សំណុំរឿងព្រំដែនឡាវជាឱកាសបង្ហាញសាច់ដុំរបស់រដ្ឋាភិបាលខ្មែរ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:២៩
សំណុំរឿងព្រំដែនឡាវ បានឡើងកម្ដៅខ្លាំងនៅថ្ងៃសុក្រ។ ពោលគឺនៅពេលដែលរដ្ឋាភិបាលខ្មែរ បញ្ជាឲ្យចល័តទ័ពទៅកាន់តំបន់ព្រំដែនក្នុងខេត្តស្ទឹងត្រែង ដើម្បីត្រៀមជើងការ ក្នុងករណីឡាវមិនព្រមដកទ័ពចេញពីតំបន់ជម្លោះ។ ប៉ុន្តែកម្ដៅនេះ បានរលត់ទៅវិញភ្លាមៗ បន្ទាប់ពីភាគីឡាវ យល់ព្រមដកកម្លាំងចេញតាមសំណើកម្ពុជា។ អ្នកតាមដានបញ្ហានយោបាយមួយចំនួនមើលឃើញថា ព្រឹត្តិការណ៍ភ្លើងចម្បើងនេះ គឺជាឱកាសបង្ហាញសាច់ដុំរបស់រដ្ឋាភិបាលខ្មែរ ខណៈពេលដែលការបោះឆ្នោតកំពុងតែខិតជិតចូលមកដល់។ តើពិតជាដូច្នេះមែនឬ?
សំណុំរឿងព្រំដែន មិនថាជាមួយប្រទេសជិតខាងមួយណាឡើយ តិចឬច្រើន គឺសុទ្ធតែបានផ្ដល់ឱកាសទាញយកផលចំណេញ ទៅឲ្យអ្នកនយោបាយ។ នោះក៏ព្រោះតែអ្នកនយោបាយខ្មែរ មានទម្លាប់យកបញ្ហាព្រំដែនជាមួយប្រទេសជិតខាង មកធ្វើជាចំណាប់ខ្មាំង ដើម្បីស្វែងរកប្រជាប្រិយភាពសម្រាប់គណបក្សខ្លួន។ ជាក់ស្ដែងដូចជាគណបក្សប្រឆាំងដែលតែងតែឆ្លៀតឱកាសយកបញ្ហាព្រំដែនជាមួយវៀតណាម ទៅបញ្ឆេះគំនិតជាតិនិយមរបស់អ្នកគាំទ្រខ្លួន និងគណបក្សកាន់អំណាចដែលមានឱកាសបញ្ចេញស្នាដៃដោះស្រាយជម្លោះព្រំដែនជាមួយថៃ រហូតទទួលបានប្រជាប្រិយភាពភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨។
តាមរយៈទឡ្ហីករណ៍ទាំងនេះ វាមិនមែនជារឿងចម្លែកអ្វីសោះឡើយដែលអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា សំណុំរឿងព្រំដែនជាមួយឡាវក្នុងរយៈពេលមួយប៉ប្រិចភ្នែកកាលពីសប្ដាហ៍មុននោះ បានផ្ដល់ឱកាសដល់រដ្ឋាភិបាលគណបក្សកាន់អំណាច ដើម្បីបង្ហាញសាច់ដុំនិងស្នាដៃរបស់ខ្លួនទាក់ទាញអ្នកគាំទ្រ ខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់។
ដំបូងនិយាយពីសាច់ដុំ។ កងទ័ពនិងគ្រឿងសព្វាវុធធន់ធ្ងន់ ដែលចល័តកាត់ទីក្រុងភ្នំពេញ នៅពាក់កណ្ដាលអាធ្រាត ចង់ឬមិនចង់ វាបានបង្ហាញពីកម្លាំងរបស់រដ្ឋាភិបាល។ បង្ហាញថា រដ្ឋាភិបាល មានកងទ័ពជាជំហរដ៏រឹងមាំនៅពីក្រោយខ្នង ហើយត្រៀមខ្លួនស្ដាប់តាមបញ្ជាប្រមុខដឹកនាំរបស់ខ្លួនគ្រប់ពេលវេលាទាំងអស់។
ចំណែកផ្នែកមួយទៀត ការណ៍ដែលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ហោះទៅជួបសមភាគីឡាវ ដល់ទីក្រុងវៀងចន្ទន៍ដើម្បីជជែករឿងព្រំដែន ក៏ជាឱកាសបង្ហាញពីសមត្ថភាពដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង របស់ប្រមុខដឹកនាំបក្សកាន់អំណាចដែរ។
ជាការពិតហើយថា ការភ្ជាប់បញ្ហាព្រំដែនទៅនឹងរឿងនយោបាយ ពិសេសការទាញយកឱកាសបង្ហាញសាច់ដុំពីសំណាក់គណបក្សកាន់អំណាច គឺជាសេណារីយ៉ូដែលអាចទៅរួចដ៏គួរឲ្យចាប់អារម្មណ៍មួយ ខណៈពេលដែលការបោះឆ្នោតជាតិកាន់តែខិតជិតចូលមកដល់។ នោះក៏ព្រោះតែវិស័យអ្វីក៏ដោយ មិនចំពោះតែរឿងព្រំដែនទេ គឺមានជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយជានិច្ច។ ប៉ុន្តែពេលខ្លះ ការភ្ជាប់បញ្ហាព្រំដែនទៅនឹងរឿងនយោបាយ នឹងធ្វើឲ្យបញ្ហានោះ ពិបាកនឹងដោះស្រាយទៅវិញ។
បញ្ហាព្រំដែន ដែលជាអធិបតេយ្យនៃប្រទេស គឺជាអាយុជីវិតប្រទេសជាតិ។ ដូច្នេះ ចំណាត់ការទាំងផ្លូវយោធានិងការទូតដើម្បីដោះស្រាយបញ្ហាព្រំដែន គឺជារឿងចាំបាច់ និងមិនអាចបណ្ដែតបណ្ដោយបានឡើយ។ ព្រំដែននៃប្រទេសមួយ មានតម្លៃលើសលុបមិនអាចកាត់ថ្លៃបាន ហើយការប៉ុនប៉ងទាញយកផលប្រយោជន៍ផ្នែកនយោបាយពីបញ្ហាព្រំដែននេះ គឺជាជំហានគ្រោះថ្នាក់ខ្លាំងណាស់។
បញ្ហាព្រំដែនរវាងកម្ពុជានិងប្រទេសជិតខាង សព្វថ្ងៃនេះ មានភាពសាំញ៉ាំខ្លាំងណាស់ពេកទៅហើយ។ ដូច្នេះ ទាំងសាធារណជននិងអ្នកនយោបាយ មិនគួរភ្ជាប់បញ្ហាព្រំដែនដ៏សំខាន់នេះទៅនឹងរឿងនយោបាយ ដែលធ្វើឲ្យវាកាន់តែសាំញ៉ាំ ពិបាកដោះស្រាយថែមទៀតទេ។ បញ្ហាព្រំដែនគួរតែត្រូវបានពិភាក្សាក្នុងក្របខណ្ឌបញ្ហាព្រំដែនបានហើយ។ លើសពីនេះ ប្រសិនបើអាចទៅរួច ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង គួរតែធ្វើដោយអត់ធ្មត់ តាមផ្លូវការទូតដោយសន្តិវិធី ដើម្បីបញ្ចៀសនូវកង្វល់របស់ប្រជារាស្ត្រនិងបង្កើនទំនុកចិត្តទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ