អានតួអត្ថបទ
កម្ពុជា

ការ​គ្រប់​គ្រង​វិស័យ​សំណង់​ធ្វើ​បាន​តែ​នៅ​លើ​ក្រដាស

ការ​គ្រប់​គ្រង​វិស័យ​សំណង់​ធ្វើ​បាន​តែ​នៅ​លើ​ក្រដាស។ នេះ​គឺ​ជា​អះអាង​​របស់​ អនុ​រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទា ច័ន្ទលីដា នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៩​ខែ​មេសា ផ្ញើ​ជូន​លោក ជា សុផារ៉ា រដ្ឋ​មន្ដ្រី​ក្រសួង​ដែនដី ដែល​ទើប​តែ​ចូល​​កាន់​តំណែង​ថ្មី​។ បើ​តាម​លោក ទា ច័ន្ទលីដា មាន​ចន្លោះ​ប្រហោង​៣​ចំណុច​ក្នុង​ការ​គ្រប់​គ្រង​វិស័យ​សំណង់ ដែល​គួរ​កែ​សម្រួល​និង​បំពេញ​បន្ថែម​​។ ចន្លោះ​ប្រហោង​ទាំង​៣​ចំណុចនោះ​​​មាន​ជា​អាថិ៍៖ ការ​គ្រប់​គ្រង​ត្រួត​ពិនិត្យ​ផ្នែក​បច្ចេកទេស​លើ​ការងារ​អនុវត្ត​ជាក់​ស្ដែង​នៅ​តាម​ការដ្ឋាន ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សំណង់ និង​ភាព​ចន្លោះ​ប្រហោង​របស់​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ជំនាញ​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​សំណង់​។

សំណង់អគារ​រីកដុះ​ដូចផ្សិត​នៅ​កម្ពុជា
សំណង់អគារ​រីកដុះ​ដូចផ្សិត​នៅ​កម្ពុជា RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

បើ​តាម​លោក ទា ច័ន្ទលីដា ភាព​ចន្លោះ​ប្រហោងទាំង​៣​ចំណុចនេះ គឺ​ជា​ហានិភ័យ​ក្នុង​ការ​គ្រប់​គ្រង​វិស័យ​សំណង់​ ហើយ​វា​កំពុង​រីក​កាន់​តែ​​​ធំ​ឡើង នៅ​ពេល​ដែល​ការ​សាងសង់​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​​។ បើ​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ វិស័យ​សំណង់​និង​អចលនទ្រព្យ​កាលពី​ឆ្នាំ​២០១៥ មាន​ការ​រីក​ចម្រើន​ខ្លាំង ​ដោយសារ​កំណើន​សេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេច​បាន​ជាង​៧​ភាគ​រយ​ជា​ច្រើន​ឆ្នាំ​មក​នេះ​។ ក្នុង​ឆ្នាំ​២០១៥ មាន​គម្រោង​សាងសង់​​ប្រមាណ ២ពាន់​៣​រយ ​គម្រោង​ត្រូវ​បាន​អនុម័ត​។ គម្រោង​នេះ​​ស្មើ​នឹង​ទំហំ​ផ្ទៃ​ក្រទ្បា​សំណង់​​ចំនួន ៧,៧ ​លាន​ម៉ែត្រការ៉េ ឬ​គិត​ជា​យូនីត​​ចំនួន ១៣៤២៣ ​យូនីត​។ ក្នុងនោះ មាន​អគារ​​ប្រមាណ ៧០០ ​​ដែល​បាន​បញ្ចប់​ការ​សាងសង់ និង​កំពុង​បន្ត​ដំណើរការ​សាងសង់​នៅ​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ វិស័យ​សំណង់​ទាំង​អស់​នេះ មិន​ទាន់​ត្រូវ​បាន​គ្រប់​គ្រង​​ឲ្យ​បាន​ពេញ​លេញ និង​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ​។ លោក ទា ច័ន្ទលីដា លើក​ឡើង​ថា ការ​គ្រប់​គ្រង​វិស័យ​សំណង់​ធ្វើ​បាន​តែ​នៅ​លើ​ក្រដាសតែ​ប៉ុណ្ណោះ ដោយ​ភាគ​ច្រើន​ធ្វើ​បាន​ត្រឹម​តែ​ការ​ពិនិត្យ​គម្រោង​ប្លង់ និង​លិខិត​ស្នាម​ពាក់ព័ន្ធ​ដើម្បី​ចេញ​លិខិត​អនុញ្ញាត​សាងសង់ ជួសជុល បើក​ការដ្ឋាន ឬ​បិទ​ការដ្ឋាន​ដែល​សាង​សង់​រួច​តែ​ប៉ុណ្ណោះ ។ ចំណែក ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សំណង់ ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ផង​ដែរ​។ លើស​ពី​នោះ ចំពោះ​បទ​ល្មើស​ក្នុង​ការ​សាងសង់ ដូច​ជា​ករណី​សាង​សង់​គ្មាន​លិខិត​អនុញ្ញាត សាងសង់​ខុស​ពី​ប្លង់​និង​លក្ខខណ្ឌ​ដែល​បាន​អនុញ្ញាត កន្លង​មក​ក្រសួង​បាន​ត្រឹម​តែ​ចេញ​ក្រដាស​ស្នាម​ឃាត់​ផ្អាក​បទ​ល្មើស ឬ​បទ​បញ្ជា​ណែនាំ​ឲ្យ​កែ​តម្រូវ​ប៉ុណ្ណោះ​។

បើ​តាមលោក ទា ច័ន្ទលីដា ​ចំណុច​ចន្លោះ​​ប្រហោង​ទាំង​អស់​នេះ កើត​ឡើង​ដោយ​សារ​តែ​ទម្លាប់​និង​របៀប​ធ្វើ​ការ​របស់​មន្ដ្រី​ដែល​មិន​ទទួល​ខុស​ត្រូវ​លើ​ការងារ ក៏​ដូច​ជា​កង្វះ​​លិខិត​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស​វិស័យ​សំណង់ សម្រាប់​ការ​អនុវត្ត​ជា​ទូទៅ​។ អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ដែនដី​រូប​នេះ ស្នើ​ឲ្យ​មាន​ការ​ពន្លឿន​ការងារ​រៀបចំ ​​លិខិត​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស​វិស័យ​សំណង់ ទាំង​ផ្នែក​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ក្រៅ​ពី​នេះ ការ​ពិនិត្យ កែ​សម្រួល​ទម្លាប់ និង​របៀប​ធ្វើ​ការ​ងារ​របស់​មន្ដ្រី ក៏​ជា​កត្តា​សំខាន់ ដែល​អាច​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ