ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 07/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 07/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 07/12 12h00 GMT
កម្ពុជា

​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា ​និង​វៀតណាម​ ​បើក​កិច្ច​ប្រជុំ​ពង្រីក​បន្ថែម​នូវ​វិសាល​ភាព​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​

media  
លោក ប៊ិញមិញ ក៏បានមកជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ @FB

រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន និង រដ្ឋ​មន្រ្តី​ការ​បរទេស​វៀត​ណាម លោក​ផាម ប៊ិញមិញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បើក​កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​លើក​ទី១៧​រួម​គ្នា​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច វប្បធម៌ វិទ្យា​សាស្រ្ត និង​បច្ចេក​ទេស​។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ដើម្បី​ពង្រីក​បន្ថែម​នូវ​វិសាល​ភាព​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-វៀតណាម​។ 

កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​លើក​ទី១៧​រវាង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា និង វៀត​ណាម​នេះ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​បច្ចុប្បន្ន​ភាព​វឌ្ឍន​ភាព​កិច្ច​សហ​ប្រតិបត្តិ​ការ និង​រិះ​រក​វិធី និង​មធ្យោបាយ​នា​នា ដើម្បី​ពង្រីក​ថែម​ទៀត​នូវ​វិសាល​ភាព និង​ប្រសិទ្ធិ​ភាព​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​វិស័យ​នា​នា​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​។ បើ​តាម​ក្រសួង​ការ​បរទេស​កម្ពុជា​ដដែល កិច្ច​ប្រជុំ​នេះ ក៏​នឹង​ផ្តល់​កាលានុ​វត្តភាព​សម្រាប់​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ក្រប​ខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​ដែល​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

ក្រសួង​ការ​បរទេស​កម្ពុជា បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​កម្ពុជា-វៀតណាម​លើក​ទី១៧​នេះ ក៏​នឹង​ជួយ​លើក​កម្ពស់​ថែម​ទៀត​ដែរ​នូវ​ចំណង​មិត្ត​ភាព​ជា​ភាតរៈ​យូរ​អង្វែង និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា រួម​ចំណែក​ដល់​សន្តិភាព និង​វិបុល​ភាព​នៅ​ក្នុង​តំបន់ និង​សកល​លោក​។

សូម​បញ្ជាក់​ថា លោក​ផាម ប៊ិញមិញ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​វៀត​ណាម បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ ហើយ​លោក​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​រសៀល​ម្សិល​មិញ​នេះ មុន​ចូល​រួម​បើក​កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​លើក​ទី១៧​នៅ​ថ្ងៃ​នេះ​។ ក្នុង​ជំនួប​កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង លោក​ផាម ប៊ិញមិញ ក៏​បាន​ពិភាក្សា​គ្នា ដើម្បី​ជំរុញ​បន្ថែម​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ដោយ​ឡែក នៅ​ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​វៀត​ណាម​វិញ​ម្តង​។ ប៉ុន្តែ​មុន​នឹង​ទៅ លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​បាន​ស្នើ​ដល់​រដ្ឋ​មន្រ្តី​ការ​បរទេស​វៀត​ណាម​រៀប​ចំ​ឱ្យ​មាន​វេទិកា​ធុរកិច្ច​កម្ពុជា-វៀតណាម នៅ​ពេល​លោក​ទៅ​ទស្សន​កិច្ច​នៅ​ទីនោះ ដើម្បី​ជា​ឱកាស​កៀង​គរ​អ្នក​វិនិយោគ​វៀត​ណាម​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ