អានតួអត្ថបទ
កម្ពុជា-ច្បាប់

ដំណើរ​រួម​គ្នា​រវាង​ក្រសួង​រ៉ែ​និង​សង្គម​ស៊ីវិល​នៅ​កោះកុង​ឈាន​ដល់​ការ​ផ្អាក​អាជីវកម្ម​បូមខ្សាច់​មួយ​ចំនួន

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្លាប់​ទទូច​ឲ្យ​ក្រសួង​រ៉ែ​និង​ថាមពល​បង្ហាញ​តួលេខ​នៃ​ការនាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​នោះ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​រួមគ្នា​ជា​មួយ​រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម កាល​ពី​ថ្ងៃ​ទី​៧​ធ្នូ​ក្នុង​ខេត្តកោះកុង​។ ដំណើរ​ទស្សន​កិច្ច​រួម​គ្នា​ជា​លើក​ទី១​នេះ​ក្រសួង​រ៉ែ​ក៏​សម្រេច​ផ្អាក​បណ្ដោះ​អាសន្ន​អាវីកម្ម​បូប​ខ្សាច់​មួយ​ចំនួន​ស្ថិត​នៅ​ឃុំ​កោះ​ស្រឡៅ​ខេត្ត​កោះកុង។  

រូបភាពតំណាង៖នេះគឺជាកម្មភាពចុះត្រួតពិនិត្យសកម្មភាពបូមខ្សាច់រួមគ្នា
រូបភាពតំណាង៖នេះគឺជាកម្មភាពចុះត្រួតពិនិត្យសកម្មភាពបូមខ្សាច់រួមគ្នា @San Chey
ផ្សាយពាណិជ្ជកម្ម

មូល​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ផ្អាក​អាជីវកម្ម​ខ្សាច់​នេះ​បន្ទាប់​ពី​ប្រជា​សហគមន៍​រស់នៅ​ឃុំ​កោះ​ស្រឡៅ​ជិត​៤០០​គ្រួសារ​ប្រតិកម្ម​នៅ​ចំពោះ​មុខ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ថា សកម្មភាព​បូម​ខ្សាច់​ទាំង​នោះ​បាន​ប៉ះ​ពាល់​មុខ​របរ​នេសាទរបស់​ពួក​គាត់។ និង​បាន​បំផ្លាញ​ដល់​ធនធាន​ធម្មជាតិ មាន​ខ្សាច់​សមុទ្រ មច្ឆា​សមុទ្រ និង​ព្រៃ​កោងកាង ជាដើម។

លោក សន ជ័យ ប្រធានអង្គការ គណនេយ្យ​ភាព​សង្គម​ដែល​បាន​រួម​ដំណើរ​ជាមួយលោក ស៊ុយ សែម ក្នុង​ចំណោម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា ក្រុមហ៊ុនដែល​ក្រសួង​រ៉ែ​សម្រេច​ធ្វើ​ការ​ផ្អាក​បណ្ដោះ​អាសន្ន​នោះ​រួម​មាន៖ក្រុមហ៊ុន​LYP​របស់លោក​ឧកញា លី យ៉ុងផាត់ និង ក្រុមហ៊ុន​ឧត្តម​សីមា​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ទទួលបាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នា​ពេល​កន្លង​មក។

ទោះ​ជា​លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល​ចេញ​មុខ​ប្រកាស​ផ្អាក​អាជីវកម្មបូម​ខ្សាច់​នេះ​យ៉ាង​ណា​ក៏​ដោយ​តែ​ប្រជាសហគមន៍​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថាក្រុមហ៊ុន​នៅ​តែ​លួច​បូម​ខ្សាច់​នា​ពេល​យប់​ដដែល។ ឆ្លើយ​តប​ការ​ព្រួយ​បារម្ភ​នេះ​លោក ស៊ុយ សែម បាន​ផ្ដល់​លេខ​ទូរសព្ទ​០៩៥ ៧២៧ ៧២៧ សម្រាប់​ពលរដ្ឋ​រាយការណ៍​បទល្មើស​លួច​បូម​ខ្សាច់​ខុស​ច្បាប់។

លោក សន ជ័យ បាន​គូស​បញ្ជាក់​ថា ក្រៅ​ពី​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ផ្អាក​ជីវកម្ម​បូម​ខ្សាច់ហើយ ទាំង​ក្រសួង​ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ករណី​លួច​បូម​ខ្សាច់ដោយ​ខុស​ច្បាប់​នៅ​តំបន់​ក្រៅ​អាជ្ញា​ប័ណ្ណ​របស់​ឈ្មួញ​មួយ​ចំនួន​ទៀត ដែល​សូម្បី​តែក្រសួង​ក៏​រក​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ណា​កំពុង​ធ្វើ​សកម្មភាព​ល្មើស​នេះ​ដែរ។

បើ​តាម​លោក សន ជ័យ ដំណើរ​ទស្សនកិច្ច​រួម​គ្នា​នេះ​ជា​របៀបវារៈ​មួយ​ផ្សេង​ដោយ​មិនជាប់​ពាក់ព័ន្ធ​នឹង​ភាព​ចម្រូងចម្រាស​ជុំវិញ​តួលេខ​នៃ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​នោះ​ទេ។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា សង្គម​ស៊ីវិល​បំភ្លេច​បញ្ហា​នេះ​នោះ​ទេ​ប៉ុន្តែ​នឹងធ្វើ​ការ​រួម​គ្នា​ជា​មួយ​ក្រសួង​រ៉ែ​និង​ថាមពល​មួយ​ដំណាក់​កាល​ម្ដង។  

សូមបញ្ជាក់ថា ភាព​ចម្រូង​ចម្រាស​តួលេខ​នៃ​ការ​នាំ​ខ្សាច់​ចេញ​នោះ គឺ​រដ្ឋាភិបាល​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៧​ដល់​២០១៥ ខ្សាច់​នាំ​ចេញ​ទៅ​សិង្ហបុរី​មាន​ចំនួនជិត៣លាន​តោន​ដែល​គិត​ជា​ទឹកប្រាក់មានចំនួនជាង៥លានដុល្លារ។ តែ​សម្រាប់​សង្គម​ស៊ីវិល​ក្នុង​រយៈ​ពេល​ដូចគ្នា​នេះ​រដ្ឋាភិបាល​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស​មាន​រហូត​ដល់ជាង៧០លានតោន​ដែលគិតជា​ទឹក​ប្រាក់​មានចំនួន៧៥០លានដុល្លារ។

រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​ឲ្យ​បាន​ច្បាស់​ជុំ​វិញ​តួលេខ​នៃ​ការ​នាំខ្សាច់​ចេញ​ពី​ក្រសួង​រ៉ែ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​គម្រោង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងដាក់​លិខិត​អញ្ជើញ​លោក ស៊ុយ សែម ឲ្យ​មក​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​១៥​ធ្នូ​ខាង​មុខ​៕  
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ