អានតួអត្ថបទ
កម្ពុជា-នយោបាយ

សកម្មជន​បឹង​កក់​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ទាម​ទារ​ឲ្យ​ដោះលែង​តំណាង​និង​មន្រ្តី​សិទ្ធិមនុស្ស​៥​រូប

ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៣១តុលា​នេះ បាន​បន្ត​ធ្វើ​យុទ្ធនាការ “ថ្ងៃ​ចន្ទ​ពណ៏​ខ្មៅ” ឬ “Black Monday” សប្តាហ៍​ទី២៦ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​របស់ពួក​គេ​ម្នាក់ និង​មន្រ្តី​អង្គ​ការ​សង្គម​ស៊ីវិល​៥​រូប ក្នុង​នោះ​ក៏​មាន​អគ្គលេខាធិការ​រង គ.ជ.ប ម្នាក់​ផង។ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​៣១​តុលា​នេះ បុគ្គលិក​អាដហុក​៤​រូប និង​មន្ត្រី គ.ជ.ប កំពុង​ជាប់​ពន្ធនាគារចំនួន​១៨៦​ថ្ងៃ​ហើយ។

ប្រជាពលរដ្ឋសហគមន៍បឹងកក់ នៅព្រឹកថ្ងៃចន្ទ ទី៣១តុលានេះ បានបន្តធ្វើយុទ្ធនាការ “ថ្ងៃចន្ទពណ៏ខ្មៅ” ឬ “Black Monday”  សប្តាហ៍ទី២៦ ។
ប្រជាពលរដ្ឋសហគមន៍បឹងកក់ នៅព្រឹកថ្ងៃចន្ទ ទី៣១តុលានេះ បានបន្តធ្វើយុទ្ធនាការ “ថ្ងៃចន្ទពណ៏ខ្មៅ” ឬ “Black Monday” សប្តាហ៍ទី២៦ ។
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ “ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ” ឬ “Black Monday” សប្តាហ៍​ទី​២៦ ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់​នាំ​គ្នា​ផ្តើម​ធ្វើ​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ខក​ខាន​ចំនួន​២​សប្តាហ៍។

ក្រុម​អ្នក​ចូល​រួម​ដែល​ស្លៀក​ពាក់​ខ្មៅ​សុទ្ធ​នេះ ស្រែក​តវ៉ា​ដោយ​បាន​ទាមទារ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​តំណាង​របស់​ពួក​គេ​ម្នាក់ គឺ​អ្នក​ស្រី ទេព វន្នី និងបុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​៥​រូប​នោះ ដោយ​គ្មាន​លក្ខខណ្ឌ។

យុទ្ធនាការ​ថ្ងៃចន្ទ​ពណ៌​ខ្មៅ ដែល​គេ​ដឹង​ថា ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​តំណាង​របស់​ពួក​គេ​ម្នាក់ គឺ​អ្នក​ស្រី ទេព វន្នី និង​មន្រ្តីសិទ្ធិ​មនុស្ស​៤​រូប រួម​មាន លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង្សដា, លោកស្រី លឹម មុន្នី និងមន្រ្តី គ.ជ.ប ម្នាក់ គឺ​លោក នី ចរិយា ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​ពីបទ​សូក​ប៉ាន់​សាក្សី និងសម​គំនិត ក្នុង​សំណុំ​រឿង នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

គិត​ត្រឹម​ថ្ងៃ​ទី​៣១តុលា​នេះ អ្នកស្រី ទេព វន្នី សកម្មជន​ដី​ធ្លី​ជួរ​មុខ​នៅ​សហគមន៏​បឹង​កក់ បានជាប់​ពន្ធនាគារ​លើក​ទី​៣​នេះ ចំនួន​៧៦​ថ្ងៃ​ហើយ ចំណែក​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិលនិង​មន្រ្តី គ.ជ.ប លោក នី ចរិយា បាន​ជាប់​ពន្ធនាគារ​ចំនួន​១៨៦​ថ្ងៃ​ហើយ។ កាល​ពី​ថ្ងៃ​ទី​២៧​តុលា តុលាការ​ក្រុង​ភ្នំពេញ​ទើប​តែ​បាន​សម្រេច​ពង្រីក​នីតិវិធី​ឃុំ​ខ្លួន​ពួក​គេ​ចំនួន​៦​ខែ​ទៀត។

គួរ​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក​៤​រូប និង​មន្រ្តី​ គ.ជ.ប មួយ​រូប​មក អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ធំ​ៗ​នៅ​កម្ពុជា នាំ​មុខ​ដោយ​សកម្មជន​បឹង​កក់ និង​មិត្តភ័ក្រ​របស់​ពួក​គេ បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ “ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ” ឬ “Black Monday”នេះ ដើម្បីតស៊ូ​មតិ សុំ​ឲ្យ​តុលាការ​ដោះលែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ