អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង នៃ​ការ​ប្រឡង​បវរ​កញ្ញា​ពិភព​លោក​ Miss Global ឆ្នាំ​២០១៧

បវរកញ្ញា​៦៥​ប្រទេស កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​ចូល​រួម​ប្រឡង​ បវរ​កញ្ញា​ពិភព​លោក Miss Global International ឆ្នាំ​២០១៧ ដែល​កម្ពុជា​បាន​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង។ កញ្ញា យន់ ផូលីណា កូន​ខ្មែរ​កើត​នៅ​សហរដ្ឋ​អាមេរិក គឺ​ជា​អ្នក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​ប្រកួត​បវរ​កញ្ញា​ពិភព​លោក ដែល​សហការ​រៀប​ចំ​ដោយ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​បវរ​កញ្ញា​ពិភព​លោក​ទាំង​៦៥​ប្រទេស
ដំណើរ​ទស្សនកិច្ច​របស់​បវរ​កញ្ញា​ពិភព​លោក​ទាំង​៦៥​ប្រទេស @សហការី
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​លើក​ដំបូង​ហើយ​សម្រាប់​កម្ពុជា ដែល​បាន​ទទួល​រៀប​ចំ​ការ​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​ឬ Miss Global International នា​រដូវ​កាល​ទី​៥​ឆ្នាំ​២០១៧​នេះ។ Miss Global បង្កើត​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៣ ហើយ​កម្ពុជា​គឺ​ជា​ប្រទេស​ទី​៣ ដែល​ទទួល​រៀប​ចំ​ការ​ប្រកួត​នេះ បន្ទាប់​ពី​លើក​ទី​១​និង​លើក​ទី​២​រៀប​ចំ នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក និង​លើក​ទី​៣​និង​ទី​៤ រៀប​ចំ​ធ្វើ​ឡើង នៅ​ឯ​ប្រទេស​ហ្វីលីពីន។

ជា​ការ​កត់​សម្គាល់ មុន​ការ​ប្រកួត​ចាប់​ផ្ដើម ក្រសួង​បរិស្ថាន​ដែល​អ្នក​ចូល​រួម​រៀប​ចំ​ការ​ប្រកួត​ប្រលង​បវរ​កញ្ញា​នេះ បាន​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​មួយ​របស់​បវរ​កញ្ញា​ពិភព​លោក​ទាំង​៦៥​ប្រទេស ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ នៅ​ទី​នោះ បវរ​កញ្ញា​ទាំង​៦៥​ប្រទេស បាន​ចូល​រួម​ពិធី​ដាំ​ដើម​ឈើ​ប្រមាណ​ជា​១​ម៉ឺន​ដើម ដើម្បី​ទុក​ជា​ការ​ចង​ចាំ និង ដើម្បី​បង្ហាញ​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ឈ្មោះ​ល្អ ក្នុង​វិស័យ​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ដោយ​មាន​ជីវ​ចម្រុះ​សម្បូរ​បែប។

កញ្ញា យន់ ផូលីណា ដែល​មាន​អាយុ​២៥​ឆ្នាំ គឺ​ជា​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​បវរ​កញ្ញា​មក​ពី​៦៤​ប្រទេស​ផ្សេង​ទៀត។ ផូលីណា ​គឺ​ជា​កូន​ខ្មែរ​កើត​និង​រស់​នៅ​ក្នុង​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​សហរដ្ឋ​អាមេរិក។ នាង​ត្រូវ​បាន គេ​កត់​សម្គាល់​ថា មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ទាំង​ចំណេះ​ដឹង​ភាសា​បរទេស បូក​រួម​ទាំង​រូប​សម្បត្តិ​គ្រប់​គ្រាន់ សម្រាប់​ការ​ប្រកួត​ប្រជែង​បវរ​កញ្ញា Miss Global International ឆ្នាំ​២០១៧​នេះ។

គួរ​ជំរាប​ជូន​ថា ថ្មីៗ​នេះ​កម្ពុជា​បាន​បញ្ជូន​បេក្ខភាព​ទៅ​ចូល​រួម​កម្មវិធី​ធំៗ​ចំនួន​៤​រួម​មានៈបវរ​កញ្ញា​ចក្រវាឡ បវរ​កញ្ញា​អន្តរជាតិ បវរ​កញ្ញា​ផែន​ដី និង​បវរ​កញ្ញា​ពិភព​លោក​នេះ​តែ​ម្ដង។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​រាត្រី ថ្ងៃ​ទី​១៧​វិច្ឆិកា នៅ​ឯ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ផង​ដែរ។ លោក ខៀវ កាញារិទ្ធិ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​លើក​ឡើង​ថា តាម​រយៈ​កម្មវិធី​នេះ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​វប្បធម៌​និង​អរិយធម៌​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ