ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​
 
ការបើកបរដោយគ្មានទំនួលខុសត្រូវ ហើយធ្វើអោយមានភាពរញ៉េរញ៉ៃក្នុងទីក្រុងភ្នំពេញ @Internet

«ថ្ងៃ​នេះ​ថ្ងៃ​ស្អែក​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍» គឺ​ជា​ពាក្យ​ស្លោក ដែល​សំដៅ​ដល់​ការ​ឃោសនា​ឲ្យ​គ្រប់​គ្នា​គោរព​ច្បាប់​ចរាចរណ៍​។ ក៏​ប៉ុន្តែ​ជាក់​ស្តែង ទោះ​ជា​មាន​យុទ្ធនា​ការ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​ណា​ក៏​ដោយ ក៏​គ្រោះ​ថ្នាក់​ចរាចរាចណ៍​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​កំរិត​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដដែល​។ 

ជា​ការ​ពិត គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៨ បាន​សម្លាប់​មនុស្ស​ប្រមាណ​ជិត​២​ពាន់​នាក់​។ ចំនួន​នេះ​មាន​ការ​ធ្លាក់​ចុះ​បន្តិច​ធៀប​នឹង​ឆ្នាំ​២០១៧ តែ​វា​ជា​តួលេខ​ខ្ពស់​នៃ​ការ​ស្លាប់​និង​របួស​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ដដែល​។ ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​គេ​គិត​ជា​មធ្យម​ថា​មាន​៥នាក់​ក្នុង​មួយ​ថ្ងៃ កាល​ពី​អំឡុង​១​ទស​វត្ស​មុន​។ សម្រាប់​បច្ចុប្បន្ន ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​៧នាក់​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​។

ជាក់​ស្តែង​នៅ​ដើម​ឆ្នាំ​២០១៩​នេះ ចំនួន​អ្នក​ស្លាប់ និង​របួស​បាន​កើន​ឡើង​ជា​ច្រើន ចាប់​តាំង​ពី​ខែ​មករា​មក​។ តាម​របាយការណ៍​ប៉ូលីស​ចរាចរណ៍ ថ្ងៃ​ខ្លះ​មាន​មនុស្ស​ស្លាប់​ខ្ពស់​បំផុត​រហូត​ដល់​១២​នាក់ ១៥​នាក់ និង​១៩​នាក់ ជា​ពិសេស​នៅ​ខែ​កុម្ភៈ​និង​ខែ​មីនា​។ ទន្ទឹម​គ្នា​នេះ​ ក៏​មាន​អ្នក​ស្លាប់​ដោយ​សា​គ្រោះថ្នាក់​ចរាចរណ៍​ទាប​បំផុត​ដែរ​នៅ​ថ្ងៃ​ខ្លះ គឺ​មាន​១​នាក់ ក៏​ប៉ុន្តែ​ស្ថានភាព​នេះ មាន​តិច​តួច ខណៈ​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ភាគ​ច្រើន​មាន​ពី​៥​ទៅ​៦​នាក់​។

ទាំង​នេះ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​នៅ​បន្ត​មាន​គម្លាត​រវាង​ការ​អភិវឌ្ឍ និង​ការ​យល់​ដឹង​ឬ​ឥរិយាបទ​របស់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​។ ជា​ការ​កត់​សម្គាល់ ល្បឿន​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន ពិត​ជា​មាន​ល្បឿន​លឿន បើ​ធៀប​ទៅ​នឹង​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ ជុំវិញ​ការ​ប្រើ​ប្រាស់​ផ្លូវ និង​ការ​គោរព​ច្បាប់​ចរាចរណ៍​។ របាយការណ៍​ប៉ូលីស​ចរាចរណ៍​ប្រចាំ​ថ្ងៃ​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន គឺ​ការ​ប្រើ​ប្រាស់​ល្បឿន និង​ការ​មិន​គោរព​សិទ្ធិ​អ្នក​ដទៃ មាន​ន័យ​ជា​រួម​ថា មិន​គោរព​ច្បាប់​ចរាចរណ៍​។

កាលពី​ប៉ុន្មាន​ទសវត្ស​មុន ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ពេញ​លេញ ពេល​នោះ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ក៏​ស្ថិត​ក្នុង​ភាព​ប្រឈម​ដោយ​សារ​ផ្លូវ​មិន​ល្អ​ជា​កត្តា​មួយ​ ជា​ផ្នែក​មួយ បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែរ​។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ផ្លូវ​ថ្នល់​ជា​ច្រើន​ ត្រូវ​បាន​ស្តារ និង​កសាង​បាន​ល្អ​នា​បច្ចុប្បន្ន​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ផ្លូវ ក៏​នៅ​តែ​ជា​ការ​ប្រឈម​។
បញ្ហា​នេះ ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់​ឲ្យ​ល្អ​ស្អាត គឺ​ជា​រឿង​ដ៏​វិជ្ជមាន​មួយ ក៏​ប៉ុន្តែ​ការ​ប្រឹង​ប្រែង​អភិវឌ្ឍន៍ ផ្លូវ តែ​អ្នក​ប្រើប្រាស់​ផ្លូវ​មិន​មាន​ការ​អភិវឌ្ឍ​នូវផ្នត់​គំនិត និង​ឥរិយាបទ ក៏​មិនមែន​ជា​រឿង​មួយ​ប្រកប​ដោយ​កិត្តិយស និង​មោទនភាព​ដែរ​។

ជាទូទៅ ការ​ដែល​មិន​អនុវត្ត​ច្បាប់​ចរាចចរណ៍ ឲ្យ​បាន​ច្បាស់​លាស់ នឹង​មិន​អាច​ជួយ​រុញ​ឲ្យ​ផ្នត់​គំនិត និង​ឥរិយាបទ​ពលរដ្ឋ​ខ្មែរ ដែល​ប្រើ​ប្រាស់​ផ្លូវ​មួយ​ចំនួន ឲ្យទៅ​កៀក​ទៅ​នឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ នៅ​ក្នុង​ដំណាក់​កាល​មួយ ឆ្ពោះ​ទៅ​រក​ភាព​ស៊ីវិល័យ​បាន​ដែរ​។ ភាព​រញ៉េរញ៉ៃ​នៅ​តាម​ដង​ផ្លូវ​ពី​១ថ្ងៃ​ទៅ​១ថ្ងៃ នៅតែ​បន្ត​កើត​មាន ខណៈ​មនុស្ស និង​យាន​យន្ត​កាន់​តែ​មាន​ការ​កើន​ឡើង​។ ការ​បើក​បរ​ស្ទើរ​គ្រប់​កន្លែង ការ​ចត ការ​វ៉ាជែង ការ​ប្រើ​ភ្លើង​សញ្ញា ដែល​បំពាន​ច្បាប់ និង​ភាព​អវិជ្ជមាន​ជា​ច្រើន​ទៀត​នៅ​លើ​ទ្រូង​ផ្លូវ នៅ​តែ​បន្ត​កើត​មាន​។

កាយ​វិការ​មិន​គោរព​ច្បាប់​ជា​ច្រើន​របស់​អ្នក​បើកបរ ត្រូវ​បាន​មើល​រំលង ហើយ​មួយ​ចំនួន​ត្រូវ​បាន​ប៉ូលីស​ចរាចរណ៍​ចាប់​ឃាត់ និង​ធ្វើ​ការ​ផាក​ពិន័យ​។ ពេល​ខ្លះ​ប៉ូលីស​ធ្វើ​ការ ពេល​ខ្លះ​ប៉ូលីស​បណ្តោយ​ឲ្យ​មាន​ការ​ល្មើស​ច្បាប់​ចរាចរណ៍ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រិះគន់​ថា ម្តង​ចាប់​ម្តង​បណ្តោយ មិន​មែន​ជា​បែប​ផែន​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ មាន​តែ​ធ្វើ​ឲ្យ​ស្ថាន​ភាព​ចរាចរណ៍​ស្រុក​ខ្មែរ នៅ​តែ​វិល​វល់ ទៅ​មុខ​មិន​រួច មក​ក្រោយ​មិន​កើត​។

ដូច្នេះ​មាន​តែ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជា​ប្រចាំ និង​ដោយ​តឹង​តែង ទើប​មាន​សង្ឃឹម​ថា​ករណី ចរាចរណ៍ អាច​ថយ​ចុះ ការ​ស្លាប់ និង​របួស​ត្រូវ​បាន​កាត់​បន្ថយ​ជា​វិជ្ជ​មាន ហើយ​ការ​យល់​ដឹង​របស់​អ្នក​ប្រើ​ប្រាស់​ផ្លូវ ក៏​ពុំ​សូវ​មាន​គម្លាត​ពី​ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់ ដូច​ដែល​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​។

ផ្ទុយ​ទៅ​វិញ បើ​គ្រាន់​តែ​ធ្វើ​ការ​អំពាវ​នាវ មាន​តែ​ការ​អប់រំ ដោយ​មិន​មាន​ចំណាត់​ការ​ជាក់​ស្តែង និង​ស្មើ​ភាព​គ្នា ឬ​ក៏​អនុវត្ត​តែ​មួយ​ឆាវៗ​ដូច​ភ្លើង​ចំបើង អំណឹះ​តទៅ​នឹង​មិន​អាច​កែ​ប្រែ​ស្ថាន​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាប់​អួរ​របស់​ប្រទេស​មួយ​នេះ​បាន​ទេ​។ មួយ​វិញ​ទៀត មិន​ថា​បញ្ហា​ចរាចរណ៍ ឬ​បញ្ហា​ផ្សេង​ទៀត​ទេ អំពើ​ពុក​រលួយ​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​បំផុត ក្នុង​ការ​អនុវត្ត​ច្បាប់​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ​គណ​បក្ស​កាន់​អំណាច​កាត់​ផ្ដាច់​មនោស​ញ្ចេត​នា ដើម្បី​រក្សា​ប្រជា​ប្រិយ​ភាព​?​

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ​ការ​លុប​បំបាត់​គ្រឿង​ញៀន ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម និង​ឆន្ទៈ​ពិត​ប្រាកដ​

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ដើម្បី​ថែ​រក្សា​អ្នក​អាន​

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ​ការ​ឆ្លើយ​តប​ចំពោះ​កំណើន​ពលរដ្ឋ​ទៅ​ចាក់​ថ្នាំ​ក្រោយ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​នៅ​មាន​កម្រិត​ ឆ្លុះ​បញ្ជាំង​ដូច​ម្តេច​ពី​វិស័យ​សុខាភិបាល​?​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ