អានតួអត្ថបទ
កម្ពុជា-ភូមា

កម្ពុជា បាន​បោះ​ឆ្នោត​មិន​ជ្រៀត​ជ្រែត​រឿង​ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​យ៉ា​របស់​ភូមា

ខុស​ពី​ប្រទេស​ចំនួន ១៣៥​ទៀត កម្ពុជា គឺ​ជា​ប្រទេស​មួយ​ដែរ​ ដែល​​បាន​បោះ​ឆ្នោត​មិន​ចូល​ជ្រៀត​ជ្រែក​ កិច្ចការ​ផ្ទៃ​ក្នុង​របស់​ភូមា រឿង​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន។ កម្ពុជា ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ចំនួន ១០ ដែល​បាន​បោះ​ឆ្នោត​បដិសេធ​លើ​ពង្រាង​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែល​សូម​ចូល​ជួយ​កិច្ច​ការ​របស់​ភូមា ក្នុង​ហេតុ​ផល​ដើម្បី​រក្សា​អធិបតេយ្យ​ភាពនៃ​ប្រទេស​នីមួយៗ​។

ជនអន្តោប្រវេសន៍​ជាតិ​រ៉ូហ៊ីងយ៉ា និង​បង់ក្លាដែស
ជនអន្តោប្រវេសន៍​ជាតិ​រ៉ូហ៊ីងយ៉ា និង​បង់ក្លាដែស ©REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

កម្ពុជា គឺ​ជា​ប្រទេស​មួយ​ជា​មួយ​ប្រទេស​ចំនួន​ ៩​ទៀត មាន​ដូច​ជា រុស្ស៊ី ចិន ហ្វីលីពីន ឡាវ វៀតណាម ស៊ីរី ហ្ស៊ីមបាវេ បេឡារុស និង​ភូមា ដែល​បាន​បោះ​ឆ្នោត​មិន​គាំទ្រ លើ​ពង្រាង​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ កាល​ពី​សប្តាហ៍​មុន ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សុំ​ចូល​ខ្លួន ដោះ​ស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ នៅ​ភូមា។ ប្រការ​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា មាន​គោលការណ៍​ជា​អាទិភាព គឺ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង ឬ អធិបតេយ្យ​ភាព​របស់​ប្រទេស​ណា​មួយ​នោះ​ឡើយ​ ព្រោះ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ។ តែ​យ៉ាង​ណា ប្រមុខ​ដឹក​នាំ​កម្ពុជា ​បន្ថែម​ថា​ នឹង​ចូល​រួម​ជួយ​គាំទ្រ​ដល់​សកម្មភាព​សប្បុរស​ធម៌​គ្រប់​បែប​យ៉ាង លើក​លែង​តែ​ការ​លូក​ដៃ​ក្នុង​កិច្ច​ការ​របស់​ប្រទេស​ដទៃ។

យ៉ាង​ណា​មិញ មាន​ប្រទេស​ចំនួន ១៣៥​ផ្សេង​ទៀត ​បាន​បោះ​ឆ្នោត​គាំទ្រ​ ឲ្យ​មាន​ការ​ចូល​ជួយ​ដោះ​ស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា របស់​អង្គការ​សហប្រជាជាតិ ក្នុង​ហេតុផល​ការពារ​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ក៏​មាន​ប្រទេស​ចំនួន ២៦​ទៀត​ ដែល​សូម​មិន​បញ្ចេញ​យោបល់​អ្វី​ទាំង​អស់។

អង្គការ​សហប្រជាជាតិ នៅ​តែ​បន្ត​ជំរុញ​ឲ្យ​ភូមា បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ហើយ​អង្គការ​នេះ បាន​សម្រេច​ចេញ​ពង្រាង​សេចក្តី​សម្រេច​មួយ ដែល​មាន​គោល​បំណង​ឲ្យ​រដ្ឋាភិបាល​ភូមា អនុញ្ញាត ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ​ផ្តល់​បុគ្គលិក​ជំនួយ ជួយ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា ដើម្បី​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់ ដល់​​ជន​ជាតិ​ភាគ​តិច​ទាំង​នោះ អាច​ត្រលប់​មក​ប្រទេស​ភូមា​វិញ ហើយ​ទទួល​បាន​សិទ្ធិ​ជា​ពលរដ្ឋ​រ៉ូហ៊ីង​យ៉ាង​ស្រប​ច្បាប់។

គួរ​រម្លឹក​ជូន​ថា មាន​ជន​ជាតិ​ម៉ូស្លីម​រ៉ូហ៊ីងយ៉ា ជាង ៦០​ម៉ឺន​នាក់ បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ជិត​ខាង ដូច​ជា​បង់​ក្លាដេស​ជាដើម​ តាំងពី​យោធា​ភូមា បាន​ប្រើ​អំពើ​ហិង្សា ​លើ​តំបន់​រ៉ាឃីន កាល​ពី​ខែ​សីហា​កន្លង​ទៅ។ កង​ទ័ព​ភូមា ​ថែម​ទាំង​ទាត់​ចោល​នូវ​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សហប្រជាជាតិ​ដែល​វាយ​តម្លៃ​ថា ប្រតិបត្តិការ​យោធា​ភូមា​ជា​ការ​បោស​សម្អាត​ពូជ​សាសន៍។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី ២០ ដល់​ ២១ ខែ​វិច្ឆិកា​នេះ​ផង​ដែរ លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ដឹក​នាំ​គណ:ប្រតិភូ ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្ដី​ការ​បរទេស​អាស៊ី-អឺរ៉ុប លើក​ទី​១៣ នៅ​ទីក្រុង​ណៃពិដោ ប្រទេស​ភូមា។ ហើយ​ក្នុង​ឱកាស​នេះ ប្រមុខ​ការ​បរទេស​កម្ពុជា ក៏​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​​ជាមួយ លោក​ស្រី អ៊ុង សានស៊ូជី ទី​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ភូមា និង​លោក​វ៉ាង យី រដ្ឋមន្រ្តី​ការ​បរទេស​ចិន។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជំនួប​ប្រជុំ​នេះ នឹង​ពិភាក្សា​ពី​បញ្ហា​អ្វី​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ