អានតួអត្ថបទ
កម្ពុជា

ថ្នាក់​ដឹក​នាំ​សង្ឃ​កំពុង​តាម​ដាន​ករណី​ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ

អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា​បាន​គូស​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ថ្នាក់​ដឹក​នាំ​សង្ឃ​កំពុង​តាម​ដាន​ករណី​ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ ក្រោយ​ក្រសួង​ធម្មការ​យល់​ថា ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ ដែល​គង់​នៅ​ក្រៅ​ប្រទេស​បាន​មាន សង្ឃដីកា​ប្រមាថ​ព្រះ​មហាក្សត្រ​កម្ពុជា នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​នឹង​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ពេល​ថ្មីៗ​នេះ។ តាម​រយៈ​អាស៊ី​សេរី ដដែល​ព្រះ​អង្គ​ប៊ុត ប៊ុនតិញ បាន​ការពារ​សង្ឃដីកា​របស់​ព្រះ​អង្គ​ថា មិន​មែន​ជា​ការ​ប្រមាថ​ឡើយ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។ @បណ្តាណសង្គម
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា​លោក សេង សុមនី បាន​ចាត់​ទុក​សង្ឃដីកា​របស់​ព្រះ​អង្គ​ប៊ុត ប៊ុនតិញ មិន​សាក​សម​ជា​អ្នក​បួស​ឡើយ​ព្រោះ​ថា​ លក្ខខណ្ឌ​នៃ​អ្នក​បួស​មិន​គួរ​គិត​អវិជ្ជមាន​ចំពោះ​បុគ្គល​ណា​ម្នាក់​ទេ។ តែ​ផ្ទុយ​ទៅ​វិញ​ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ បែរ​ជា​មាន​សង្ឃដីកា​បំពា​បំពាន​ទៅ​លើ​ព្រះ​មហាក្សត្រ​ដោយ​សូម្បី​តែ​ព្រះ​អង្គ​មិន​ដែល​ធ្វើ​អ្វី​ប៉ះ​ពាល់​ដល់​ប្រជារាស្ត្រ រាប់​ទាំង​ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ។ នេះ​បើ​តាម​លោក សេង សុមនី។

បើ​តាម​លោក សេង សុមនី ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ នឹង​ទទួល​រង​ពិន័យ​ផ្នែក​សង្ឃ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​លើ​ករណី​ប្រមាថ​ព្រះ​មហាក្សត្រ​របស់​គណៈ​សង្ឃ ឬ​និយាយ​ដោយ​សាមញ្ញ​ថា តុលាការ​សង្ឃ។ ទោះ​ជា​បែប​នេះ​ក្ដី​ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ មាន​សង្ឃដីកា​បក​ស្រាយ​ក្នុង​វិទ្យុ​អាស៊ី​សេរី​វិញ​ថា ពាក្យ​ថា ប្រមាថ​លុះ​ណា​តែ​និយាយ​មើល​ងាយ​ដល់​គុណ​សម្បត្តិ​ព្រះ​មហាក្សត្រ។ ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​មើល​ងាយ​ទេ​គ្រាន់​តែ​មាន​សង្ឃដីកា​ថា ព្រះ​មហាក្សត្រ​ទ្រង់​កំពុង​រង​គ្រោះ​តែ​ប៉ុណ្ណោះ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ថា សង្ឃដីកា​របស់​ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ គ្មាន​អ្វី​គួរ​ចាប់​អារម្មណ៍​ឡើយ​ព្រោះ​លោក​បាន​ចាត់​ទុក​ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ គ្រាន់​តែ​ជា​សង្ឃ​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​លោក ខៀវ សុភ័គ។ តែ​យ៉ាង​ណា​មិញ​លោក បាន​រម្លឹក​ថា អាជ្ញាធរ​រង​ចាំ​តែ​អនុវត្ត​ដីកា​តុលាការ​ចាប់​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ ពេល​ចូល​កម្ពុជា​វិញ​លើ​សំណុំ​រឿង​បាត់​បច្ច័យ​បុណ្យ​លោក កែមឡី។

ជា​ការ​កត់​សម្គាល់ សង្ឃដីកា​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ ស្រប​ពេល​រដ្ឋសភា​ និង​ព្រឹទ្ធសភា​បាន​អនុម័ត​មាត្រា​៤៣៧​ស្ទួន​ទៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ទាក់​ទង​នឹង​ការ​ដាក់​ទោស​លើ​អ្នក​ប្រមាថ​ព្រះ​មហាក្សត្រ​ពី​១​ទៅ​៥​ឆ្នាំ។ ក៏​ប៉ុន្តែ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​ច្បាប់​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ​ដោយ​នៅ​រង​ចាំ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្តលេខា​ប្រកាស​ឲ្យ​ប្រើ។ សម្រាប់​ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ ថា​ ពាក់​ព័ន្ធ​បញ្ហា​ទោស​អី​នោះ​វា​មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​សម្រាប់​ព្រះ​អង្គ​ឡើយ។ ហើយ​ចំពោះ​ការ​លើក​ឡើង​ដែរ​ថា ព្រះ​អង្គ​អាច​ទំនង​ជា​បុគ្គល​ដំបូង​ទទួល​ទោស​ទាក់​ទង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​នោះ ព្រះ​អង្គ​ចាត់​ទុក​ថា​ នេះ​គ្រាន់​តែ​ជា​រឿង​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ