អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍន៍

សហគមន៍​បុរី​កីឡា​ពីរ​ក្រុម ណាត់គ្នា​ប្រារព្ធ​ខួប៥ឆ្នាំ​នៃ​ការបណ្តេញចេញ

ដូច​ការគ្រោងទុក ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ពីរ​ក្រុម ដែល​ត្រូវបាន​បណ្តេញចេញ កាលពី​ប្រាំ​ឆ្នាំមុន បានមក​ជួបជុំគ្នា នៅ​បុរី​កីឡា នា​ថ្ងៃ​អង្គារ​នេះ ដើម្បី ប្រារព្ធ​ខួប នៃ​ការបណ្តេញចេញ និង​ទាមទា​សំណង​បន្ថែម។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់ថា ការស្នើសុំ​សំណង​បន្ថែម របស់​សហគមន៍​បុរី​កីឡា រស់នៅ​ឃុំ​ភ្នំ​បាត ជា​រឿង​មិនអាច​ទៅរួច​ទេ ចំណែក​ពលរដ្ឋ ១៥គ្រួសារ ដែល​នៅ​សេសសល់ រងចាំ​សំណង​នៅ បុរី​កីឡា នឹងត្រូវ​ទទួលបាន ត្រឹម​គោល​នយោបាយ​ផ្ទះ​នៅ សហគមន៍​អណ្តូង ឬ​ប្រាក់ បី​ពាន់​ដុល្លារ ដែលជា​ដំណោះស្រាយ​ចុងក្រោយ។

បុរីកីឡា​​ជាទីដែល​អាជ្ញាធរ​សមត្ថកិច្ច​បង្រ្កាប​ដោយ​ហិង្សា​និងចាប់ឃុំខ្លួន​ក្រុម​អ្នកតរ៉ាដីធ្លី​នៅទីនេះ​​
បុរីកីឡា​​ជាទីដែល​អាជ្ញាធរ​សមត្ថកិច្ច​បង្រ្កាប​ដោយ​ហិង្សា​និងចាប់ឃុំខ្លួន​ក្រុម​អ្នកតរ៉ាដីធ្លី​នៅទីនេះ​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សហគមន៍​ពលរដ្ឋរ​ង​គ្រោះ​ដោយសារ​ការបណ្តេញចេញ នៅក្នុង​រាជធានី​ភ្នំពេញ សរុប​ប្រមាណ ១០០នាក់ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ បានមក​ជួបជុំគ្នា​នៅ ដី​បុរី​កីឡា ដើម្បី​ប្រារព្ធ​ខួប ៥ឆ្នាំ នៃ​ការបណ្តេញ​ចេញពី​បុរី​កីឡា។ អ្នកភូមិបុរីកីឡា​​ដែល​​មិន​ទាន់​​ទទួល​​សំណង​ពីរដ្ឋាភិបាល​​បាន​និមន្ត​​ព្រះសង្ឃ​ ៥អង្គ មកសូត្រមន្ត បង្សុកូល រាប់បាត នៅបរិវេណបុរីកីឡា​ដោយ​មាន​ការ​ចង​ប៉េង​ប៉ោង​ ទង់​សាសនា​ ទង់​ជាតិ​ប្រទេស​កម្ពុជា​ បដា​តវ៉ា​ និង​ភ្ញៀវ​ជិត​ខាង​មក​ពី ស​ហគមន៍​​បឹងកក់​​ ផ្លូវ​រទេះ​ភ្លើង​ ឃុំ​ភ្នំបាត​ចូលរួម​។​ អំឡុង​រៀបចំ​ពិធី មាន​ការ​ប្រឈម​មុខ​ដាក់គ្នា​​មួយ​ប្រ៉ាវ រវាង​សហគមន៍​ឃុំភ្នំបាត និង​សន្តិសុខ​ខណ្ឌ ៧មករា ដែល​រារាំង​ការ​ប៉ុនប៉ង​​ចូល​តាំ​ង​ទី​លំនៅ​ឡើងវិញ របស់​អ្នក​ឃុំភ្នំបាត។​

លោកស្រី ស ស៊ន អ្នករស់នៅ​បុរី​កីឡា ដែល​កំពុង​រងចាំ​ទទួល​សំណង​ពី​ការបណ្តេញចេញ កាលពី​ឆ្នាំ២០១២ បាន ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ថា ការ​រំលឹក​ខួប ប្រាំ​ឆ្នាំនេះ គឺ ដើម្បី​បង្ហាញ​ពី ការអភិវឌ្ឍ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ជាមួយ​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច (Phan Imex)នាំទុក្ខ​ឲ្យ​រាស្ត្រ​រស់នៅ​វេទនា អត់​ទីជម្រក។

ស្ត្រី​មេ​មា​យ បាត់បង់​ប្តី​ទាហាន ក្នុង​បុព្វហេតុ​ការពារជាតិ រូបនេះ បន្ថែមថា អ្នកស្រី ក៏​ជា​ពលរដ្ឋ​ទាំង ១៧គ្រួសារ កំពុង​រស់នៅ​លើ​គំនរ​សម្រាម ក្នុង​បុរី​កីឡា ចង់បាន​ការអភិវឌ្ឍ​នៅនឹងកន្លែង ដោយ​មិនអាច​ទទួលយក​បានទេ ជម្រើស​ផ្ទះ នៅ​សហគមន៍​អណ្តូង ដែល​គ្មាន អគ្គិសនី ទឹក សាលារៀន ផ្សារ ឬ​ប្រាក់ ៣ពាន់​ដុល្លារ ដែល​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​ឲ្យ។ 

បើតាម អ្នកស្រី ស ស៊ន សហគមន៍​ឃុំ​ភ្នំ​បាត ប្រមាណ ១០គ្រួសារ ក្នុងចំណោម ៧០គ្រួសារ ក៏បាន​វិល​ត្រឡប់មក​រស់នៅ លើ​អគារ​បុរី​កីឡា​វិញ​ហើយ ព្រមទាំង​បានប្រកាស​ទាមទា​សំណង​បន្ថែមទៀត ផងដែរ។ ត្បិត​សហគមន៍​ឃុំ​ភ្នំ​បាត ស្ថិត​ចម្ងាយ​ប្រហែល ៤០គីឡូម៉ែត្រ ពី​រាជធានី ដែល​ពួកគេ​រស់នៅ គ្មាន​អគ្គិសនី ទឹក សាលារៀន ផ្សារ ពិបាក​ប្រកប​របរ​ទទួលទាន ទើប​ពួកគេ​ដាច់ចិត្ត​ត្រឡប់មក ដើរ​រើស​អេតចាយ ដើម្បី​រស់នៅ​ទីក្រុង​ភ្នំពេញ​វិញ។

លោក ម៉ាន ចាន់​យ៉ា​ដា អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សាលាក្រុង នឹង​កោះប្រជុំ​ជាមួយ ក្រុមគ្រួសារ ដែល​មិន​ព្រម​ទទួលយក​សំណង ទាំង ១៥គ្រួសារ នៅ​បុរី​កីឡា ដើម្បី​ជម្រាប​ពី កាលបរិច្ឆេទ​ច្បាស់លាស់ ទទួលយក​ដំណោះស្រាយ ឬ​បោះបង់​សិទ្ធិ​ទទួល​ដំណោះស្រាយ។ ដំណោះស្រាយ របស់​សាលា​រាជធានី គឺ សហគមន៍​ត្រូវបាន​ចែកជា បី​ប្រភេទ ក្នុងនោះ​ប្រភេទ​ទីមួយ គឺជា គ្រួសារ​មាន​ឯកសារ​កាន់កាប់ គ្រប់គ្រាន់ នឹងត្រូវ​បានទទួល​ផ្ទះ​នៅ​បុរី​កីឡា ចំណែក​ប្រភេទ​ទី​ពីរ គឺ​ទទួលបាន​ផ្ទះ​នៅ​សហគមន៍​អណ្តូង និង​ប្រភេទ​ចុងក្រោយ ឥតមាន​ឯកសារ​សោះ នឹង ទទួលបាន​ថវិកា បី​ពាន់​ដុល្លារ។ លោក ម៉ាន ចាន់​យ៉ា​ដា បញ្ជាក់ថា អ្នក​ដែល​នៅសល់ ទាំង ១៥គ្រួសារ​នោះ គឺ​ស្ថិតក្នុង​ប្រភេទ អាច​ទទួលបាន​ត្រឹម​សំណង ផ្ទះ​នៅ​សហគមន៍​អណ្តូង ឬ​ប្រាក់ ៣ពាន់​ដុល្លារ។

គួររំលឹកថា កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ កងកម្លាំង​រដ្ឋាភិបាល បាន​ចូលទៅ​រុះរើ ផ្ទះ និង​បណ្តេញ​អ្នកភូមិ​ជាង ២០០នាក់ ចេញ សហគមន៍​បុរី​កីឡា ដែល​ស្ថិតក្រោម​គម្រោង​អភិវឌ្ឍន៍​របស់ ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច (Phan Imex)ជា ក្រុមហ៊ុន​របស់លោក​ស្រី ស៊ុយ សុផាន អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា។ លោកស្រី ស៊ុយ សុផាន ត្រូវបាន​រដ្ឋាភិបាល ផ្តល់​ដី​ឲ្យ ក្នុង​ទំហំ ២,៦ហិកតា ជា​ថ្នូរ​នឹង កិច្ចសន្យា​សាងសង់​អគារ​ចំនួន ១០សម្រាប់ អ្នកភូមិ ១.៧៧៦គ្រួសារ ដែល​ត្រូវបាន​បណ្តេញចេញ។ នៅពេល​សាងសង់ បាន៨ អគារ ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ក៏​ប្រកាស ក្ស័យធន ដោយ​បន្សល់ ទុក​ឲ្យ​អ្នកភូមិ​ជាង ៣០០ គ្រួសារ ស្វែងរក​ផ្ទះ​នៅ​កន្លែង​ផ្សេង ឬ​រងចាំ​ទទួល​សំណង​តាម​គោលការណ៍​របស់​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ