អានតួអត្ថបទ
កម្ពុជា-នយោបាយ

​អង់គ្លេស​ប្រកាស​សន្យា​ផ្តល់​ការ​អនុ​គ្រោះ​ពន្ធ​ដល់​កម្ពុជា ​តែ​សុំ​ឱ្យ​កម្ពុជា​គាំទ្រ​ខ្លួន​ធ្វើ​ជា​ដៃ​គូ​ជាមួយ​អាស៊ាន​

រដ្ឋា​ភិបាល​អង់​គ្លេស​តាម​រយៈ​មន្រ្តី​ជាន់​ខ្ពស់​កាល​ពី​ថ្ងៃអង្គារ​ម្សិល​មិញ បាន​ប្រកាស​ថា អង់​គ្លេស​នឹង​ផ្តល់​ការ​អនុ​គ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​តាម​គំរូ​សហភាព​អឺរ៉ុប​ដែរ បន្ទាប់​ពី​ខ្លួន​ចាក​ចេញ​ពី​អឺរ៉ុប​ជា​ផ្លូវ​ការ​នា​ពេល​ខាង​មុខ​។ ប៉ុន្តែ​ជា​ថ្នូរ​នឹង​ការ​ធ្វើ​បែប​នេះ អង់គ្លេស​ក៏​មាន​លក្ខ​ខណ្ឌ​មួយ​សម្រាប់​កម្ពុជា​ដែរ​ គឺ​សុំ​ឱ្យ​កម្ពុជា​គាំទ្រ​ខ្លួន​ធ្វើ​ជា​ដៃ​គូ​សន្ទនា​ជាមួយ​អាស៊ាន​នៅ​ពេល​ដែល​ខ្លួន​លែង​ជា​សមាជិក​សហភាព​អឺរ៉ុប​ទៀត​។ 

អង់គ្លេសប្រកាសសន្យាផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជា
អង់គ្លេសប្រកាសសន្យាផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ផ្តល់​ការ​អនុ​គ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​របស់​អង់​គ្លេស​នេះ ធ្វើ​ឡើង​ដោយ លោកស្រីHeather Wheeler អនុ​រដ្ឋ​លេខា​ធិការ​សភា និង​ជា​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី និង​ប៉ាស៊ី​ហ្វិកនៃ​ក្រសួង​ការ​បរទេស​អង់​គ្លេស​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រាក់ សុខុន រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា។ លោកស្រីHeather Wheeler បាន​ប្រាប់​ប្រមុខ​ការ​ទូត​កម្ពុជា​ថា អង់គ្លេស​នឹង​ចាក​ចេញ​ពី​សហ​ភាព​អឺរ៉ុប​នា​ពេល​ខាង​មុខ​នេះ ប៉ុន្តែ​អង់​គ្លេស​នៅ​តែ​ផ្តល់​ការ​អនុ​គ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម​ដល់​ប្រទេស​កម្ពុជា ព្រម​ទាំង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច​ចំនួន​៤៧​ប្រទេស​ទៀត​។ នេះ​បើ​តាម​បញ្ជាក់​ឱ្យ​ដឹង​របស់​លោក មាស គឹមហេង អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ក្រោយ​កិច្ច​ប្រជុំ​នោះ​។

លោក មាស គឹមហេង ក៏​បាន​អះអាង​ឱ្យ​ដឹង​ដែរ​ថា ជាមួយ​នឹង​ការ​សន្យា​បែប​នេះ លោកស្រី Heather Wheeler ក៏​បាន​ស្នើ​សុំ និង រំពឹង​ថា កម្ពុជា​នឹង​គាំទ្រ​ខ្លួន​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​សន្ទនា​ជាមួយ​នឹង​អាស៊ាន​នៅ​ពេល​ណា​ដែល​អង់​គ្លេស​ចេញ​ផុត​ពី​សហ​ភាព​អឺរ៉ុប​។ ជា​ការ​ឆ្លើយ​តប​វិញ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​បាន​សន្យា​ទៅ​វិញ​ថា កម្ពុជា​នឹង​គាំទ្រ​បេក្ខ​ភាព​អង់​គ្លេស​ក្នុង​រឿង​នេះ​។

សូម​កត់​សម្គាល់​ថា ការ​ប្រកាស​ជំហរ​របស់​អង់​គ្លេស​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​សហ​ភាព​អឺរ៉ុប ដោយ​សារ​តែ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​។ ក៏​ប៉ុន្តែ នៅ​ពេល​នេះ កម្ពុជា​កំពុង​មាន​សុទិដ្ឋិ​និយម​ឡើង​វិញ ក្រោយ​ការ​ប្រកាស​របស់​អង់​គ្លេស​បែប​នេះ​។ លោក មាស គឹមហេង បាន​គូស​បញ្ជាក់​ថា សម្រាប់​កម្ពុជា នេះ​គឺ​ជា​ចំណុច​វិជ្ជ​មាន​។ វិជ្ជ​មាន ដោយ​ហេតុ​ថា អង់​គ្លេស គឺ​ជា​ទីផ្សារ​ធំ​ទីពីរ​ហើយ​បន្ទាប់​ពី​អាល្លឺម៉ង់​ដែល​បាន​ទិញ​ទំនិញ​ពី​កម្ពុជា​តាម​ច្រក​ទីផ្សារ​សហភាព​អឺរ៉ុប​។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និង អង់​គ្លេស​តាម​ច្រក​សហភាព​អឺរ៉ុប​នេះ មាន​ចំនួន​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក​នា​ពេល​កន្លង​មក​។ ផលិត​ផល​របស់​កម្ពុជា​ដែល​អង់​គ្លេស​បញ្ជា​ទិញ​ភាគ​ច្រើន គឺ​សម្លៀក​បំពាក់ ផលិត​ផល​ស្បែក​ជើង និង​កង់​។ នេះ​បើ​តាម​បង្ហាញ​ឱ្យ​ដឹង​របស់​លោក មាស គឹម​ហេង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ