អានតួអត្ថបទ
កម្ពុជា

ឥទ្ធិពល​កម្តៅ​នយោបាយ បាន​លុប​លើ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ

រៀង​រាល់​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ គឺ​ជា​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ដែល​អ្នក​ចូលរួម​ភាគ​ច្រើន​ជា​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី​ បាន​ប្រារព្ឋ​ឡើង។ ប៉ុន្តែ​នៅ​សប្តាហ៍​ទី​៤​នេះ យុទ្ធនាការ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក និង​គ.ជ.ប ហាក់​ដូច​ជា​ស្ងប់​ស្ងាត់។ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​អះអាង​ព្រឹត្តិការណ៍​នេះ នៅ​តែ​បន្ត​ប៉ុន្តែ​ត្រូវ​លុប​ដោយ​កម្តៅ​នយោបាយ។

រូបភាពចាស់៖ យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីស្នើឱ្យមានការដោះលែងមន្ត្រីអង្គការអាដហុក និងមន្ត្រីគ.ជ.ប។
រូបភាពចាស់៖ យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីស្នើឱ្យមានការដោះលែងមន្ត្រីអង្គការអាដហុក និងមន្ត្រីគ.ជ.ប។ Faceboook
ផ្សាយពាណិជ្ជកម្ម

កម្តៅ​នយោបាយ​តាន​តឹង​ខ្លាំង​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង កំពុង​លុប​លើ​ព្រឹត្តិកាណ៍​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ដែល​ក្រុម​សង្គម​ស៊ីវិល​ភាគ​ច្រើន និង​សកម្មជន​ដីធ្លី​ប្រារព្ឋ​ចំនួន​៣​សប្តាហ៍​កន្លង​មក ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទិ្ធ​មនុស្ស មន្ត្រី​អាដហុក​សរុប​ចំនួន​៥​រូប។ លោក​មឿង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស បាន​អះអាង​ថា​ព្រឹត្តិកាណ៍​កម្តៅ​នយោបាយ​នា​ពេល​នេះ អាច​លុប​ខ្លាំង​លើ​ព្រឹត្តិការណ៍​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ហើយ​អ្នក​ចូលរួម​មួយ​ចំនួន​ខ្លះ​អាច​នឹង​ចូលរួម​ជាមួយ​យុទ្ធនាការ​របស់​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​វា​គឺ​ជា​សិទ្ធ​របស់​ពលរដ្ឋ។

ស្រដៀង​នេះ លោក អ៊ុំសំអាត មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ បាន​លើក​ឡើង​ដែរ​ថា ព្រឹតិ្តការណ៍​ថ្ងៃ​ចន្ទ​ ដែល​ប្រារព្ឋ​ចំនួន​៣​សប្តាហ៍​មក​ហើយ​ នៅ​មិន​ទាន់​ស្ងប់​ទេ ប៉ុន្តែ​អាច​ច្របូក​ច្របល់​ជាមួយ​នឹង​ព្រឹត្តការណ៍​នយោបាយ ដែល​កំពុង​ពុះ​កញ្ជ្រោល។ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ​អ្នក​ធ្វើ​យុទ្ធនាការ​ដើម្បី​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មិន​បាន​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ នៅ​តាម​កន្លែង​លើក​បដា ឱ្យ​មាន​ការ​ដោះលែង​ដូច​មុន​ទេ។ អ្នក​ខ្លះ​បាន​ត្រឹម​ថត​រូប​ស្លៀក​ពាក់​ខ្មៅ​ចែក​រំលែក​ក្នុង​បណ្តាញ​សង្គម។ ប៉ុន្តែ​សហគមន៍​ដីធ្លី​ថ្ម​គោល​នៅ​ព្រឹក​នេះ ក៏​ត្រូវ​អាជ្ញាធរ​បំបែក​មិន​ឱ្យ​ធ្វើ​យុទ្ធនាការ​ផង​ដែរ។ ដោយ​ឡែក​អាជ្ញាធរ​វិញ​មិន​បាន​ដាក់​ពង្រាយ​កម្លាំង​ត្រៀម​ស្ថានការណ៍​ច្រើន​ទីតាំង​ដូច​កាល​ពី​មុន​ៗ​នោះ​ដែរ។

សូម​បញ្ជាក់​ថា​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ចាប់​ផ្តើម​ថយ​កម្លាំង​នៃ​ការ​គាំទ្រ​ធ្វើ​សកម្មភាព​ជា​សាធារណៈ​ដើម្បី​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន បន្ទាប់​ពី​ត្រូវ​បាន​រដ្ឋ​អំណាច​បង្ក្រាប​ដោយ​ចាប់​ខ្លួន​និង​ឱ្យ​ធ្វើ​កិច្ច​សន្យា។

សូម​រំលឹក​បន្តិច​ថា យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ដើម្បី​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ចំនួន​៤​រូប និង​មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប បន្ទាប់​ពី​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ពី​បទ​សូក​សាក្សី និង​សម​គំនិត ក្នុង​សំណុំ​រឿង​ស្មុគស្មាញ​របស់​កញ្ញា​ ស្រី​មុំ និង​លោក​កឹម សុខា។ យ៉ាងណា​ក៏​ដោយ​សង្គម​ស៊ីវិល​ បាន​អះអាង​ថា​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នឹង​នៅ​តែ​បន្ត​ទៀត បើ​ទោះ​បី​ជា​ពេល​នេះ ឥទ្ធិពល​កម្តៅ​នយោបាយ​កំពុង​លុប​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ