អានតួអត្ថបទ
កម្ពុជា-សន្តិសុខ

ស្ត្រី​បឹង​កក់​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ តែ​ជំនួស​​ដោយ​ការ​ថ្លែ​ងសារ​ និង​បង្ហោះ​រូប​តាម​ហ្វេសប៊ុក​វិញ​

ស្រ្តី​បឹង​កក់​បាន​សម្រេច​ផ្អាក​ធ្វើ​សកម្មភាព​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​មួយ​សប្ដាហ៍​សិន​ ដោយ​ជំនួស​មក​វិញនូវ​ការ​ថ្លែង​សារ​ និង​បង្ហោះ​រូប​តាម​ហ្វេស​ប៊ុក។ ជា​ការ​ផ្អាក​បន្ទាប់​ពី​ពួក​គាត់​ជាប់​រវល់​ការងារ​ផ្ទាល់​ខ្លួន​និង​ដោយ​សារ​តែ​តំណាង​ស្ត្រី​បឹង​កក់​ដ៏​សំខាន់​គឺ​អ្នក​ស្រី ទេព វណ្ណី កំពុង​ជាប់​ពន្ធនាគារ​។ 

ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់ ​និង​បុរីកីឡា​ចូល​រួម​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​១៧ ​សីហា ​ដើម្បី​ឲ្យ​ដោះ​លែង​អ្នក​ស្រី ​ទេព វន្នី ​និង​អ្នកនាង​ ប៊ូវ សោភា។​
ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់ ​និង​បុរីកីឡា​ចូល​រួម​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​១៧ ​សីហា ​ដើម្បី​ឲ្យ​ដោះ​លែង​អ្នក​ស្រី ​ទេព វន្នី ​និង​អ្នកនាង​ ប៊ូវ សោភា។​ @Faceboook
ផ្សាយពាណិជ្ជកម្ម

តំណាង​ស្ត្រី​បឹង​កក់​អ្នក​ស្រី បូវ សោភា អះអាង​ថា ពួកគាត់​មិន​បាន​បោះ​បង់​ចោល​ការ​ប្រារព្ធយុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នោះ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ​លោក​ស្រី​ក៏​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា យុទ្ធនាការ​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ថ្ងៃ​ណា​ឲ្យ​ប្រាកដ​ទេ ។

អ្នក​ស្រី បូវ សោភា ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សហគមន៍​បឹង​កក់ សម្រេច​ផ្អាក​ធ្វើ​សកម្មភាព​យុទ្ធនាការ​ថ្ងៃចន្ទ​ពណ៌​ខ្មៅ​ដោយ​សារលោក​យាយ ង៉ែត​ ឃុន ឬ​ហៅ​ថា យាយ​ម៉ាមី កំពុង​តែ​គ្រេច​ចង្កេះ ​ឈឺ​ងើប​មិន​រួច បន្ទាប់​ពីសមត្ថកិច្ច​ចាប់​បោះ​ទៅ​លើ​ឡាន​កាល​ពី​ថ្ងៃ​ទី​៤​កញ្ញា។ ម្យ៉ាង​ទៀត​នោះ​ក៏​ព្រោះ​តែ​ អ្នក​ស្រី ទេព វណ្ណី កំពុង​ជាប់​ពន្ធនាគារ​ជា​ដើម។

គិត​រហូត​មក​ដល់​ពេល​នេះជិត​មួយ​ខែ​ហើយ​ដែល​អ្នក​ស្រី​ ទេព វណ្ណី ជាប់​ពន្ធនាគារ ។ អ្នក​ស្រី​ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជាថ្មី​កាល​ពី​ថ្ងៃ​ទី ១៧​សីហា បន្ទាប់​ពី​អ្នក​ស្រី និង​អ្នក​ស្រី​បូវ សោភា ដែល​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ម្នាក់​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​រួម​គ្នា​កាល​ពី​ ១៥​សីហា ក្នុង​ពេល​ដែល​ពួកគេ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។ មែន​ទែន​ទៅ សំណុំ​រឿង​នេះ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​ទី​ ២២សីហា ដោយ​អ្នក​ស្រី​បូវ សោភា ត្រូវ​បាន​ដោះលែង​វិញ។ ក៏​ប៉ុន្តែ​អ្នក​ស្រី​ទេព វណ្ណី ត្រូវ​ឃុំ​ខ្លួន​បន្ត​ទៀត ព្រោះ​អ្នក​ស្រី​បាន​រង​បទ​ចោទ​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ គឺ​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​ល្មើស​នេះ​បាន​ប្រព្រឹត្ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣​កន្លង​ទៅ។

កន្លងមក​សហគមន៍​បឹង​កក់​ក៏​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះ​លែង​អ្នក​ស្រី ទេព វណ្ណី និង សកម្មជន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​តាមរយៈ​ការ​បង្ហោះ​ប៉ោងៗដែល​ជា​សារ​ប្រាប់​ដល់​អ្នក​ជាប់​ឃុំទាំង​អស់​នោះ​​ថា ពួក​គេ​មិន​ឯកា​ឡើយ និង​កុំ​បាក់​ទឹ​កចិត្ត​។ បើ​តាម​គម្រោង​នៅ​ថ្ងៃ​ទី​១៩​កញ្ញា​ខាងសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នឹង​ជំនុំ​ជម្រះ​សំណុំ​រឿង​អ្នក​ស្រី ទេព វណ្ណី ​ជា​ថ្មី​ម្ដង​ទៀត​។ សហគមន៍​ក៏​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​ការ​ដោះ​លែង​អ្នក​ស្រី ទេព វណ្ណី នៅ​ថ្ងៃ​នោះ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ