយស និងមោទនភាពដែរ។
ជាទូទៅ ការដែលមិនអនុវត្តច្បាប់ចរាចចរណ៍ ឲ្យបានច្បាស់លាស់ នឹងមិនអាចជួយរុញឲ្យផ្នត់គំនិត និងឥរិយាបទពលរដ្ឋខ្មែរ ដែលប្រើប្រាស់ផ្លូវមួយចំនួន ឲ្យទៅកៀកទៅនឹងល្បឿននៃការអភិវឌ្ឍ នៅក្នុងដំណាក់កាលមួយ ឆ្ពោះទៅរកភាពស៊ីវិល័យបានដែរ។ ភាពរញ៉េរញ៉ៃនៅតាមដងផ្លូវពី១ថ្ងៃទៅ១ថ្ងៃ នៅតែបន្តកើតមាន ខណៈមនុស្ស និងយានយន្តកាន់តែមានការកើនឡើង។ ការបើកបរស្ទើរគ្រប់កន្លែង ការចត ការវ៉ាជែង ការប្រើភ្លើងសញ្ញា ដែលបំពានច្បាប់ និងភាពអវិជ្ជមានជាច្រើនទៀតនៅលើទ្រូងផ្លូវ នៅតែបន្តកើតមាន។
កាយវិការមិនគោរពច្បាប់ជាច្រើនរបស់អ្នកបើកបរ ត្រូវបានមើលរំលង ហើយមួយចំនួនត្រូវបានប៉ូលីសចរាចរណ៍ចាប់ឃាត់ និងធ្វើការផាកពិន័យ។ ពេលខ្លះប៉ូលីសធ្វើការ ពេលខ្លះប៉ូលីសបណ្តោយឲ្យមានការល្មើសច្បាប់ចរាចរណ៍ ជាហេតុនាំឲ្យមានការរិះគន់ថា ម្តងចាប់ម្តងបណ្តោយ មិនមែនជាបែបផែននៃការរឹតបន្តឹងច្បាប់ចរាចរណ៍នោះទេ។ ផ្ទុយទៅវិញ មានតែធ្វើឲ្យស្ថានភាពចរាចរណ៍ស្រុកខ្មែរ នៅតែវិលវល់ ទៅមុខមិនរួច មកក្រោយមិនកើត។
ដូច្នេះមានតែការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ និងដោយតឹងតែង ទើបមានសង្ឃឹមថាករណី ចរាចរណ៍ អាចថយចុះ ការស្លាប់ និងរបួសត្រូវបានកាត់បន្ថយជាវិជ្ជមាន ហើយការយល់ដឹងរបស់អ្នកប្រើប្រាស់ផ្លូវ ក៏ពុំសូវមានគម្លាតពីការអភិវឌ្ឍផ្លូវថ្នល់ ដូចដែលកើតមានជារៀងរាល់ថ្ងៃ។
ផ្ទុយទៅវិញ បើគ្រាន់តែធ្វើការអំពាវនាវ មានតែការអប់រំ ដោយមិនមានចំណាត់ការជាក់ស្តែង និងស្មើភាពគ្នា ឬក៏អនុវត្តតែមួយឆាវៗដូចភ្លើងចំបើង អំណឹះតទៅនឹងមិនអាចកែប្រែស្ថានការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាប់អួររបស់ប្រទេសមួយនេះបានទេ។ មួយវិញទៀត មិនថាបញ្ហាចរាចរណ៍ ឬបញ្ហាផ្សេងទៀតទេ អំពើពុករលួយគឺជាឧបសគ្គដ៏ធំបំផុត ក្នុងការអនុវត្តច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ