អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ គ្រោង​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​លើ​ការ​ធ្វើ​បច្ចាប័ន​និងផ្ទេរ​ទណ្ឌិត

ប្រទេសសមាជិក​អាស៊ាន​ទាំង​១០ បាន​ឯកភាព​នឹង​បង្កើត​កិច្ច​ព្រមព្រៀង​ធ្វើ​បច្ចាប័ន​និង​ផ្ទេរ​ទណ្ឌិត។ ​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា ក្រសួង​យុត្តិធម៌​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​នេះមាន​សារៈ​សំខាន់​ចំពោះ​កម្ពុជា និង​សន្តិសុខ​ក្នុង​តំបន់​ទាំង​មូល។ តាមរយៈ​កិច្ច​ប្រជុំ​ថ្នាក់រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អាស៊ាន​នៅ​ប្រទេស​ឡាវ កាល​ពី​ពេល​ថ្មីៗ​នេះ កិច្ច​ព្រម​ព្រៀង​ស្ដីពីការ​ធ្វើ​បច្ចាប័ន និង​ផ្ទេរ​ទណ្ឌិត​នេះ ក៏​គ្រោង​នឹង​អនុវត្ត​ឆាប់ៗ​នេះ​ដែរ។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងដប់ក្រោមដំបូលអាស៊ានតែមួយនៅទីបំផុត
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងដប់ក្រោមដំបូលអាស៊ានតែមួយនៅទីបំផុត RFI
ផ្សាយពាណិជ្ជកម្ម

លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជា​តិ​នៅ​ចន្ទ​ទី​១៥​តុលា​នេះ​ថា ការណ៍​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​បាន​ឯក​ភាព​នឹង​​បង្កើត​កិច្ច​ព្រម​ព្រៀង​ធ្វើ​បច្ចាប័ន និង​ផ្ទេរ​ទណ្ឌិត គឺ​ក្នុង​គោល​បំណង​ដើម្បី​ទប់​ស្កាត់​បទ​​ល្មើស​ឆ្លង​ដែន​មួយ​ចំនួន។ ហើយ​ដំណើរ​ការ​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ស្ដីពី ការ​ធ្វើ​បច្ចា​ប័ន និង​ផ្ទេរ​ទណ្ឌិត​នេះ ធ្វើ​ឡើង​ដោយ​យក​បទ​ពិសោធន៍​កន្លង​មក​តាម​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី រវាង​ប្រទេស និង​ប្រទេស ក្នុង​ការ​ធ្វើ​បច្ចាប័ន និង​ផ្ទេរ​ទណ្ឌិត។

បើតាម​លោក ជិន ម៉ាលីន កិច្ច​ព្រម​ព្រៀង​នេះ នឹង​លេច​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់​​​ៗ​នេះ។ បន្ទាប់​ពី​ទទួល​បាន​ភាព​ស្រប​ច្បាប់​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​រួម​គ្នា​នេះ ហើយ​បណ្ដា​​ប្រទេស​សមាជិក​អាស៊ាន អាច​សហការ​គ្នា​បាន​ក្នុង​ការ​បញ្ជូន​ជន​ល្មើស ឬ​ជន​ដែល​​សមត្ថកិច្ច​តាម​ចាប់​ខ្លួន។

សូមបញ្ជាក់ថា ការ​មូល​មាត់​គ្នា​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ក្នុង​ការ​រៀប​ចំកិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​ធ្វើ​បច្ចាប័ន និង​ផ្ទេរ​ទណ្ឌិត​នេះ បាន​ធ្វើ​ឡើង​នៅ​ក្រោយ​កិច្ច​ប្រជុំថ្នាក់​រដ្ឋ​មន្ត្រី​ច្បាប់​អាស៊ាន​លើក​ទី​១០ ដែល​ប្រទេស​ឡាវ ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំកាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ មើលឃើញ​ថា ជា​រឿង​​មួយ​ល្អ ដែល​ប្រទេស​អាស៊ាន​បាន​ចង​ក្រង​កិច្ច​ព្រម​ព្រៀង​ស្ដីពី​ការ​ធ្វើ​បច្ចាប័ន និង​ផ្ទេរ​ទណ្ឌិត។ ល្អ​ព្រោះ​ថា សម្រាប់​បរិបទ​ប្រទេស​កម្ពុជា លោក អំ សំអាត ថា ការ​ផ្ទេរ​ទណ្ឌិត​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​បង្ហាញ​ថា ពួក​គេ​មិន​ឯកា។

ប៉ុន្តែ លោក អំ សំអាត នៅ​តែ​មាន​ក្ដី​ព្រួយ​បារម្ភ​ថា ការ​ធ្វើ​បច្ចាប័ន អាច​បង្ក​ផល​វិបាក និង​ជះ​ឥទ្ធិពល​ដល់​ពលករ​ចំណាក​ស្រុក ខណៈ​ពលរដ្ឋ​កម្ពុជា​បាន​ចេញ​ចូល​ជាប់​មិនដាច់​នៅ​​ក្នុង​ដំណើរ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេសថៃ ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ដែរ​នោះ។ ហើយ​ក្ដី​ព្រួយ​បារម្ភ​ម្យ៉ាង​ទៀត គឺ​ភាព​កាន់​តែ​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធ​នា​គារ​នាពេល​អនាគត។ នេះ​បើ​តាម​លោក អំ សំអាត ។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ