ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/11 12h00 GMT
កម្ពុជា

ព្រះតេជគុណ ប៊ុត ប៊ុនតិញ រងការគំរាម តែមិនព្រមចាកចេញពីប្រទេស

media ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។ @បណ្តាណសង្គម

ព្រះតេជគុណ ប៊ុន ប៊ុនតិញ សមាជិក​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា ព្រះអង្គ​នឹង​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ បើ​ទោះ​បី​ជា​ព្រះអង្គ​បាន​រង​ការ​គំរាម​កំហែង និង​តាម​ដាន​ពី​សកម្មភាព​របស់​ព្រះអង្គ​ក្តី។ ការ​លើក​ឡើង​របស់​ព្រះអង្គ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ភូមិ នៃ​ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្ត​សៀមរាប បាន​ទៅ​ឆែក​ឆេរ​រក​សំបុត្រ​កំណើត​ និង​អត្តសញ្ញាណ​របស់​ព្រះអង្គ​ប៊ុត​ប៊ុនតិញ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​ព្រះអង្គ​បាន​ចាត់​ទុក​ថា គឺ​ជា​ការ​គំរាម​កំហែង​មក​លើ​ព្រះអង្គ​ និង​គ្រួសារ។ ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ។

ដំណឹង​នៃ​ការ​គំរាម​កំហែង​នេះ បាន​លេច​ឮ​ឡើង បន្ទាប់​ពី​ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាន​បញ្ចប់​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា​ឆ្នាំ​២០១៦​នេះ។ ក៏​ប៉ុន្តែ​ព្រះតេជ​គុណ​ប៊ុត ប៊ុនតិញ មាន​សង្ឃ​ដីកា​បញ្ជាក់​ថា ព្រះអង្គ​នឹង​មិន​បារម្ភ​នោះ​ទេ ហើយ​ក៏​បាន​ប្តេជ្ញាថា នឹង​មិន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​ហេតុផល​នៃ​ការ​គំរាម​កំហែង​នេះ​ដែរ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៥​កក្កដា ញោមស្រី (ម្តាយ) របស់​ព្រះតេជ​គុណ ប៊ុត ប៊ុនតិញ បាន​ផ្តល់​ដំណឹង​មក​កាន់​ព្រះអង្គ​ថា អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​មេភូមិ​ឈ្មោះ អន សែម និង​សហការី បាន​ចុះ​ទៅ​យក​សំបុត្រ​បញ្ជាក់​កំណើត​របស់​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ និង​សៀវភៅ​កំណើត ស្ថិត​នៅ​ក្នុង​ភូមិ​គគ្រួស ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្ត​សៀមរាប ដោយ​ពុំ​បាន​សុំ​ត្រឹមត្រូវ និង​មិន​ប្រាប់​ពី​គោល​បំណង​ច្បាស់​លាស់​នោះ​ទេ។ ភ្លាម​ៗ​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា គឺ​ជា​ការ​គំរាម​កំហែង​មក​លើ​ព្រះកាយ និង​ញោម​ប្រុស​ញោម​ស្រី (ឱពុកម្តាយ) របស់​ព្រះអង្គ​នៅ​ឯ​ខេត្ត​សៀមរាប។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អធិការ​នគរបា លស្រុក វ៉ារិន លោក ណុប សារៈ បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ តែ​បាន​ទទួល​ស្គាល់​ថា អាជ្ញាធរ​បាន​ចុះ​ទៅ​កាន់​លំនៅស្ថាន​របស់​ព្រះតេជគុណ​ប៊ុត ប៊ុនតិញ មែន តែ​មិន​មែន​ដើម្បី​គំរាម​កំហែង​នោះ​ទេ គឺ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ ឲ្យ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដើម្បី​ត្រៀម​ចុះ​ឈ្មោះ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា មុន​ទាក់​ទង​បាន​តាម​ខ្សែ​ទូរសព្ទ​នៅ​រសៀល ថ្ងៃ​ទី​២៦ កក្កដា​នេះ ព្រះតេជ គុណ ប៊ុត ប៊ុនតិញ បាន​មាន​ថេរដីកា​ថា ព្រះអង្គ​ត្រូវ​បាន​គេ​ជួយ​ជ្រោមជ្រែង​ឲ្យ​លាក់​ព្រះកាយ​មួយ​រយៈ​សិន។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​គេ​ដឹង​ថា ជា​នាយក​ប្រតិបត្តិ​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​សន្តិភាព និង​ជា​ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម មាន​សកម្មភាព​លេច​ធ្លោ​ក្នុង​ពិធី​រៀប​ចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ក្នុង​រយៈ​ពេល​ជិត​កន្លះ​ខែ​មក​នេះ។

ជា​រើយ​ៗ​ព្រះ​អង្គ​ក៏​រង​នូវ​ការ​គំរាម​កំហែង​ផង​ដែរ នៅ​ក្នុង​សកម្មភាព​របស់​ព្រះអង្គ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​កាប់​បំផ្លាញ​ព្រៃឈើ និងការ​រំលោក​ដីធ្លី​ជាដើម។ ថ្មីៗ​នេះ មាន​ការ​ចោទ​ប្រកាន់​ព្រះអង្គ​ថា បាន​កិប​កេង​ប្រាក់​ពី​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ប្រមាណ​ជាង​៣​ម៉ឺន​ដុលា្លរ​អាមេរិក​ផង​ដែរ តែ​ព្រះ​អង្គ​បាន​បដិសេធ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ