អានតួអត្ថបទ
កម្ពុជា-ច្បាប់

​គណៈ​កម្មការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ កោះ​ហៅ​ឧកញ៉ា​ម្នាក់​ទៀត​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​

លិខិត​កោះ​ហៅ​មួយ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​គណៈ​កម្មការ​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ កាល​ពី​ថ្ងៃទី១ ខែសីហា​នេះ បាន​កោះ​ហៅ​ឧកញ៉ា​មួយ​រូប​ទៀត​ឈ្មោះ គង់ ក្រឹង ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ទាក់​ទង​ទៅ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​។​ ដីកា​កោះ​ហៅ​ខាង​លើ​នេះ ត្រូវ​បាន​ដាក់​ចេញ​ដោយ លោក​ឧត្តម​សេនីយ៍​ឯក ហុង វិណុល ប្រធាន​ក្រុម​ការងារ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ នៃ​គណៈ​កម្មការ​ជាតិ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ កាល​ពីថ្ងៃទី១ ខែសីហា។ 

ឧកញ៉ា គង់ ក្រឹង ដែលត្រូវចូលខ្លួនទៅបំភ្លឺ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ
ឧកញ៉ា គង់ ក្រឹង ដែលត្រូវចូលខ្លួនទៅបំភ្លឺ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ @Internet
ផ្សាយពាណិជ្ជកម្ម

ឧកញ៉ា គង់ ក្រឹង ដែល​ជា​ឈ្មួញ​ឈើ​នៅ​ខេត្ត​ភាគឦសាន ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​។ បើ​តាម​លិខិត​កោះហៅ​ចុះ​ថ្ងៃ​ទី​០១​សីហា ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​របស់​ឧកញ៉ា គង់ ក្រឹង នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឯ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី១៥ ខែ​សីហា​ខាង​មុខ​។

សូម​ជម្រាប​ថា មុន​ចេញ​ដីកា​កោះ​ហៅ​ខ្លួន​ឧកញ៉ា គង់ ក្រឹង នេះ ​លោក សៅ សុខា ប្រធាន​គណៈ​កម្មការ​ជាតិ​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ រួម​ជាមួយ​នឹង លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌល​គិរី នៅ​ថ្ងៃ​អង្គារ ទី​០៦ សីហា បាន​ចុះ​ដឹក​នាំ​ការ​ត្រួត​ពិនិត្យ​ជាក់​ស្ដែង​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ស្តុប​ឈើ ក៏​ដូចជា​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​នានា នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​។

តាម​រយៈ​កិច្ច​ការ​ចុះ​ត្រួត​ពិនិត្យ​នោះ លោក សៅ សុខា បាន​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ជា​លើក​ចុង​ក្រោយ នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​មាន​ក្ដី​បារម្ភ​ទៅ​លើ​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​ទៀត​ឡើយ​។ មិន​បាច់​មាន​ក្ដី​បារម្ភ ព្រោះ​លោក​បាន​រក​ឃើញ​ចំណុច​សំខាន់ៗ​ចំនួន​៣៖ ទី១ ទី​កន្លែង​ក្រុម​ហ៊ុន​វិនិយោគ ពេល​ខ្លះ​ធ្វើ​ឲ្យ​មិន​មាន​ឯកភាព​គ្នា​រវាង​កន្លែង​អភិរក្ស​និង​អភិវឌ្ឍ​កសិកម្ម​និង​បរិស្ថាន ទី២ ការ​យក​ស្លាក​សញ្ញា​របស់​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​ទៅ​បិទ​បាំង​ដើម្បី​គេច​វេះ និង​ទី៣ ការ​ចេញ​ឯកសារ​បំពាន​ ស្វែង​រក​គំនិត​ធ្វើ​ឲ្យ​មាន​បទ​ល្មើស​។

លោក សៅ សុខា បាន​ឲ្យ​ដឹង​ទៀត​ថា ការ​វិនិយោគ​ត្រឹម​ត្រូវ​របស់​ក្រុម​ហ៊ុន​ណា​មួយ​នោះ គឺ​ត្រូវ​តែ​ការ​ពារ តែ​បើ​សិន​ជា​ប្រព្រឹត្ត​បទ​ល្មើស គឺ​ត្រូវ​តែ​បង្ក្រាប​។

គួរ​រំឭក​ថា មក​ទល់​ពេល​នេះ មាន​ឧកញ៉ា​ចំនួន​៣នាក់​រួច​មក​ហើយ ដែល​ត្រូវ​បាន​តុលាការ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ទាក់​ទង​ទៅ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​។ ឧកញ៉ា​ទាំង​៣រូប​នោះ​មាន​ដូច​ជា ឧកញ៉ា ស្រ៊ុន ម៉េងលាង ឧកញ៉ា តុប រីដា និង​ឧកញ៉ា វន់ ប៊ុន​ថៃ​។ ហើយ​មិន​ត្រឹម​តែប៉ុណ្ណោះ ក៏​មាន​ឧកញ៉ា​មួយ​រូប​ផ្សេង​ទៀត​ផង​ដែរ គឺ​ឧកញ៉ា ស៊ឹង សំអុល ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន ដោយ​សារ​តែ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ដូច​គ្នា​៕

អត្ថបទ​ដោយ៖ ងួន វឌ្ឍនៈ​បណ្ឌិត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ