កម្ពុជាទទួលស្គាល់ការប្រកាសឯករាជ្យរបស់សិង្ហបុរីមុនគេ!
ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់កេងយាំ Tony Tan Keng Yam បានមកដល់ភ្នំពេញ នៅថ្ងៃមិញនេះ។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ទី១១មករា, លោកនឹងចូលបង្គំគាល់ព្រះមហាក្សត្រ ហើយជួបលោក ហ៊ុន សែន ព្រមទាំងចូលរួមពិធីចុះកិច្ចព្រមព្រៀងចំនួន២ គឺវិស័យអប់រំបច្ចេកទេសវិជ្ជាជីវៈ និងវិស័យសុខាភិបាល។ ប្រធានាធិបតីសិង្ហបុរី នឹងចុះពិនិត្យគម្រោងជំនួយរបស់សិង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយទៅទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនេះ ហេង ឧត្តម សូមរម្លឹកឡើងវិញពីទំនាក់ទំនងការទូតរបស់កម្ពុជានិងសិង្ហបុរី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤៨
សិង្ហបុរី ជាបុរីរដ្ឋក្មេងខ្ចី ដែលទើបតែប្រកាសឯករាជ្យ បានជាង៥០ឆ្នាំតែប៉ុណ្ណោះ។ សិង្ហបុរីរបស់រដ្ឋបុរស លី ក្វាន់យូ ប្រកាសផ្តាច់ខ្លួនចេញពីសហព័ន្ធម៉ាឡេស៊ី នៅថ្ងៃទី៩ សីហា ឆ្នាំ១៩៦។ កាលណោះ គឺកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច នរោត្តម សីហនុ បានទទួលស្គាល់ការប្រកាសឯករាជ្យរបស់សិង្ហបុរីមុនគេ។ សឹងតែមុនគេឯងទៅទៀតនៅអាស៊ី។
ការទទួលស្គាល់នេះ គឺនៅថ្ងៃទី១៥កញ្ញា១៩៦៥ ប្រមាណតែមួយខែប៉ុណ្ណោះ ក្រោយការប្រកាសឯករាជ្យរបស់ លី ក្វាន់យូ។ ថ្ងៃនេះហើយ អ្នកការទូតនៃប្រទេសទាំង២ ចាត់ទុក និងរាប់យកថា ជាថ្ងៃផ្តើមទំនាក់ទំនងទូតកម្ពុជា-សិង្ហបុរី។
ទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលសិង្ហបុរី បានរម្លឹកពីចំណងមិត្តភាពដ៏ជិតស្និត និងដ៏កក់ក្តៅរវាងប្រទេសទាំងពីរ ជាពិសេស នៅក្នុងឱកាសខួបទំនាកទំនងទូតកម្ពុជា-សិង្ហបុរី លើកទី៥០, នៅឆ្នាំ២០១៥ ប្រធានាធិបតីសិង្ហបុរី គឺលោក តូនី តាន់កេងយាំ គូសបញ្ជាក់ថា កម្ពុជាជាមិត្តចាស់ មិត្តដែលទទួលស្គាល់ការប្រកាសឯករាជ្យរបស់ខ្លួនមុនដំបូង។
គួររម្លឹកជូនដែរថា ដោយសារចំណងទូតល្អ នៅដំណាក់កាលដំបូង ក្នុងទសវត្សរ៍១៩៦០ បុរីរដ្ឋសិង្ហបុរី ក៏បានចាត់ទុកថា កម្ពុជាជាទីក្រុងគជ់នៃអាស៊ី ហើយចង់កសាងរដ្ឋឲ្យដូចកម្ពុជាដែរ។ ទន្ទឹមនេះ សិង្ហបុរី បានបញ្ចូននិស្សិតមកឲ្យរៀនសូត្រនៅស្រុកខ្មែរទៀតផង។
ក្រោមមក ទំនាក់ទំនងប្រទេសទាំងពីរមិនសូវជាល្អូកល្អិនប៉ុន្មានទេ ដោយសារកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម។ ទម្រាំទាល់តែកម្ពុជាចូលជាសមាជិកអាស៊ាន ហើយនៅប្រមាណជាង១ទសវត្សរ៍ចុងក្រោយនេះ ទើបចំណងទូតផ្តើមរឹតបណ្តឹងឡើងវិញ ក្នុងក្របខណ្ឌសមាគមប្រជាជាតិអាស៊ីអគ្នេយ៍។ ហើយដើម្បីផ្តួចផ្តើមសមារណកម្មអាស៊ាន, សិង្ហបុរី បានកសាងមជ្ឈមណ្ឌលកម្ពុជា-សិង្ហបុរី នៅឆ្នាំ២០០២ សម្រាប់បណ្តុះបណ្តាលមន្ត្រីរាជការខ្មែរ។ តាមរយៈនេះ គេក៏ឃើញ អ្នករដ្ឋការ និងមន្ត្រីទូតខ្មែរ ទៅរៀនសូត្រជំនាញការទូតវគ្គខ្លីៗនៅសិង្ហបុរីជាដើម។
នៅពេលសោយទីវង្គតរបស់ព្រះបរមរតនកោដ្ឋ, ថ្នាក់ដឹកនាំសិង្ហបុរី បានមកគោរពវិញ្ញាណក្ខន្ធ នៅភ្នំពេញ ហើយចំណែកនាយករដ្ឋមន្ត្រីខ្មែរ ក៏បានទៅសិង្ហបុរី ចូលរួមបុណ្យសព របស់លោក លី ក្វាន់យូ បិតាស្ថាបនិកសិង្ហបុរីដែរ។ ប៉ុន្មានចុងក្រោយឆ្នាំនេះ អ្នកតំណាងរាស្ត្រសិង្ហបុរី បានបំពេញទស្សនកិច្ចនៅស្រុកខ្មែរ ហើយរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីបរិស្ថានរបស់កម្ពុជា ក៏បានទៅទស្សនកិច្ច នៅសិង្ហបុរីវិញដែរ។
ចំពោះផ្នែកពាណិជ្ជកម្មនិងវិនិយោគទុនវិញ សិង្ហបុរីឈរនៅក្នុងចំណោម១០ប្រទេសដែលរកស៊ីច្រើននៅស្រុកខ្មែរ។ នៅឆ្នាំ២០១៥ សិង្ហបុរី គឺជាអ្នកវិនិយោគផ្ទាល់ នៅលំដាប់ទី៣ បន្ទាប់ពីចិន និងអង់គ្លេស ក្នុងរង្វង់ទឹកប្រាក់ជាង២ពាន់លានដុល្លារ។ ការវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរី គឺទៅលើផ្នែកសំខាន់ៗ រួមមាន កសិកម្ម ថាមពល សេវាហិរញ្ញវត្ថុ ការដឹកជញ្ចូន ផលិតកម្ម និងអចលនទ្រព្យ។ ចំណែកការចេញខ្សាច់ ពីស្រុកខ្មែរទៅសិង្ហបុរីវិញ ក៏នាំប្រាក់ចំណូលច្រើនណាស់ដែរ តែមិនទាន់ត្រូវបានពន្យល់ឲ្យច្បាស់លាស់នៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ