អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​លើ​ការ​បរិច្ចាគ​សរីរាង្គ​មនុស្ស

រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី៣០ ខែមិថុនា នេះ​បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​លើការបរិច្ចាគ ការ​ផ្សាំកោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស ដោយសំឡេង៦៥​លើ៦៥។ ក្រៅ​ពី​នេះ ​សភា​ក៏​បាន​អនុម័ត​ច្បាប់​ចំនួន​៣ផ្សេង​ទៀត ដោយ​មិន​មាន​វត្ត​មាន​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ​។

រដ្ឋសភាជាតិ
រដ្ឋសភាជាតិ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​លើ​ការ​បរិច្ចាគ ការ​ផ្សាំ​កោសិកា ជា​លិកា និង​សរីរាង្គ​មនុស្ស ​គឺជាច្បាប់មួយ ដែលបង្កើតឡើង ក្នុងគោលបំណងឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ ការ​ព្យាបាល ដោយ​ការ​ផ្សាំ​តម្រង​នោម(ក្រលៀន) របស់​ពលរដ្ឋ​កម្ពុជា​មាន​ការ​កើន​ឡើង។ នៅ​ព្រឹក​នេះ សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា​ទាំង​៦៥រូប​បាន​លើក​ដៃ​អនុម័ត ក្រោយ​ពី​ច្បាប់​នេះ ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រី​អនុ​ម័ត​ ​កាល​ពី​ថ្ងៃទី២៧ ខែឧសភា​កន្លងទៅ​​។

លោក​ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ​ការ​បង្កើត​ច្បាប់​ស្តីពី​ការ​​​គ្រប់​​គ្រង​​លើ​​ការ​​បរិច្ចាគ​ ការផ្សាំ​កោសិកា ​ជាលិកា ​និង​សរីរាង្គ​មនុស្ស​នឹង​ជួយការ​ពារ​ពលរដ្ឋ​កម្ពុជា​ពី​ការ​លក់​សរីរាង្គ​មនុស្ស​ខុស​ច្បាប់​ ការ​ពារ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ ហើយ​ការ​ជួញដូរ​សរីរាង្គ​នឹង​ត្រូវ​ហាម​ឃាត់​ទាំង​ស្រុង។​ លោក​បាន​បន្ថែម​ថា​ការ​បរិច្ចាគ​សរីរាង្គ​អាច​ធ្វើ​ទៅ​បាន​លុះ​ណាតែ ​មានការយល់ព្រមពីភាគី​ទាំង​សង​ខាង​។​

បើ​តាម​លោក ម៉ម ប៊ុនហេង ច្បាប់​នេះ បាន​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ប្រើ​រយៈពេល​ប្រមាណ​២ឆ្នាំ ​បើ​គិត​រហូត​មក​ដល់​ថ្ងៃ ​ដែល​សភា​អនុម័ត​នេះ ​ហើយ​ក្រសួង​ក៏​បាន​រៀប​ចំ​សេច​ក្តី​ព្រាង​​ជាមួយ​​​នឹង​គណៈកម្មការ​ទី៨​របស់សភា​ និង​អន្តរក្រសួង​ផង​ដែរ​។​

លោក​ស្រី កែ សុវណ្ណរតន៍​ តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ខេត្ត​សៀមរាប​ និ​ង​ជា​ប្រធាន​គណៈកម្មការ​ទី៨​ ឬ​គណៈកម្មការ​សុខាភិបាល ​សង្គម​កិច្ច ​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​ថា​គណៈកម្មការ​របស់​លោក​ស្រី​មិន​បានទទួល​សេច​ក្តី​ព្រាង​ច្បាប់​នេះ ​មុន​ពេល​ដែល​សភា​អនុម័ត​។

ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ នេះ បាន​ប្រព្រឹត្តិ​ទៅ ដោយ​គ្មាន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចូល​រួម​ទេ ក្រោយ​ពេល​ដែល​គណបក្ស​នេះ បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា បន្ទាប់​ពី​មាន​ការ​តាម​ចាប់​ខ្លួន​លោក​កឹម សុខា កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។
សូម​បញ្ជាក់​ថា​នៅ​ថ្ងៃទី៣០ ​ខែ​មិថុនា​នេះ ​ច្បាប់​ចំនួន ​៣ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​សភា​អនុម័ត​ ដោយសំឡេង៦៥​លើ៦៥​ផងដែរ​ នា​សម័យ​ប្រជុំ​លើក​ទី៦ ​នីតិកាលទី៥​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ