អានតួអត្ថបទ
កម្ពុជា

កំណើន​​ភ្ញៀវ​​និង​​តម្លៃ​​ថ្មី​​ធ្វើ​​ឲ្យ​​ការ​​លក់​​ប័ណ្ណ​​ចូល​​​ទស្សនា​អង្គរ​​មាន​​ការ​​កើន​​ឡើង​​ដល់​​ទៅ​​ជាង​​៦០​​ភាគរយ

ចាប់តាំង​ពី​ខែ​មករា​មក ​ចំណូល​ដែល​បាន​មកពី​ការ​កំណត់​តម្លៃ​លក់​ប័ណ្ណ ​ចូល​ទស្សនា​អង្គរ មានការ​កើនឡើង​ខ្លាំង​។ ​កើន​ឡើង​ខ្លាំង ​បន្ទាប់​ពី ​មាន​ការ​តម្លើង​តម្លៃ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ ​និង​ចំនួន​ភ្ញៀវ ​មានការ​កើនឡើង​ជា​រៀងរាល់​ខែ​ដែរ ​ជាហេតុ​ធ្វើ​ឲ្យ​ចំណូល​សម្រាប់​៤​ខែ​ដើមឆ្នាំ​២០១៧​នេះ ​មាន​រហូត​ដល់​៤០​លាន​ដុល្លារ​។ 

ភ្ញៀវទេសចរណ៍ចូលទស្សនារមនីយដ្ឋានអង្គរវត្តកន្លងមក
ភ្ញៀវទេសចរណ៍ចូលទស្សនារមនីយដ្ឋានអង្គរវត្តកន្លងមក © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

នាយក​គ្រប់គ្រង​គ្រឹះស្ថាន​អង្គរ​ លោក ​លី សែ ​ដែលជា​ប្រតិបត្តិ​ករ​ក្នុង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ​បាន​ថ្លែងថា ​មាន​កត្តា​ចំនួន​២ ​ដែល​ធ្វើ​ឲ្យ​ចំណូល​នៃ​ការ​លក់​មានការ​កើនឡើង​ ក្នុង​រយៈពេល​៤​ខែ ​ដើម​ឆ្នាំ​២០១៧​នេះ​។ ​ទី​១​ ការ​អនុវត្ត​តារាង​តម្លៃ​ថ្មី ​ដែល​សម្រេច​ដោយ​រដ្ឋាភិបាល ​គឺ​មាន​ការ​កើន​ឡើងរ​ហូត​ដល់​៣៧​ដុល្លារ​ ដែល​លើក​មុន​លក់​ក្នុង​តម្លៃ​ត្រឹម ​២០​ដុល្លារ​ប៉ុណ្ណោះ ​ក្នុង​ការ​ចូល​ទស្សនា​រ​មនី​យ​ដ្ឋា​ន​អង្គរ​រយៈពេល​១​ថ្ងៃ​។

ចំណុច​ទី​២ ​គឺ​ទាក់ទង​ទៅ​នឹង​កត្តា​ភ្ញៀវ​ទេសចរណ៍ ​ដោយ​ខែ​ខ្លះ ​មានការ​កើន​ឡើង​ក្នុង​រង្វង់​១០ភាគរយ ​និង​កើន​រហូត​ដល់​២៣​ភាគរយ​នៅ​ក្នុង​ខែ​មេសា​។ ​ជា​ការ​កត់សម្គាល់​ចំនួន​ភ្ញៀវ​បាន​បន្ត​កើន​ឡើង ​បើ​ទោះណា​ជា​តម្លៃ​មានការ​ឡើង​ខ្ពស់​ជាង​មុន​ក៏​ដោយ​។ ​នេះ​បើតាម​លោក ​លី សែ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​នៅ​ថ្ងៃ​ទី​១ ​ខែ​ឧសភា​នេះ ​គ្រាន់​តែ​ក្នុង​ខែ​មេសា​មួយ​ប៉ុណ្ណោះ ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ​មាន​រហូត​ដល់​ទៅ​ជា​ង ​១៨០ ​០០០​នាក់ ​កើនឡើង​២៤​ភាគរយ ​ធៀប​នឹង​ខែ​មេសា​ឆ្នាំ​២០១៦​។ ​ចំណូល​ក្នុង​ខែ​មេសា​គឺ​ជា​ង​៨ ៣០០ ០០០​ដុល្លារ​។ ​ដោយឡែក​ចំណូល​សរុប​ទាំង​៤​ខែ​ដើម​ឆ្នាំ​២០១៧​គឺ​ប្រមាណ​៤០​លាន​ដុល្លារ​។ ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​ឆ្នាំ​២០១៦​គឺ​កើនឡើង​ប្រមាណ​ជា​៦០​ភាគរយ ​ដែល​មាន​ភ្ញៀវ​សរុប​ជិត​១លាន​នាក់ ​និង​កើន​ឡើង ​១២​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ទៅ​។

សូម​បញ្ជាក់​ថា​ចំណូល ​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​មើល​រមនីយដ្ឋាន​អង្គរ ​ក្រៅពី​ការបង់​ចូល​ថវិការ​ជាតិ ​ក៏មាន​រំលែក​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែរ ​ដោយ​ក្នុង​មួយ​សំបុត្រ​ចូល​ទស្សនា​អង្គរ ​ត្រូវ​បែងចែក​ដើម្បី​ឧបត្ថម្ភ​មន្ទីរពេទ្យ​ចំនួន​២​ដុល្លារ ​ហើយ​ចាប់ផ្តើម​អនុវត្ត​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៧ ​តទៅ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ