ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
កម្ពុជា

​តំណាង​គណ​បក្ស​នយោបាយ​មួយ អញ្ជើញ​ប្រធាន​គណៈ​កម្មការ​ព្រំ​ដែន​កម្ពុជា​ទៅ​បំភ្លឺ ជុំ​វិញ ព្រំ​ដែន​កម្ពុជា-វៀត​ណាម​

media ការចរចារព្រំដែនកម្ពុជា-វៀតណាម @សហការី

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់ នៅ​ព្រឹក​មិញ​នេះ បាន​ដាក់​លិខិត​ជា​ផ្លូវ​ការ អញ្ជើញ​លោក​ទេស​រដ្ឋ​មន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈ​កម្មការ​ព្រំដែន​កម្ពុជា​ទៅ​បំភ្លឺ ជុំវិញ​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ​។ ការ​កោះ​អញ្ជើញ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ក្រប​ខណ្ឌ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​។ 

ការ​កោះ​អញ្ជើញ​នេះ គឺ​ដើម្បី​ស្រាយ​បំភ្លឺ​ពី​ចំងល់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ជុំវិញ​គោល​បំណង​នៃ​ការ​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​ចំនួន​ពីរ​រវាង​កម្ពុជា​និង​វៀត​ណាម កាល​ពី​ថ្ងៃទី ០៥ តុលា កន្លង​ទៅ​។ នេះ​បើ​យោង​តាម​លិខិត​របស់​លោក ពេជ្រ ស្រស់ ប្រធាន​ប្រតិ​ភូ​គណ​បក្ស​យុវជន​កម្ពុជា ផ្ញើ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ០៩ តុលា នេះ​។

លិខិត​នេះ បាន​លើក​ឡើង​ថា ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចំនួន​ពីរ​រវាង​កម្ពុជា-វៀតណាម ស្តី​ពី សន្ធិ​សញ្ញា​បំពេញ​បន្ថែម​លើ​ការ​កំណត់​ព្រំ​ដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​ឆ្នាំ​២០០៥ និង​ពិធី​សារ​ខណ្ឌ​សីមា​និង​បង្គោល​ព្រំ​ដែន​គោក​ប្រទេស​ទាំង​ពីរ ដែល​ជា​ចំណុច​ងឿង​ឆ្ងល់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ជា​ពិសេស​ការ​មិន​បាន​យល់​ច្បាស់​អំពី​គោល​បំណង​នៃ​សន្ធិ​សញ្ញា​ទាំង​ពីរ​ខាង​លើ​នេះ ជា​ហេតុ​បង្ក​ឲ្យ​មាន​អសន្តិ​សុខ​នៅ​ក្នុង​សង្គម​ជាតិ​។ នៅ​ក្នុង​ន័យ​នេះ លោក ពេជ្រ ស្រស់ បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោក​ទេស​រដ្ឋ​មន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈ​កម្មការ​ព្រំដែន​កម្ពុជា ចូល​រួម​ប្រជុំ​នៅ​ចំពោះ​មុខ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ក្នុង​គោល​បំណង​ស្វែង​រក​ចំណុច​វិជ្ជ​មាន​និង​អវិជ្ជមាន អំពី​កិច្ច​ព្រម​ព្រៀង​ទាំង​ពីរ រួម​ទាំង​នីតិ​វិធី​នៃ​ការ​បោះ​បង្គោល​ព្រំ​ដែន​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប លោក​ទេស​រដ្ឋ​មន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈ​កម្មការ​ព្រំ​ដែន​កម្ពុជា បាន​អះអាង​ថា លោក​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​អញ្ជើញ​នេះ នៅ​ថ្ងៃ​ទី១០ តុលា ចាប់​ពី​វេលា​ម៉ោង៨និង៣០នាទី​ព្រឹក​ត​ទៅ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ទេស​រដ្ឋ​មន្ត្រី​។

គួរ​ជំរាប​ជូនថា នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​វៀត​ណាម​កាល​ពី​ដើម​ខែ​តុលា​នេះ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន ជា​ពិសេស គឺ​ការ​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​លើ​ការ​កំណត់​ព្រំ​ដែន​រដ្ឋ​ឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ និង​ការ​ចុះ​ហត្ថ​លេខា​លើ​ពិធី​សារ​ខណ្ឌ​សីមា និង​បង្គោល​ព្រំ​ដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​។ ជា​ការ​ចុះ​ហត្ថ​លេខា​ដើម្បី​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មក​ទល់​នឹង​ពេល​នេះ​សម្រេច​បាន​ចំនួន​៨៤%​ហើយ​។

យ៉ាង​ណា​ក៏​ដោយ ការ​ចុះ​ហត្ថ​លេខា​នេះ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អ្នក​នយោ​បាយ​ខ្មែរ​មក​ពី​អតីត​គណ​បក្ស​ប្រឆាំង​។ អតីត​គណបក្ស​ប្រឆាំង ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​មិន​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ឡើយ​។ សេច​ក្តី​ថ្លែង​ការណ៍​បាន​ចាត់​ទុក​ថា ការ​ចុះ​ហត្ថ​លេខា​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម ស្តីពី ការ​ទទួល​ស្គាល់​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​បោះ​បាន​ចំនួន​៨៤%​នោះ គឺ​ជា​ការ​ចុះ​ហត្ថ​លេខា​កាត់​ទឹក​ដី​ខ្មែរ​ទៅ​ឲ្យ​ប្រទេស​វៀត​ណាម ដោយ​ស្រប​ច្បាប់ ដែល​អតីត​គណ​បក្ស​ប្រឆាំង​មួយ​នេះ បាន​អះអាង​ថា មិន​អាច​ទទួល​យក​បាន​ឡើយ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ