អានតួអត្ថបទ
កម្ពុជា

ព្រះសង្ឃ​ក្នុង​រាជធានី​ភ្នំពេញ​ចេញ​វិធាន​ការ​ទប់ស្កាត់​សកម្មភាព​រៃអង្គាសថវិកានៅតាមទីសាធារណៈ

នៅ​ក្នុង​សន្និ​បាត​មន្ត្រី​សង្ឃ​ទូទាំង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃម្សិល​មិញ ព្រះ​មេគណ​រាជធានី​ភ្នំពេញ​បាន​មានសង្ឃដី​កាថា មន្ត្រី​សង្ឃ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ព្រះ​គ្រូ​អនុគណ​ទាំង​១២​ខណ្ឌ នឹង​រួម​គ្នា​ទប់​ស្កាត់​សកម្ម​ភាព រ៉ៃ​អង្គាសថវិកា ឬ​បិណ្ឌ​បាត្រ​ក្លែង​ក្លាយ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ព្រះ​អង្គ​ចាត់​ទុក​សកម្ម​ភាព រៃ​អង្គាស​ខ្លះ បាន ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ព្រះ​ពុទ្ធ​សាសនា និង​សណ្តាប់​ធ្នាប់​សាធារណៈ។   

សង្ឃ​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​រាជ​ធានី​ភ្នំពេញ ​ផ្សព្វផ្សាយ​ខ្លឹម​សារ​អនុ​សំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី២៥​
សង្ឃ​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​រាជ​ធានី​ភ្នំពេញ ​ផ្សព្វផ្សាយ​ខ្លឹម​សារ​អនុ​សំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី២៥​ FB:សាលាគណរាជធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​រាជ​ធានី​ភ្នំពេញ ដើម្បី​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​អនុសំវច្ឆរៈ​មហា​សន្និបាត​មន្ត្រីសង្ឃ​ទូទាំង​ប្រទេស​លើក​ទី២៥ ​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ ព្រះ​មេគណ​រាជ​ធានី​ភ្នំពេញ ​ភិក្ខុ​ឃឹម​ សន ​បាន​មានសង​ដីកា​ថា​ព្រះ​គ្រូ​អនុ​គណទាំង​១២​ខណ្ឌ បាន​លើក​ឡើង​ពី​បញ្ហា​កង្វល់​របស់​ព្រះ​សង្ឃ​ច្រើន​ ដែល​មាន​ដូចជា​ករណី​បិណ្ឌ​បាត្រ ​បញ្ហា​រ៉ៃ​អង្គាស​ប្រាក់​ក្នុង​រាជ​ធានី​ភ្នំពេញ។

ព្រះ​ភិក្ខុ​ឃឹម សន បាន​មាន​សង្ឃដីកា​បន្ថែម​ថា​កន្លង​មក​នេះ មាន​ក្រុម​បុគ្គល​មួយ​ចំនួន​បាន​យក​ព្រះ​ពុទ្ធ​រូបដាក់​លើ​ម៉ូតូ​កង់​បី​ហែ​ក្នុង​ទីកុ្រង ដើម្បី​រៃអង្គាស​ថវិកា ដែល​សកម្ម​ភាព​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ព្រះ​ពុទ្ធសាសនា និង​សណ្តាប់​ធ្នាប់​សាធារណៈ​។ ព្រះ​អង្គ​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្ម​ភាព​បែប​នេះ ក្នុង​ទី​ក្រុង​ទេ ហើយ​បើ​មាន​ព្រះ​សង្ឃ ឬ​ពុទ្ធបរិសទ្យ​ណា ចង់​រៃ​អង្គាស​លុះ​ត្រា​តែ​មាន​កន្លែង​សមរម្យ។

ព្រះ​អង្គ​បន្ថែម​ថា​សកម្មភាព​បែប​នេះ ក៏​ធ្វើ​ឲ្យ​មាន​ជន​ខិល​ខូច​មួយ​ចំនួន​ឆ្លៀត​ឳកាស បន្លំ​ខ្លួន​ធ្វើ​ជា​ព្រះសង្ឃ  ដើម្បី​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែរ​។

ដើម្បី​ដោះ​ស្រាយ​សកម្មភាព​ក្លែង​បន្លំ​របស់​ជន​ខិល​ខូច​នេះ សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃទី​២១​ ខែ​កុម្ភៈ ក៏​បាន​សម្រេច​ធ្វើ​បណ្ណ​មួយ​សម្រាប់​ព្រះ​សង្ឃ ដើម្បី​ឲ្យ​ព្រះ​អង្គ​និមន្ត​បិណ្ឌ​បាត្រ​ក្នុង​រាជ​ធានីភ្នំពេញ​។ បើ​តាម​ព្រះ​ភិក្ខុ​ឃឹម សន បណ្ណដែល​មាន​ហត្ថ​លេខា លេខ​សម្គាល់ លេខ​ទូរស័ព្ទ​ចៅ​អធិការ​វត្តនីមួយៗ និង​រូប​ថត​របស់​ព្រះ​សង្ឃ គឺ​មិន​អាច​ក្លែង​បន្លំ​បាន​ទេ​។

បញ្ហា​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​សាធារណៈ​មតិ​មួយ​ចំនួន ជា​ពិសេស​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ តែ​ធ្វើ​ការ​រិះគន់ ជា​បន្តប​ន្ទាប់ ក្រោយ​ពី​មាន​ឯកសារ​ជា​វីដេអូ ឬ​រូបភាព ផ្សព្វផ្សាយ​ពីរឿង​អាស្រូវ​របស់ព្រះសង្ឃ​អង្គខ្លះ តាម​បណ្តាញ​សង្គម។

លោក សេង សុមុនី អ្នក​នាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​បាន​គាំទ្រ​ចំពោះ​គោល​ការណ៍​ចេញ​បណ្ណសម្រាប់​ព្រះ​សង្ឃ ​ដើម្បីឲ្យព្រះសង្ឃ​និមន្ត​បិណ្ឌ​បាត្រ។ លោក​បញ្ជាក់​ថា​កន្លង​មក​នេះ​ ករណី​រៃអង្គាស​ថវិកានេះ កាល​ពី​មុន​មាន​ច្រើន ប៉ុន្តែ​បាន​ថយ​ចុះ​មក​វិញ​ក្រោយ​ពី​មាន​សង្ឃ​ប្រកាស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ