ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
កម្ពុជា

កម្ពុជា​ទទួលស្គាល់​ការប្រកាស​ឯករាជ្យ​រប​ស់​សិង្ហ​បុរី​មុនគេ!

media  
ពលរដ្ឋ​កំពុង​ទទួលស្វាគមន៍​ប្រធានាធិបតីសិង្ហបុរី លោក Tony Tan Keng Yam នៅ​អកាសយានដ្ឋានភ្នំពេញ @Hun Sen Page

ប្រធានាធិបតី​សិង្ហ​បុរី លោក តូ​នី តាន់​កេង​យាំ  Tony Tan Keng Yam បាន​មកដល់​ភ្នំពេញ នៅ​ថ្ងៃមិញ​នេះ។ ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨​ដល់​ទី​១១​មករា, លោក​នឹង​ចូល​បង្គំ​គាល់​ព្រះ​មហាក្សត្រ ហើយ​ជួប​លោក ហ៊ុន សែន ព្រម​ទាំង​ចូលរួម​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​ចំនួន​២ គឺ​វិស័យ​អប់រំ​បច្ចេកទេស​វិជ្ជាជីវៈ និង​វិស័យ​សុខាភិបាល​។ ប្រធានាធិបតី​សិង្ហ​បុរី នឹង​ចុះ​ពិនិត្យ​គម្រោង​ជំនួយ​របស់​សិង្ហ​បុរី នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ហើយ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត នៅ​ខេត្ត​សៀម​រាប​។ ឆ្លៀត​ក្នុងឱកាស​នេះ ហេង ឧ​ត្ត​ម សូម​រម្លឹក​ឡើង​វិញ​ពី​ទំនាក់ទំនង​ការ​ទូត​របស់​កម្ពុជា​និង​សិង្ហ​បុរី។

 

 

សិង្ហ​បុរី ជា​បុរី​រដ្ឋ​ក្មេងខ្ចី ដែល​ទើប​តែ​ប្រកាស​ឯករាជ្យ បាន​ជាង​៥០​ឆ្នាំ​តែ​ប៉ុណ្ណោះ។ សិង្ហ​បុរី​របស់​រដ្ឋបុរស លី ក្វាន់​យូ ប្រកាស​ផ្តាច់​ខ្លួន​ចេញពី​សហព័ន្ធ​ម៉ាឡេស៊ី នៅ​ថ្ងៃទី៩ សីហា ឆ្នាំ១៩៦។ កាលណោះ គឺ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច នរោត្តម សីហនុ  បានទទួល​ស្គាល់​ការ​ប្រកាស​ឯករាជ្យ​រប​ស់​សិង្ហ​បុរី​មុនគេ។ សឹង​តែ​មុន​គេ​ឯង​ទៅ​ទៀត​នៅ​អាស៊ី។

ការ​ទទួល​ស្គាល់​នេះ គឺ​នៅ​ថ្ងៃទី​១៥​កញ្ញា​១៩៦៥ ប្រមាណ​តែ​មួយ​ខែ​ប៉ុណ្ណោះ ក្រោយ​ការប្រកាស​ឯករាជ្យ​រប​ស់ លី ក្វាន់​យូ។ ថ្ងៃ​នេះ​ហើយ អ្នក​ការ​ទូត​នៃ​ប្រទេស​ទាំង​២ ចាត់​ទុក និង​រាប់​យក​ថា ជា​ថ្ងៃ​ផ្តើម​ទំនាក់​ទំនង​ទូត​កម្ពុជា-សិង្ហ​បុរី។
 
ទាំង​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី បាន​រម្លឹក​ពី​ចំណង​មិត្តភាព​ដ៏​ជិតស្និត និង​ដ៏​កក់ក្តៅ​រវាង​ប្រទេស​ទាំងពីរ ជា​ពិសេស នៅក្នុង​ឱកាស​ខួប​ទំនាកទំនង​ទូត​កម្ពុជា-សិង្ហ​បុរី លើក​ទី៥០, នៅ​ឆ្នាំ២០១៥ ប្រធានាធិបតី​សិង្ហ​បុរី គឺ​លោក តូ​នី តាន់​កេង​យាំ  គូស​បញ្ជាក់​ថា កម្ពុជា​ជា​មិត្ត​ចាស់ មិត្ត​ដែល​ទទួលស្គាល់​ការ​ប្រកាស​ឯករាជ្យ​រប​ស់​ខ្លួន​មុនដំបូង។
គួរ​រម្លឹក​ជូន​ដែរ​ថា ដោយសារ​ចំណង​ទូត​ល្អ នៅ​ដំណាក់​កាល​ដំបូង ក្នុង​ទសវត្សរ៍​១៩៦០ បុរី​រដ្ឋ​សិង្ហ​បុរី ក៏បាន​ចាត់ទុកថា កម្ពុជា​ជាទី​ក្រុង​គជ់​នៃ​អាស៊ី ហើយ​ចង់​កសាង​រដ្ឋ​ឲ្យ​ដូច​កម្ពុជា​ដែរ។ ទន្ទឹមនេះ សិង្ហ​បុរី បា​នប​ញ្ចូ​ន​និស្សិត​មក​ឲ្យ​រៀនសូត្រ​នៅ​ស្រុក​ខ្មែរ​ទៀតផង។
 
ក្រោម​មក ទំនាក់​ទំនង​ប្រទេស​ទាំងពីរ​មិនសូវ​ជា​ល្អូកល្អិន​ប៉ុន្មាន​ទេ ដោយសារ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម។ ទម្រាំ​ទាល់​តែ​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ហើយ​នៅ​ប្រមាណ​ជាង១ទសវត្សរ៍​ចុងក្រោយ​នេះ ទើប​ចំណង​ទូត​ផ្តើម​រឹតបណ្តឹង​ឡើង​វិញ ក្នុង​ក្រប​ខណ្ឌ​សមាគម​ប្រជាជាតិ​អាស៊ី​អគ្នេយ៍។ ហើយ​ដើម្បី​ផ្តួច​ផ្តើម​សមារណកម្ម​អាស៊ាន, សិង្ហបុរី បាន​កសាង​មជ្ឈមណ្ឌល​កម្ពុជា-សិង្ហ​បុរី នៅ​ឆ្នាំ២០០២ សម្រាប់​បណ្តុះបណ្តាល​មន្ត្រី​រាជការ​ខ្មែរ។ តាមរយៈ​នេះ គេ​ក៏​ឃើញ អ្នករដ្ឋការ និង​មន្ត្រី​ទូត​ខ្មែរ ទៅ​រៀនសូត្រ​ជំនាញ​ការទូត​វគ្គខ្លីៗនៅ​សិង្ហ​បុរី​ជាដើម​។
 
នៅ​ពេល​សោយ​ទីវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ, ថ្នាក់ដឹកនាំ​សិង្ហ​បុរី បានមក​គោរព​វិញ្ញាណក្ខន្ធ នៅ​ភ្នំពេញ ហើយ​ចំណែក​នាយករដ្ឋមន្ត្រី​ខ្មែរ ក៏បាន​ទៅ​សិង្ហ​បុរី ចូលរួម​បុណ្យសព របស់លោក លី ក្វាន់​យូ បិតា​ស្ថាបនិក​សិង្ហ​បុរី​ដែរ។ ប៉ុន្មាន​ចុង​ក្រោយ​ឆ្នាំ​នេះ អ្នក​តំណាងរាស្ត្រ​សិង្ហ​បុរី បាន​បំពេញ​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ ហើយ​រដ្ឋមន្ត្រី​ការពារជាតិ រដ្ឋមន្ត្រី​បរិស្ថាន​របស់​កម្ពុជា ក៏បាន​ទៅ​ទស្សនកិច្ច នៅ​សិង្ហ​បុរី​វិញ​ដែរ។
 
ចំពោះ​ផ្នែក​ពាណិជ្ជកម្ម​និង​វិនិយោគទុន​វិញ សិង្ហ​បុរី​ឈរ​នៅក្នុង​ចំណោម១០ប្រទេស​ដែល​រកស៊ី​ច្រើន​នៅ​ស្រុក​ខ្មែរ។ នៅ​ឆ្នាំ២០១៥ សិង្ហ​បុរី គឺជា​អ្នកវិនិយោគ​ផ្ទាល់ នៅ​លំដាប់​ទី៣ បន្ទាប់ពី​ចិន និង​អង់គ្លេស ក្នុង​រង្វង់​ទឹកប្រាក់​ជាង២ពាន់​លាន​ដុល្លារ។ ការវិនិយោគ​របស់​ក្រុមហ៊ុន​សិង្ហ​បុរី គឺ​ទៅលើ​ផ្នែកសំខាន់ៗ រួមមាន កសិកម្ម ថាមពល សេវា​ហិរញ្ញវត្ថុ ការ​ដឹក​ជញ្ចូន ផលិតកម្ម និង​អចលនទ្រព្យ។ ចំណែក​ការចេញ​ខ្សាច់ ពី​ស្រុក​ខ្មែរ​ទៅ​សិង្ហ​បុរី​វិញ ក៏​នាំ​ប្រាក់​ចំណូល​ច្រើនណាស់​ដែរ តែ​មិនទាន់​ត្រូវ​បាន​ពន្យល់​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ