អានតួអត្ថបទ
កម្ពុជា-ចិន

កម្ពុជា-ចិន រួម​គ្នា​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ពិសេសៗ​ចំនួន ១៩​ឯកសារ

ថ្ងៃ​ទី ១១​មករា​នេះ គឺ​ជា​ថ្ងៃ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន នៅ​ប្រទេស​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ ប្រមុខ​ដឹក​នាំ​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ប្រកប​ដោយ​ការ​រាក់​ទាក់ និង​ទុក​ចិត្ត​បំផុត ចំពោះ​សមភាគី​ចិន។ ជាមួយ​គ្នានោះ ភាគី​ទាំង ២ ក៏​សម្រេច​បាន​ផង​ដែរ នូវ​កិច្ច​ព្រម​ព្រៀង​សំខាន់ៗ ចំនួន ១៩ ពាក់​ព័ន្ធ​នឹង​វិស័យ​​សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម បច្ចេកទេស និង​ការ​អភិវឌ្ឍ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ លី ខឺឈាង
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ លី ខឺឈាង @សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​អនុស្សារណៈ​ចំនួន ១៩ ដែល​ភាគី​កម្ពុជា និ​ងចិន បាន​ចុះ​ហត្ថលេខា​រួម​គ្នា អំឡុង​​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាង នៅ​កម្ពុជា មាន ១៧​ឯកសារ ជា​កិច្ច​ព្រម​ព្រៀង​រវាង​វិស័យ​រដ្ឋ និង​រដ្ឋ ខណៈ ២​ឯកសារ​ទៀត ជា​ការ​ព្រម​ព្រៀង​រវាង​វិស័យ​ឯកជន និង​ឯកជន។ ជាមួយ​​គ្នា​នោះ ភាគី​ទាំង ២ ក៏​បាន​ប្រកាស​រួមគ្នា ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ លើ​គម្រោង​ «ដំណើរ​នៃ​ក្តី​ស្រលាញ់​ពីបេះដូង» នៅ​កម្ពុជា - គម្រោង​សាង​សង់​អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ និង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ នៅ​ខេត្ត​ត្បូង​ឃ្មុំ និង​គម្រោង​ប្លង់​ស្ថាបត្យ​កម្ម​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ។

លើស​ពី​នេះ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ លី ខឺឈាង ក៏​បាន​បើក​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​គ្នា​ផង​ដែរ នៅ​វិមាន​សន្តិភាព​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ចិន បាន​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ និង​គោរព​ព្រះ​បរមរតនកោដ្ឋ នៅ​វិមាន​ឯករាជ្យ​រួច។ នៅ​ពេល​រសៀល​ មុន​​ដំណើរ​ចាក​ចេញ​ពី​កម្ពុជា លោក​លី ខឺឈាង ត្រូវ​ចូល​បង្គំ​គាល់​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា រួច​ហើយ​លោក​នឹង​ទស្សនា​ការ​តាំង​ពិព័រណ៌​រូប​ថត​អនុស្សាវរីយ៍​ពី​ចំណង​មិត្តភាព​កម្ពុជា ចិន។

គួរ​ជម្រាប​ជូន​ថា នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ​របស់​លោក លី ខឺឈាង​ មក​កម្ពុជា តាំង​ពី​លោក​បាន​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចិន កាល​ពី​ឆ្នាំ​២០១៣។ នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​ដែល​គ្រប់​គ្នា​ បាន​ផ្តោត​ការ​ចាប់​អារម្មណ៍​ខ្លាំង​ផង​ដែរ ព្រោះ​ថា​​ចិន បាន​បង្ហាញ​កាយ​វិការ​គាំទ្រ​កម្ពុជា​យ៉ាង​ខ្លាំង ចំពោះ​វិធានការ​នានា​លើ​គណបក្ស​ប្រឆាំង​នា​ពេល​កន្លង​មក ខណៈ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អន្តរជាតិ​ផ្សេង​ទៀត បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​របត់​នយោបាយ និងការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​

សូម​បញ្ជាក់​ដែរ​ថា កម្ពុជា​ និង​ចិន​ បាន​ចង​ចំណង​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​គ្នា ៦០​ឆ្នាំ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​ទី ១០​មករា ឆ្នាំ ២០១៨ និង​បាន​ក្លាយ​ជា​ចំណង​ទាក់​ទង​គ្រប់​ជ្រុង​ជ្រោយ​ទៀត​ផង​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​បង្ហើប​ថា មក​ដល់​ពេល​នេះ ចិន​ពុំ​បាន​លូក​លាន់​កិច្ច​ការ​នយោបាយ​របស់​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​នេះ បាន​ប្រឹង​ប្រែង​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា រហូត​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១៦​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ហើយ​បាន​ឈរ​នៅ​លំដាប់​ទី​១ ​ក្លាយ​ជា​ប្រទេស​ដៃ​គូ​វិនិយោគ​ដ៏​ធំ​នៅ​កម្ពុជា។

រយៈ​ពេល​ប្រមាណ ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​ឃើញ​វិស័យ​អចលនទ្រព្យ​ សំណង់​ ទេសចរណ៍​របស់​ចិន នៅ​កម្ពុជា បាន​កើត​ឡើង​ព្រោង​ព្រាត និង​មាន​ការ​លូត​លាស់​ជា​ខ្លាំង ទាំង​នៅ​រាជធានី​ភ្នំពេញ នៅ​តំបន់​ឆ្នេរ​សមុទ្រ និង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ខ្មែរ​នានា។ រដ្ឋាភិបាល​កម្ពុជា តែង​តែ​លើក​សរសើរ​ពី​គុណ​សម្បត្តិ​នៃ​ការ​វិនិយោគ​របស់​ចិន ខណៈ​អ្នក​វិភាគ​បញ្ហា​សង្គម​មួយ​ចំនួន​យល់​ថា នេះ​ជា​ជំហាន​ដំបូង​នៃ​ការ​ពង្រីក​សេដ្ឋកិច្ច និង​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​ក៏​ដូច​ជា​នៅ​អាស៊ី-អាគ្នេយ៍​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ