អានតួអត្ថបទ
កម្ពុជា

សាលាខេត្ត​​ស្ទឹងត្រែង​៖​មកដល់​ពេលនេះ ​ទាហាន​​ឡាវ​​មិន​ទាន់​​ឲ្យ​​ពលរដ្ឋ​​ឆ្លងកាត់​​ច្រកទ្វារ​​អូរ​​ស្វាយ​​នៅ​ឡើយ​

មកដល់ពេលនេះ ទាហាន​ឡាវ​មិនទាន់​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទាំងសងខាង​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អូរ​ស្វាយ ឫ​ឡាវ​ហៅថា វ៉ឺ​នខា​ម នោះទេ បន្ទាប់ពី​ពួកគេ​បាន​បិទ​តាំងពី​ថ្ងៃទី២ មេសា​មក។ នេះ​បើតាម​លោក​ម៉ែន គង់ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង ដែល​បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ។

យោធា​កម្ពុជា​-​ឡាវ​នៅ​តំបន់​ព្រំដែន​ស្រុក​សៀមប៉ាង ​ខេត្ត​ស្ទឹងត្រែង ​បាន​ជួប​ចរចារ​គ្នា​ ​
យោធា​កម្ពុជា​-​ឡាវ​នៅ​តំបន់​ព្រំដែន​ស្រុក​សៀមប៉ាង ​ខេត្ត​ស្ទឹងត្រែង ​បាន​ជួប​ចរចារ​គ្នា​ ​ @Facebook
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ែន គង់ បាន​គូសបញ្ជាក់​ប្រាប់ថា នៅពេលនេះ អាជ្ញាធរខេត្ត​ស្ទឹងត្រែង​កំពុងតែ​ទាមទារ​ឲ្យ​ភាគី​ឡាវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​នៃ​ការបិទច្រក​ព្រំដែន​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងសងខាង​ឆ្លងកាត់​បែបនេះ។ ក៏ប៉ុន្តែ​ភាគី​ឡាវ មិនទាន់មាន​ការឆ្លើយ​តប​នៅឡើយ​ទេ។ លើសពីនេះទៅទៀត ខាង​ភាគី​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​មាន​ការជួបពិភាក្សាគ្នា​ជាមួយ​ឡាវ ដើម្បី​ស្វែង​ដំណោះស្រាយ​ផងដែរ តែ​ភាគី​ឡាវ​ក៏​មិនបាន​ឆ្លើយតប​ទៅទៀត។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក​ម៉ែន គង់។

ការបិទច្រក​ព្រំដែន​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី២ ខែមេសា​ចុង​សប្តាហ៍​មុន បន្ទាប់ពី​ភាគី​ឡាវ បាន​បញ្ជូន​កងទ័ពរ​បស់​ខ្លួន​ជាច្រើន​នាក់​មកកាន់​តំបន់​ព្រំដែន​ទល់មុខ​នឹង​កងកម្លាំង​កម្ពុជា​នៅ​ចំណុច​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់នៃ​ខេត្តស្ទឹងត្រែង​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​បន្តិច​នៅពេលនោះ។ បើតាម​អាជ្ញាធរ​ខ្មែរ ភាគី​ឡាវ​បាន​បញ្ជូន​កងទ័ព​ចំនួន​បី​ឡាន  ដោយ​មួយ​ឡាន​មាន​កងទ័ព​ពី៣០ ទៅ៤០នាក់​ឯណេះ។

ថ្វីបើ​ភាព​តាន​តឹ​ន​មិនបាន​អូសបន្លាយ​យូរ​យ៉ាងណាក៏ដោយ ប៉ុន្តែ​មិន​ដល់ពេលនេះ​ទៅហើយ លោក​ម៉ែន គង់ បានបង្ហាញ​ឲ្យ​ដឹងថា ភាគី​ឡាវ​នៅ​មិនទាន់​ឲ្យ​ពលរដ្ឋ​ទាំងសងខាង​ឆ្លងកាត់​ព្រំដែន​ដូច​សព្វមួយដង​នៅឡើយ​ទេ។ ទោះជា​យ៉ាងណាក៏ដោយ បើតាម​លោក​ម៉ែន គង់ ច្រកទ្វារ​អូរ​ស្វាយ​នេះ គ្រាន់តែ​ច្រក​ឧបសម្ព័ន្ធ​មួយ​ប៉ុណ្ណោះ មិនមែនជា​ច្រក​ទ្វារធំ​ផ្លូវការ​នៅក្នុង​ខេត្តស្ទឹងត្រែង​ឡើយ។

គួរ​ជំរាបជូន​ថា ដើមចម​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​រហូត​ឈានដល់​ការបិទ​ច្រកទ្វារព្រំដែន​រវាង​កម្ពុជា និង​ឡាវ​នេះ គឺ​ដំបូង​ឡើយ ដោយសារតែ​ភាគី​ឡាវ​បាន​សង់​ប៉ុស្តិ៍​នៅ​ចំណុច​ដុង​ក្រឡ​ចាស់ ដែល​មិនទាន់​បានកំណត់​បង្គោល​ព្រំដែន​នៅឡើយ ហើយ​ថែមទាំង​មិនបាន​ជូនដំណឹង​មកដល់​ភាគី​កម្ពុជា​ទៀត។ ប្រឈមមុខ​នឹង​បញ្ហា​នេះ ទាហាន​កម្ពុជា​នៅ​ចំណុច​ព្រំដែន​នោះ ក៏បាន​សង់​ប៉ុស្តិ៍​មួយ​នៅក្នុង​ទឹកដី​កម្ពុជា​ដែរ ប៉ុន្តែ​ត្រូវ​ទាហាន​ឡាវ​ចុះមក​ហាមឃាត់​ដោយ​ចោទថា ការសាងសង់​នេះ​បាន​រំលោភ​ចូលទៅក្នុង​ទឹកដី​ឡាវ។ យ៉ាងណាក៏ដោយ នៅពេលនេះ ភាគី​ឡាវ​មិនបាន​បន្ថែម​ទាហាន​របស់ខ្លួន​នោះទេ គឺ​គ្រាន់តែ​មានការ​បង្កើន​ការប្រុងប្រយ័ត្ន​តែប៉ុណ្ណោះ។ នេះ​បើតាម​លោក​ម៉ែន គង់ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ