អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សំណុំ​រឿង​ព្រំដែន​ឡាវ​ជា​ឱកាស​បង្ហាញ​​សាច់ដុំ​របស់​រដ្ឋាភិបាល​ខ្មែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំ​រឿង​ព្រំដែនឡាវ បាន​ឡើង​កម្ដៅ​ខ្លាំង​នៅ​ថ្ងៃ​សុក្រ​។ ពោល​គឺ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ខ្មែរ បញ្ជា​ឲ្យ​​ចល័ត​ទ័ព​ទៅ​កាន់​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ស្ទឹងត្រែង ដើម្បី​ត្រៀម​ជើងការ ​ក្នុង​ករណី​ឡាវ​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ​។ ប៉ុន្តែ​កម្ដៅ​នេះ បាន​រលត់​ទៅ​វិញ​ភ្លាម​ៗ បន្ទាប់​ពី​ភាគី​ឡាវ យល់​ព្រម​ដក​កម្លាំង​ចេញ​តាម​សំណើ​​កម្ពុជា​។ អ្នក​តាម​ដាន​បញ្ហា​នយោបាយ​មួយ​ចំនួន​មើល​ឃើញ​ថា ព្រឹត្តិការណ៍​​ភ្លើង​ចម្បើង​នេះ គឺ​ជា​ឱកាស​បង្ហាញ​សាច់ដុំ​របស់​រដ្ឋាភិបាល​ខ្មែរ​ ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​។ តើ​ពិត​ជា​ដូច្នេះ​មែនឬ?

ការ​ចល័ត​ទ័ព​ចេញ​ពី​បន្ទាយ​នៅ​ក្រុង​តាខ្មៅ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្ទឹង​ត្រែង នៅ​យប់​ថ្ងៃ​សុក្រ ទី​១១​សីហា ២០១៧
ការ​ចល័ត​ទ័ព​ចេញ​ពី​បន្ទាយ​នៅ​ក្រុង​តាខ្មៅ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្ទឹង​ត្រែង នៅ​យប់​ថ្ងៃ​សុក្រ ទី​១១​សីហា ២០១៧ REUTERS
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​ព្រំដែន មិន​ថា​ជាមួយ​ប្រទេស​ជិត​ខាង​មួយ​ណា​ឡើយ ​តិច​ឬ​ច្រើន គឺ​សុទ្ធ​តែ​បាន​ផ្ដល់​ឱកាស​ទាញ​យក​ផល​ចំណេញ ​​ទៅ​ឲ្យ​អ្នក​នយោបាយ​។ នោះ​ក៏​ព្រោះ​តែ​អ្នក​នយោបាយ​ខ្មែរ មាន​ទម្លាប់​​យក​បញ្ហា​ព្រំដែនជាមួយ​ប្រទេស​ជិត​ខាង មក​ធ្វើ​​ជាចំណាប់​ខ្មាំង ដើម្បី​ស្វែង​រក​ប្រជាប្រិយភាព​សម្រាប់​គណបក្ស​ខ្លួន​។ ជាក់​ស្ដែង​ដូច​ជា​គណបក្ស​ប្រឆាំង​ដែល​តែង​តែ​ឆ្លៀត​ឱកាស​យក​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​ ទៅ​​បញ្ឆេះ​គំនិត​ជាតិ​និយម​របស់​អ្នក​គាំទ្រ​ខ្លួន​ និង​គណបក្ស​កាន់​អំណាច​ដែល​មាន​ឱកាស​បញ្ចេញ​ស្នាដៃ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ រហូត​​​ទទួល​បាន​ប្រជាប្រិយភាព​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨​។

តាម​រយៈ​ទឡ្ហីករណ៍​ទាំង​នេះ ​វា​មិន​មែន​ជា​រឿង​ចម្លែក​អ្វីសោះ​ឡើយ​​ដែល​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថា សំណុំ​រឿង​ព្រំដែន​ជាមួយ​ឡាវ​ក្នុង​រយៈ​ពេល​មួយ​ប៉ប្រិច​ភ្នែក​កាល​ពី​សប្ដាហ៍​មុន​នោះ បាន​ផ្ដល់​ឱកាសដល់​រដ្ឋាភិបាល​​​គណបក្ស​កាន់​អំណាច ដើម្បី​បង្ហាញ​សាច់ដុំ​និង​ស្នាដៃ​​របស់​ខ្លួន​ទាក់ទាញ​អ្នក​គាំទ្រ ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​​​​។

ដំបូង​និយាយ​ពី​សាច់​ដុំ​។ កង​​ទ័ព​និង​គ្រឿង​សព្វាវុធ​ធន់​ធ្ងន់ ដែល​ចល័ត​​កាត់​ទីក្រុង​ភ្នំពេញ នៅពាក់​​កណ្ដាល​អាធ្រាត​ ចង់​ឬ​មិន​ចង់ វា​បាន​បង្ហាញ​ពី​កម្លាំង​របស់​រដ្ឋាភិបាល​។ បង្ហាញ​ថា រដ្ឋាភិបាល មាន​​កង​ទ័ព​ជា​ជំហរ​ដ៏​រឹង​មាំ​នៅ​ពី​ក្រោយ​ខ្នង ហើយ​ត្រៀម​ខ្លួន​ស្ដាប់​តាម​បញ្ជា​ប្រមុខ​ដឹក​នាំ​របស់​ខ្លួន​គ្រប់​ពេល​វេលា​ទាំង​អស់​។

ចំណែក​ផ្នែក​មួយ​ទៀត ការណ៍​ដែល​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ហោះ​ទៅ​ជួប​សមភាគី​ឡាវ ដល់​ទីក្រុង​វៀងចន្ទន៍​ដើម្បី​ជជែក​រឿង​ព្រំដែន ក៏​ជា​ឱកាស​បង្ហាញ​ពី​សមត្ថភាព​ដោះ​ស្រាយ​បញ្ហាជាមួយ​​ប្រទេស​ជិត​ខាង ​របស់​ប្រមុខ​ដឹក​នាំ​​បក្ស​កាន់​អំណាច​ដែរ​​។

ជា​ការ​ពិត​ហើយ​ថា ការ​ភ្ជាប់​បញ្ហា​ព្រំដែន​ទៅ​នឹង​រឿង​នយោបាយ ពិសេស​ការទាញ​យក​ឱកាស​បង្ហាញ​សាច់ដុំ​ពី​សំណាក់​គណបក្ស​កាន់​អំណាច គឺ​ជា​សេណារីយ៉ូ​ដែល​អាច​ទៅ​រួច​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​។ នោះ​ក៏​ព្រោះ​តែវិស័យ​អ្វី​ក៏​ដោយ មិន​ចំពោះ​តែ​រឿង​ព្រំដែន​ទេ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ជានិច្ច​។ ប៉ុន្តែ​ពេល​ខ្លះ ការ​ភ្ជាប់​បញ្ហាព្រំដែន​ទៅ​នឹងរឿង​នយោបាយ នឹង​ធ្វើ​ឲ្យ​បញ្ហា​នោះ​​ ពិបាក​នឹង​ដោះ​ស្រាយ​ទៅ​វិញ​។

បញ្ហា​ព្រំដែន ដែល​ជា​អធិបតេយ្យ​នៃ​ប្រទេស គឺជា​អាយុ​ជីវិត​ប្រទេស​ជាតិ​។ ដូច្នេះ ចំណាត់ការ​ទាំង​ផ្លូវ​យោធា​និង​ការទូត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន គឺ​ជា​រឿង​ចាំ​បាច់ និង​មិន​អាច​បណ្ដែត​បណ្ដោយ​បាន​ឡើយ​។ ព្រំដែន​នៃ​ប្រទេស​មួយ មាន​តម្លៃ​លើស​លុប​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​ការ​ប៉ុនប៉ង​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​​​ពី​បញ្ហា​ព្រំដែន​នេះ គឺ​ជា​ជំហាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​​។

បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ប្រទេស​ជិត​ខាង សព្វ​ថ្ងៃ​នេះ មាន​ភាព​សាំញ៉ាំ​ខ្លាំង​ណាស់​ពេក​ទៅ​ហើយ​។ ដូច្នេះ ទាំង​សាធារណជន​និង​អ្នក​នយោបាយ មិន​គួរ​ភ្ជាប់​បញ្ហា​ព្រំដែន​ដ៏​​សំខាន់​នេះ​ទៅ​នឹង​រឿង​នយោបាយ ដែល​​ធ្វើ​ឲ្យ​វា​កាន់​តែ​សាំញ៉ាំ​ ពិបាក​ដោះ​ស្រាយ​ថែម​ទៀត​ទេ​។ បញ្ហា​ព្រំដែន​គួរ​តែ​ត្រូវ​បាន​ពិភាក្សា​ក្នុង​ក្រប​ខណ្ឌ​បញ្ហា​ព្រំដែន​បាន​ហើយ​។ លើស​ពី​នេះ ប្រសិន​បើ​អាច​ទៅ​រួច ការដោះ​ស្រាយ​​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង គួរ​តែ​ធ្វើ​ដោយ​អត់ធ្មត់ ​តាម​ផ្លូវ​ការ​ទូត​ដោយ​សន្តិវិធី ដើម្បី​បញ្ចៀស​​នូវ​កង្វល់​របស់​ប្រជារាស្ត្រ​និង​បង្កើន​ទំនុក​ចិត្ត​ទៅ​លើ​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ