អានតួអត្ថបទ
កម្ពុជា-ព្រំដែន

កម្ពុជា-ឡាវ ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយ​ភាគី​ទី​៣ ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ

មេ​ដឹក​នាំ​កម្ពុជា-ឡាវ កាល​ពី​ថ្ងៃ​ទី ១២ វិច្ឆិកា បាន​ឯកភាព​គ្នា ត្រៀម​ធ្វើ​ការ​ជាមួយ​អ្នក​ជំនាញ​ការ​ខាង​ផែន​ទី​មក​ពី​ប្រទេស​បារាំង តាម​ការ​ស្នើ​សុំ​នា​ពេល​កន្លង​មក។ តាម​គម្រោង​ ភាគី​ទាំង​ពីរ​នឹង​ស្នើ​ឲ្យ​មាន​ការ​បោះ​បង្គោល​បន្ថែម​ចំនួន​ ១៤៥​ បង្គោល នៅ​តាម​ទី​កន្លែង​ណា​ដែល​មាន​ភាព​សាំញ៉ាំ។ ការ​ឯកភាព​គ្នា​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី ដែល​ធ្វើ​ឡើង​នៅ​ឯ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។

ជំនួប​ទ្វេ​ភាគី របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​នាយក​រដ្ឋមន្រ្តី​ឡាវ លោក ថងលួន ស៊ីស៊ួលីត
ជំនួប​ទ្វេ​ភាគី របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​នាយក​រដ្ឋមន្រ្តី​ឡាវ លោក ថងលួន ស៊ីស៊ួលីត @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី ដែល​ធ្វើ​ឡើង​នៅ​ឯ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​នាយក​រដ្ឋមន្រ្តី​ឡាវ លោក ថងលួន ស៊ីស៊ួលីត បាន​ចុះ​ហត្ថលេខា​ដើម្បី​ស្នើ​ដល់​ភាគី​បារាំង ឲ្យ​បញ្ជួន​អ្នក​ឯកទេស​ផែន​ទី​និង​ព្រំដែន ដើម្បី​ចូល​មក​ធ្វើ​ការ​ជាមួយ​ភាគី​កម្ពុជា​និង​ភាគី​ឡាវ។ មិន​តែ​ប៉ុណ្ណោះ មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ ​ក៏​បាន​ឯកភាព​ឲ្យ​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ត្រៀម​ទទួល​ស្វាគមន៍​អ្នក​ឯកទេស​ព្រំដែន​ពី​ប្រទេស​បារាំង ដើម្បី​ធ្វើ​ការ​វាស់​វែង​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​នៅ​សេស​សល់។ នេះ​បើ​តាម​លទ្ធផល​នៃ​ជំនួប​ទ្វេ​ភាគី​រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​នាយក​រដ្ឋមន្រ្តី​ឡាវ លោក ថងលួន ស៊ីស៊ួលីត កាល​ពី​ថ្ងៃ​ទី ១២ វិច្ឆិកា ខណៈ​ដែល​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

នៅ​ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​បោះ​បង្គោល​បន្ថែម​ចំនួន​១៤៥​បង្គោល ដើម្បី​បោះ​នៅ​តាម​ទី​កន្លែង​ណា ដែល​មាន​ភាព​សាំញុំា និង​ឲ្យ​បាន​ញឹក។ ការ​ស្នើ​សុំ​នេះ ក៏​ទទួល​បាន​ការ​ឯកភាព​ពី​នាយក​រដ្ឋមន្រ្តី​ឡាវ​ផង​ដែរ។

គួរ​ជំរាប​ជូន​ថា បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ បាន​ជួប​ភាព​តាន​តឹង​ខ្លាំង​នឹង​គ្នា កាល​ពី​អំឡុង​ខែ​សីហា​កន្លង​ទៅ ដោយ​សារ​យោធា​ឡាវ​បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូអាឡៃ និង​អូតាង៉ាវ ស្ថិត​ក្នុង​ស្រុក សៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន ហោះ​ទៅ​កាន់​ទីក្រុង​វៀង​ច័ន្ទ​ជា​បន្ទាន់ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង។ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​០១ កញ្ញា នាយក​រដ្ឋមន្រ្តី​ឡាវ លោក ថងលួន ស៊ីស៊ួលីត ក៏​បាន​ហោះ​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ។ នៅ​ក្នុង​ជំនួប ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ មេ​ដឹក​នាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​សរសេរ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​បារាំង​លោក អេម៉ានូអ៊ែល ម៉ាក្រុង ដើម្បី​ឲ្យ​បញ្ជូន​អ្នក​ជំនាញ​ការ​ព្រំដែន​បារាំង មក​ជួយ​វាស់​វែង និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នៅ​តាម​ព្រំដែន​នេះ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​បញ្ហា​ព្រំដែន មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ ​ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ​ ក្នុង​ការ​បង្កើន​អាហារូបករណ៍​សម្រាប់​និស្សិត​នៃ​ប្រទេស​ទាំង​ពីរ សំដៅ​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​ត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន បញ្ហា​ទំនាក់​ទំនង​ទ្វេ​ភាគី ពហុភាគី បញ្ហា​តំបន់ និង​អន្តរជាតិ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ