ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/05 12h00 GMT
កម្ពុជា

ក្រុម​ព្រឹទ្ធសមាជិក​អាមេរិក​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ថ្មី​មួយ​ដោយ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​​ជំនួយ​​សម្រាប់​​កម្ពុជា

media លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ REUTERS/Chris Bergin

ក្រុម​​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន​៥​រូប បាន​តាក់​តែង​នូវ​សេចក្តី​ស្នើ​ច្បាប់​ថ្មី​មួយ​ស្តីពី​គណនេយ្យភាព និង​ប្រសិទ្ធភាពនៃជំនួយនៅកម្ពុជា​ក្នុង​ឆ្នាំ​២០១៨។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ពួក​គេ​ចុះ​ថ្ងៃ​ទី​៩ កុម្ភៈ។ នេះ​គឺ​ជា​វិធានការ​ថ្មី​មួយ​ទៀត​តែ​ក្នុង​ក្របខ័ណ្ឌ​អង្គ​នីតិប្បញ្ញតិ​របស់​អាមេរិក​មក​លើ​រដ្ឋាភិបាល​ខ្មែរ បន្ទាប់​ពី​រដ្ឋាភិបាល​មហា​អំណាច​មួយ​នេះ​បាន​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ខ្មែរ​មួយ​ចំនួន និង​បាន​បញ្ឈប់​ជំនួយ​ដល់​ឝ.ជ.ប​នាពេល​កន្លងមក។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​៥​រូប​ដែល​បាន​តាក់​តែង​នូវ​សេចក្តី​ស្នើ​ច្បាប់​ថ្មី​នេះ រួម​មាន​លោក Lindsey Graham លោក​Dick Durbin លោក​Ted Cruz លោក​Ben Cardin និង លោក​Patrick Leahy ។ សេចក្តី​ស្នើ​ច្បាប់​ថ្មី​នេះ មាន​គោលដៅ​កម្រិត​ជំនួយ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​ដោយ​សារ​តែ​សកម្មភាព​នានា​របស់​ខ្លួន និង​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ការពារ​សិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា រួម​ទាំង​ការ​ដោះ​លែង​លោក​កឹម​សុខា អ្នក​កាសែត និង​សកម្មជន​ផ្សេងៗ​ទៀត។ មួយ​វិញ​ទៀត ច្បាប់​នេះ​ក៏​តម្រូវ​ឲ្យ​មាន​ការ​អនុវត្ត​បន្ត​នូវ​គោល​នយោបាយ​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ខែ​ធ្នូ​ឆ្នាំ ២០១៧ រហូត​ដល់​មានការ​បោះ​ឆ្នោត​សភា​ដោយ​សេរី​និង​យុត្តិធម៌ និង​កំណត់​ឲ្យ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ណា​ម្នាក់​ដែល​កម្រិត​ដោយ​គោល​នយោបាយ​នេះ។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក Lindsey Graham បាន​ចង្អុល​បង្ហាញ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្លាប់​បាត់​ទៅ​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល និង​ការ​គ្រប់​គ្រង​របស់​ចិន។ តាម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូប​នេះ សេចក្តី​ស្នើ​ច្បាប់​ស្តីពី​គណនេយ្យភាព​ និង​​ប្រសិទ្ធ​ភាព​នៃ​ជំនួយ​នៅ​កម្ពុជា​​ក្នុ​ង​​ឆ្នាំ​​២០១៨​ នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​អំណាច​របស់​ក្រសួង​ការ​បរ​ទេ​អាមេរិក​ឆ្លើយ​តប​ទៅនឹង​ការ​ប៉ុន​ប៉ង​របស់​ចិន ដើម្បី​ធ្វើ​អាណានិគម​កិច្ច​លើ​ប្រទេស​កម្ពុជា។

ចំណែក​សមាជិក​ព្រឹទ្ធសភា​ដទៃ​ទៀត សុទ្ធ​តែ​បាន​សម្តែង​ការ​យល់​ឃើញ​ថា សេចក្តី​ស្នើ​ច្បាប់​ថ្មី​នេះ​គឺជា​ការ​ឆ្លើយ​តប​ដ៏​សាក​សម​មួយ​ទៅ​កាន់​របប​ដឹក​នាំ​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ការ​រំលាយ​គណបក្ស​ប្រឆាំង។ ក្នុង​នោះ​សមាជិក​ព្រឹទ្ធសភា Ted Cruzបាន​អះអាង​ថា​ លោក​ហ៊ុន សែន និង​ចៅហ្វាយ​នាយ​របស់​គាត់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​មិន​គួរ​មើល​ងាយ​លើ​ដំនោះ​ស្រាយ​របស់​អាមេរិក​ចំពោះ​ការ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​អាស៊ី​ឡើយ។ រីឯ​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ទៀត គឺ​លោក​Dick Durbin បាន​បញ្ជាក់​ថា អាមេរិក​ត្រូវ​ផ្ញើ​សារ​មួយ​ទៅ​រដ្ឋាភិបាល​កម្ពុជា គឺ​ថា​សកម្មភាព​ទាំង​អស់​របស់​រដ្ឋាភិបាល​ខ្មែរ មិន​អាច​ទទួល​បាន​ទេ និង​ត្រូវ​តែ​បញ្ឈប់។

ប្រតិកម្ម​ទៅ​នឹង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​នេះ លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​អះអាង​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ទាំង​នេះ គឺ​ជា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​ហើយ​ពី​ទំនាក់​ទំនង​រវាង​អាមេរិក​ជាមួយ​នឹង​លោក​កឹម សុខា។ លោក​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​នេះ​កំពុង​ធ្វើ​សកម្មភាព ដើម្បី​ការពារ​លោក​កឹម សុខា​ដែល​លោក​ចាត់​ទុក​ថា ជា​កូន​ចៅ​របស់​អាមេរិក។

សូម​បញ្ជាក់​ថា​ សេចក្តី​ស្នើ​ច្បាប់​ថ្មី​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នេះ ធ្វើ​ឡើង​ក្រោយពី​រដ្ឋាភិបាល​អាមេរិកកាំង​បាន​ចាត់​វិធានការ​ពីរ​លើក​រួច​មក​ហើយ​មក​រដ្ឋាភិបាល​កម្ពុជា គឺ​ការ​បញ្ឈប់​ជំនួយ​មក​កាន់​គ.ជ.ប និង​ការ​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​ចូល​ទៅ​កាន់​ទឹក​ដី​អាមេរិក។ ចំពោះ​សេចក្តី​ស្នើ​ច្បាប់​ថ្មី​នេះ ត្បិត​ថា​ក្នុង​ក្របខ័ណ្ឌ​អង្គនីតិប្បញ្ញត្តិ​ក៏​ពិត​មែន ប៉ុន្តែពេលត្រូវបានអនុម័តនោះ ​ច្បាប់ថ្មីនេះនឹង​តម្រូវ​ឲ្យ​នាយក​ប្រតិបត្តិ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​អាមេរិក​នីមួយៗ​រារាំង​នូវជំនួយ​នានា​មក​កាន់​រដ្ឋាភិបាល​កម្ពុជា រហូត​ដល់​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ