ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/05 12h00 GMT
Cambodia

រដ្ឋបាល​​ខេត្ត​រតនគិរី​៖ ​សំណង់​​ដែល​​ក្រុមហ៊ុន​​ខេស៊ីមិ​ន​សង់​​ថ្វាយ​​ម្ចាស់​​ក្សត្រីយ៍​​ថៃ ​ជា​​ព្រះ​​ទីនាំង​​សម្រាក​​ព្រះ​កាយ ​មិន​​មែន​​ជា​​បង្គន់​​ទេ!​​

media  
ព្រះអង្គម្ចាស់មហាក្សត្រិយ៍ ​សិរិនថន ​បាន​យាង​ចូលរួម​ក្នុង​ពិធីប​ញ្ចុះប​ឋម​សិលា​សាង​សង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ @samdach Hun Sen

សំណង់​នៅ​មាត់​បឹង​យក្ស​ឡោម ខេត្ត​រតនគិរី ដែល​ក្រុមហ៊ុន​ខេស៊ីមិន​សង់​ថ្វាយ​ម្ចាស់​ក្សត្រីយ៍​ថៃ ជា​ព្រះ​ទីនាំង​សម្រាក​ព្រះ​កាយ មិន​មែន​ជា​បង្គន់​ទេ! នេះ​គឺ​ជា​ការ​អះអាង​របស់​រដ្ឋបាល​ខេត្ត​រតនគិរី នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៦​កុម្ភៈ​ម្សិលមិញ​។ ​បើ​តាម​រដ្ឋបាល​ខេត្ត​រតនគិរី​ ការ​ចុះ​ផ្សាយ​តាម​បណ្ដាញ​សង្គម ដែល​ថា សំណង់​នោះ​ជា​បង្គន់​របស់​ម្ចាស់​ក្សត្រីយ៍​ថៃ និង​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ការិយាល័យ​សម្រាប់​ធ្វើ​ការ គឺ​ជា​ព័ត៌មាន​មិន​ពិត​ ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស​និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខេត្ត​។

រឿង​រ៉ាវ​ចម្រូង​ចម្រាស់​អំពី​អគារ​ដែល​សាងសង់​នៅ​ក្បែរ​បឹង​យក្ស​ឡោម សម្រាប់​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ មហាចក្រី សិរិនថន កើត​ឡើង​ដំបូង​បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក និង​អន្ដរជាតិ ចុះ​ផ្សាយ​ថា អគារ​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ​នោះ គឺ​ជា​បង្គន់​។ ហើយ​បង្គន់​នេះ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន និង​បណ្ដាញ​សង្គម នឹង​ត្រូវ​ប្រគល់​ជូន​សហគមន៍​បឹង​យក្ស​ឡោម ដើម្បី​ប្រើ​ប្រាស់ បន្ទាប់​ពី​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ មហាចក្រី សិរិនថន បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​រតនគិរី​។

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ថា សហគមន៍​បឹង​យក្ស​ឡោម​យក​បង្គន់​របស់​ម្ចាស់​ក្សត្រីយ៍​ថៃ មក​ធ្វើ​ជា​ការិយាល័យ​ធ្វើ​ការ​នោះ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​រតនគិរី​ចាត់ទុក​ថា ​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​។ បើ​តាម​រដ្ឋបាល​ខេត្ត​រតនគិរី ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដូច្នេះ បាន​​បង្កឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខេត្ត​ តាម​រយៈ​ការ​រិះគន់​នានា​ពី​សំណាក់​មហាជន​ទូទៅ​​។
 
រដ្ឋបាល​ខេត្ត​រតនគិរី ពន្យល់​បំភ្លឺ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៦​កុម្ភៈ​ថា សំណង់​នៅ​មាត់​បឹង​យក្ស​ឡោម ខេត្ត​រតនគិរី សាងសង់​ដោយ​​ក្រុមហ៊ុន​ខេស៊ីមិន​ មិន​មែន​ជា​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។ សំណត់​ដែល​មាន​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ​នេះ ត្រូវ​បាន​សាង​សង់​ថ្វាយ​ម្ចាស់​ក្សត្រីយ៍​ថៃ ជា​ព្រះ​ទីនាំង​សម្រាក​ព្រះ​កាយ មិន​មែន​ជា​បង្គន់​ទេ។ ព្រោះ​បើ​តាម​ការ​ចុះ​ពិនិត្យ នៅ​ក្នុង​បន្ទប់​នោះ មាន​តែ​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន ជា​អាថិ៍ ឡាវ៉ាបូ កៅអី តុ​ដាក់​ថូ​ផ្កា ម៉ាស៊ីន​ត្រជាក់ ទ្វារ និង​បង្អួច​សម្រាប់​ខ្យល់​ចេញ​ចូល ពុំ​មាន​ចាន​បង្គន់​ដូច​ពាក្យ​ចចាម​អារ៉ាម​ឡើយ​។
 
ក្រោយ​បញ្ចប់​ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ មហាចក្រី សិរិនថន បាន​ប្រគល់​សំណង់​នេះ ឲ្យ​ទៅ​សហគមន៍​ចាត់ចែង និង​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​ជាក់​ស្ដែង​។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋបាល​ខេត្ត​រតនគិរី​។
 
សូម​រំលឹក​ថា ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​ថៃ មហាចក្រី សិរិនថន បានយាង​មកបំពេញ​ព្រះរាជទស្សនកិច្ច​៣​ថ្ងៃ​នៅកម្ពុជា​ គឺចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៤​កុម្ភៈ​កន្លង​ទៅ​​។ នៅ​ក្នុង​ព្រះ​រាជ​ដំណើរ​ទៅ​កាន់​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២២​កុម្ភៈ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​បាន​​យាង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​មណ្ឌល​សុខភាព ដែល​ជា​ព្រះ​រាជ​អំណោយ​របស់​ទ្រង់។ ក្រៅ​ពីនោះ ព្រះ​អង្គ​ក៏​បាន​យាង​សោយ​ព្រះ​ក្រយា នៅ​មាត់​បឹង​យក្ស​ឡោម ដែល​ជា​រមនីយដ្ឋាន​ដ៏​ល្បី​ល្បាញ​របស់​ខេត្ត​រតនគិរី​ផង​ដែរ​​​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ