អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ ជួប​ពលរដ្ឋ​ម្តងទៀត​ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​បុរីកីឡា

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ជួប​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​បុរីកីឡា​ ជា​លើក​ចុងក្រោយ​ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៅ​បុរីកីឡា​។ ​អ្នក​ភូមិ​បុរីកីឡា​ ជាង​ ១០០​ គ្រួសារ​ បាន​ទាមទារ​កម្មសិទ្ធិ​រស់នៅ​ផ្ទះល្វែង​ ក្នុង​តំបន់​បុរីកីឡា​ បន្ទាប់​ពី​អាជ្ញាធរ​សម្រេច​ឲ្យ​តែ​អ្នកភូមិ​ ២៥ គ្រួសារ​ ចុងក្រោយ​ប៉ុណ្ណោះ​ មាន​សិទ្ធិ​ ទទួល​បាន​ផ្ទះល្វែង​។ ក្រៅ​ពី​នោះ ​៨៩ គ្រួសារ​ ត្រូវ​ទៅ​រស់នៅក្នុង​ភូមិ​អណ្តូង​ និង ​៣៨ គ្រួសារ​ ទទួល​គោល​នយោបាយ​ ជា​ថវិកា​។

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ នៅ​សាលាខណ្ឌ​ ៧ មករា​ នា​ថ្ងៃ​ទី​២១​មេសា​នេះ ​ចូលរួម​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ព្រមទាំង​សង្គមស៊ីវិល​ ជាមួយ​នឹង​ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​នៅ​បុរីកីឡា​ជាង​ ១០០​ គ្រួសារ​។ ​អ្នក​តវ៉ា​ដែល​នៅ​សេសសល់​ ទាមទារ​កម្មសិទ្ធិ​ផ្ទះល្វែង ​ក្នុង​តំបន់​បុរីកីឡា​ បន្ទាប់​ពី​អាជ្ញាធរ​បាន​សម្រេច​ តាម​រយៈ​ប្រកាស​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិនា​ គឺ​អ្នក​មាន​សិទ្ធិ​ទទួល​បាន​ផ្ទះល្វែង​នៅ​បុរីកីឡា ​មាន​ចំនួន​ត្រឹមតែ​ ២៥ គ្រួសារ​ប៉ុណ្ណោះ។ ​ក្រៅ​ពី​នោះ​ អាជ្ញាធរ​សម្រេច​ថា​ ៨៩ គ្រួសារ​ ត្រូវ​បាន​ផ្ទះ ​រស់នៅ​ក្នុង​ភូមិ​អណ្តូង ​ជាយ​រាជធានី​ភ្នំពេញ​ និង​ ៣៨​ គ្រួសារ​ ទទួល​បាន​គោល​នយោបាយ​ ជាថវិកា ​ដែល​មិន​ទាន់​កំណត់​នៅ​ឡើយ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ ៨៩ គ្រួសារ​ និង​ ៣៨ គ្រួសារ​ តវ៉ា ​ទាមទារ​ផ្ទះល្វែង​ នៅ​បុរីកីឡា​ ដោយ​អ្នកស្រី​ ឆាយ គឹមហ៊ន​ តំណាង​អ្នក​តវ៉ា ​សំអាង​ថា​ ពួកគាត់​មាន​លិខិត​បញ្ជាក់​គ្រប់​គ្រាន់​។ ដូច្នេះ​ហើយ​ បាន​ជា​ក្នុង​កិច្ចប្រជុំ​ នៅ​ថ្ងៃ​ទី​២១​មេសា​នេះ​ អាជ្ញាធរ​បាន​ផ្តល់​ឱកាស​លើក​ចុងក្រោយ​ឲ្យ​ប្រជាពលរដ្ឋ​ អ្នក​តវ៉ា​ បង្ហាញ​ឯកសារ​ជា​ថ្មី​ទៀត​។

តាម​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក ឡុង ឌីម៉ង់ ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២១​មេសានេះ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អស់​ចិត្ត​ ហើយ​បើ​ប្រជាពលរដ្ឋ​ណា ​មាន​ឯកសារ​គ្រប់គ្រាន់​ នោះ​ក្រុម​ការងារ​ចម្រុះ​ ដែល​មាន​សង្គម​ស៊ីវិល​ចូលរួម​ផង​ នឹង​ពិចារណា​ ដើម្បី​ផ្តល់​ផ្ទះ​ល្វែង​នៅ​បុរីកីឡា ​ដូច​ការ​តវ៉ា​។

នៅ​ពេល​ព្រឹក​ កិច្ចប្រជុំ​ បាន​ធ្វើ​ឡើង​រវាង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​បុរីកីឡា​ ២ ក្រុម​ ហើយ​នៅ​ពេល​ល្ងាច ​អាជ្ញាធរ​នឹង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​បុរីកីឡា ​១ ​ក្រុម​ទៀត។ ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ ​អាជ្ញាធរ​មិនទាន់​ប្រកាស​នៅ​ឡើយ​ទេ។

កាល​ពី​ឆ្នាំ​២០០៣​ រដ្ឋាភិបាល ​បាន​ប្រគល់​តំបន់​បុរីកីឡា​ ទំហំ​ជាង​ ១៤ ហិកតា ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ដើម្បី​អភិវឌ្ឍន៍​ជា​បុរី​ផ្ទះល្វែង​។ ក្នុង​នោះ​ ក្រុមហ៊ុន​ ត្រូវ​សាងសង់​អគារ​ផ្ទះ​ល្វែង​ ចំនួន​ ១០​ ជា​សំណង​ឲ្យ​ប្រជាពលរដ្ឋ​យ៉ាងហោច​ណាស់ ​១៧៧៦​ គ្រួសារ​ ដែល​រស់នៅ​ទីនោះ​។​ ប៉ុន្តែ​ការ​តវ៉ា​បាន​កើត​មាន​ជា​បន្ត​បន្ទាប់​ ខណៈ​ដែល​ក្រុមហ៊ុន​ សាងសង់​ត្រឹមតែ ​៨ ផ្ទះល្វែង​។ រីឯ​អ្នក​តវ៉ា ​ត្រូវ​បាន​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ អះអាង​ថា ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ