អានតួអត្ថបទ
កម្ពុជា-នយោបាយ

ចលនា​សង្រ្គោះ​ជាតិ​របស់​លោក​សម រង្ស៊ី​គ្រោង​ស្នើ​ឲ្យ​កង​ទ័ព​និង​មន្រ្តី​រាជការ​ឈប់​គាំទ្រ​បក្ស​កាន់​អំណាច

តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក ចលនា​សង្រ្គោះ​ជាតិ​របស់​លោក​សម រង្ស៊ី ដែល​រដ្ឋាភិបាល​កម្ពុជា​ហៅ​ថា​ជា​ "ចលនា​ខុស​ច្បាប់" ​នោះ បាន​អំពាវនាវ​​អោយ​ពលរដ្ឋ​ខ្មែរ​ឈប់​ចាក់​សាំង​តេលា។ យុទ្ធនាការ​ទី​២​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ចលនា​នេះ បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​បរិភោគ​ទឹក​បរិសុទ្ធ​ម៉ាក​វីតាល់។ ក៏​ប៉ុន្តែ​យុទ្ធនាការ​ទាំង​ពីរ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា​ទទួល​បាន​ជោគ​ជ័យ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ចំណែក​យុទ្ធនាការ​បន្ទាប់​ទៀត ចលនា​សង្រ្គោះ​ជាតិ​គ្រោង​នឹង​អំពាវនាវ​ឲ្យ​កង​ទ័ព និង​មន្ត្រី​រាជការ​ឈប់​គាំទ្រ​បក្ស​កាន់​អំណាច តែ​អ្នក​នាំ​ពាក្យ​បក្ស​នេះ​តប​វិញ​ថា ជា​ការ​អំពាវនាវ​អត់​ប្រយោជន៍។

កិច្ចប្រជុំ​របស់​លោកសម រង្ស៊ី ស្តីពីការបង្កើត ចលនាសង្គ្រោះជាតិនា​ពេល​កន្ល​ង​មក
កិច្ចប្រជុំ​របស់​លោកសម រង្ស៊ី ស្តីពីការបង្កើត ចលនាសង្គ្រោះជាតិនា​ពេល​កន្ល​ង​មក fb
ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការ​ចលនា​សង្រ្គោះ​ជាតិ គឺ​លោក​រី គា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ចលនា​សង្រ្គោះ​ជាតិ​គ្រោង​នឹង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​រក្សា​នូវ​ភាព​ស្ងៀម​ស្ងាត់​ហើយ​នៅ​ជាមួយ​ប្រជាជន និង​អ្នក​ប្រជាធិបតេយ្យ ពោល គឺ​ឈប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បច្ចុប្បន្ន​​ត​ទៅ​ទៀត។ តាម​លោក​រី គា យុទ្ធនាការ​នេះ នឹង​ត្រូវ​អំពាវនាវ​ជា​ផ្លូវ​ការ​តាម​រយៈ​វីដេអូ​ខ្លីប​នៅ​តាម​បណ្តា​សង្គម​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ខណៈ​ដែល​លោក​សម រង្ស៊ី ដែល​ជា​ប្រមុខ​ចលនា​សង្រ្គោះ​ជាតិ បាន​ចេញ​វីដេអូ​អំពាវនាវ​ដល់​កង​ទ័ព​រួច​ទៅ​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​រី គា បាន​គូស​បញ្ជាក់​ថា ការ​អំពាវនាវ​នេះ​មិន​មែន​ឲ្យ​កង​ទ័ព និង​មន្រ្តី​រាជការ​ក្រោក​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

លោក​សុខ ឥសាន​ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ការ​អំពាវនាវ​នេះ​ថា គ្មាន​ប្រយោជន៍ និង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​ថា គ្មាន​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ទៅ​ស្តាប់​តាម​ការ​អំពាវនាវ​របស់​ចលនា​សង្រ្គោះ​ជាតិ​ដែល​មាន​លោក​សម រង្ស៊ី​ជា​ប្រមុខ​នោះ​ទេ។ នេះ​ក៏​ព្រោះ​ថា លោក​សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ជា​ជន​ក្បត់​ជាតិ ដែល​បើ​តាម​លោក​សុខ ឥសាន គឺ​អស់​តម្លៃ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្តាប់​តាម​ទៅ​ហើយ។ សម្រាប់​លោក​សុខ ឥសាន នៅ​ពេល​នេះ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រស់​នៅ​យ៉ាង​សុខ​សាន្ត​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

គេ​នៅ​​ចាំ​បាន​ថា ដោយ​សារ​តែ​ការ​អំពាវនាវ​ឲ្យ​កង​ទ័ព​ឈប់​គាំទ្រ​បក្ស​កាន់​អំណាច និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​នេះ​ហើយ លោក​សម រង្ស៊ី ធ្លាប់​ត្រូវ​បាន​ប្រមុខ​កង​ទ័ព​ខ្មែរ​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្តង​រូច​ហើយ។ បន្ថែម​លើ​នេះ ប្រមុខ​កង​ទ័ព និង​មន្រ្តី​សំខាន់ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ជួរ​ដ្ឋាភិបាល​កម្ពុជា ក៏​ចេញ​មុខ​ថ្កោល​ទោស​លោក​សម រង្ស៊ី​ជា​បន្ត​បន្ទាប់។ បន្ថែម​លើ​នេះ នៅ​ពេល​នេះ លោក​សម រង្ស៊ី ក៏​កំពុង​រង​នូវ​បណ្តឹង​ពី​បទ​ក្បត់​ជាតិ​នៅ​តុលាការ​ខ្មែរ​មួយ​ទៀត​ដែរ ដោយ​លោក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា បាន​ចុះ​ហត្ថលេខា​កាត់​ខេត្ត​របស់​ខ្មែរ​ចំនួន​៤​ឲ្យ​ទៅ​ក្រុម​ជន​ជាតិ​ភាគ​តិច​វៀតណាម ប្រសិន​បើ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ដឹក​នាំ​រដ្ឋាភិបាល​នោះ។

យ៉ាង​ណា​ក៏​ដោយ លោក​សុខ ឥសាន បាន​ព្រមាន​ជា​មុន​ទៅ​កាន់​លោក​សម រង្ស៊ី​ថា ប្រសិន​បើ​លោក​សម រង្ស៊ី នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​អំពាវនាវ​ឲ្យ​កង​ទ័ព​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ត​ទៅ​ទៀត​ នោះ​មេ​ដឹក​អតីត​បក្ស​ប្រឆាំង​រូប​នេះ​នឹង​មាន​ពិរុទ្ធភាព​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ