ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/11 12h00 GMT
កម្ពុជា

​នគរបាល​នឹង​ផាក​ពិន័យ​អ្នក​ជិះ​ម៉ូតូ ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ជា​ថ្មី បន្ទាប់​ពី​វិធាន​ការ​អប់​រំ​

media  
ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក (រូបតំណាង) RFI/Siv Channa

នគរ​បាល​ចរាចរណ៍​នឹង​​ផាក​ពិន័យ​ចំពោះ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​ជា​ថ្មី​ចាប់​ពី​ថ្ងៃទី១៩សីហា​ទៅ បន្ទាប់​ពី​បាន​អនុវត្ត​វិធាន​ការ​អប់រំ​រយៈ​ពេល​១ខែ​កន្លង​មក​។ វិធាន​ការ​អប់រំ​ ដែល​តម្រូវ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​គ្មាន​មួក​សុវត្ថិភាព​រក​មួក​មក​ពាក់ ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​បន្ត​។ 

ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​សីហា ​ទៅ ប៉ូលិស​ចរាចរណ៍នឹង​ផាក​ពិន័យ​អ្នក​ជិះ​ម៉ូតូ មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​១៥,០០០​រៀល នឹង​តម្រូវ​ឲ្យ​រក​មួក​សុវត្ថិភាព​មក​ពាក់​សិន ទើប​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ ​។

សូម​ជម្រាប​ជូន​ថា​ កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា កន្លង​ទៅ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ប្រកាស​ឲ្យ​ប៉ូលីស​ចរាចរណ៍​ចាប់​ឃាត់​អ្នក​ជិះ​ម៉ូតូ​ដែល​គ្មាន​មួក​សុវត្ថិភាព ហើយ​តម្រូវ​ឲ្យ​យក​មួក​សុវត្ថិភាព​មក​ពាក់​សិន ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​បន្ត​។

លោក ​គង់​ រតនៈ​ អនុ​ប្រធាន​វិទ្យា​ស្ថាន​ជាតិ​​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ​វិធាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​កន្លង​មក​មាន​ប្រសិទ្ធ​ភាព​ដែរ ប៉ុន្តែ​ប្រសិទ្ធ​ភាព​នោះ​គឺ​មាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ លោក​បន្ថែម​រយៈ​ពេល​មួយ​ខែ​កន្លង​មក ដែល​សមត្ថកិច្ច​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ភាគ​ច្រើន​នាំ​គ្នា​ពាក់​មួក​សុវត្ថិ​ភាព ខណៈ​ដែល​មុន​ពេល​មាន​យុទ្ធនា​ការ​រឹត​បន្តឹង​នេះ ការ​ពាក់​មួក​សុវត្ថិភាព​មាន​តិច​។

កន្លង​មក​នគរបាល​ចរាចរណ៍​បាន​ចេញ​វិធាន​ការ​ជា​បន្ត​បន្ទាប់​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ដូច​ជា​ការ​ចាប់​ម៉ូតូ​ដាក់​រថយន្ត, និង​ការ​ផ្តល់​ប្រាក់​លើក​ទឹក​ដល់​នគរបាល ​ដែល​ចាប់​ផាក​ពិន័យ​លើ​អ្នក​ ដែល​មិន​គោរព​ច្បាប់ចរាចរណ៍​ជា​ដើម​។

យោង​តាម​របាយការណ៍​របស់ នាយក​ដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ បាន​អោយ​ដឹង​ថា ក្នុង​ខែ​កក្កដា​កន្លង​ទៅ​នេះ មាន​គ្រោះ​ថ្នាក់​កើត​ឡើង​ចំនួន​៣៣៦​លើក មាន​អ្នក​ស្លាប់​ចំនួន​១៤១​នាក់ និង​របួស​ចំនួន ៥៩៨នាក់ ក្នុង​ចំណោម​អ្នក​ស្លាប់​ចំនួន​១៤១​នាក់ ភាគ​ច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​មាន​ចំនួន១០៥នាក់ ស្មើ៧៤% ដែល​ក្នុង​នោះ​មិន​ពាក់​មួក​សុវត្ថិភាព​មាន​ចំនួន​៧៩​នាក់ ស្មើ​៧៥%​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ