ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
general

ក្រសួង​ការងារ៖ កម្ពុជា​រំពឹង​ថា​អ្នក​វិនិយោគ​មួយ​ចំនួន​ ត្រឡប់​មក​វិញ ​ក្រោយ​​លោក​​ដូណាល់ ​ត្រាំសម្រេច​​ដក​អាមេរិក​​ចេញ​ពី​TPP

media  
លោក​ដូណាល់​ត្រាំ ក្នុង​ពេល​ចុះ​ក្រិត្យ​លុបអាមេរិកចេញពីTPP SAUL LOEB / AFP

អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា​ក្រោយ​កិច្ច​​ព្រម​ព្រៀង​ ​ពាណិជ្ជកម្ម​សេរី​TPP ​ដួល​រលំ​នោះ​​អ្នក​វិនិយោគ​មួយ​ចំនួន​ លើ​វិស័យ​រោង​ចក្រ​កាត់​ដេរ​នឹង​វិល​ត្រឡប់​មក​វិនិ​យោគ​នៅ​ប្រទេស​កម្ពុជា​​វិញ​ ព្រោះ​ការ​វិនិ​យោគ​​នៅ​​ប្រទេស​​សមា​​ជិក​​TPP នឹង​មិន​ចំណេញ​ឡើយ។ មេ​ដឹក​នាំ​សហជីព​កម្ពុជា​វិញ បញ្ជាក់​ថា​នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា ក្រោយ​ពេល​គ្មាន​TPP​។

 

 

 
លោក​ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​២៦ ខែ​មករា​ថា​ កន្លងមក​អ្នក​វិនិយោគ​មួយ​ចំនួន​បាន​ងាក​ទៅ​វិនិយោគ​នៅ​វៀត​ណាម ឬ​ប្រទេស​ណាមួយ ដែល​ជា​សមា​ជិក​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម TPP ក្នុង​គោល​បំណង​ទទួល​បាន​ពន្ធ​នាំ​ចូល​ទៅ​សហ​រដ្ឋ​អាមេរិក​សូន្យ ប៉ុន្តែ​ក្រោយ​ពីកិច្ច​ព្រម​ព្រៀង​នេះ​រលំ អ្នក​វិនិយោគ​ទាំង​នោះអាច​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​។

លោក​ហេង សួរ បាន​ពន្យល់​បន្ថែម​ថា នៅ​ពេល​ដែល​អ្នក​វិនិយោគ​មួយ​ចំនួន ទៅ​វៀត​ណាម​ក្នុង​គោលបំណង​រក​ការ​ចំណេញ​៩ភាគរយ​ពី​អាមេរិក​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​។ ប៉ុន្តែ​នៅ​ពេល​ដែល​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នោះ​លែង​មាន​មាន​ន័យ​ថា​ការ​នាំ​សម្លៀក​បំពាក់​ចេញ​ពី​វៀតណាម​ទៅ​អាមេរិក​ គឺត្រូវ​យក​ពន្ធ​ដូច​កម្ពុជា​ដែរ។ ដូច្នេះ អ្នក​វិនិយោគ​អាច​ពី​ចារណា​ក្នុង​ការ​បន្ថយ​ទុន​ខ្លះ លើ​ការ​វិនិយោគ​នៅ​វៀតណាម ហើយ​អាច​រក្សា​ទុន​វិនិ​យោគ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា​នេះ​គ្រាន់​តែ​ជា​ការ​រំពឹង​ទុក​មួយ​របស់​កម្ពុជាប៉ុណ្ណោះ។​

លោក​ប៉ាវ ស៊ីណា ប្រធាន​សហ​ភាព​ចលនា​កម្មករ​កម្ពុជា បាន​បង្ហាញ​ការ​យល់​ឃើញ​ចំពោះ​ការ​លុប​ចោលកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​TPP នោះ​ថា នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពីពាណិជ្ជ​កម្ម​រវាង​ប្រទេស​អាមេរិក​។ លោក​បន្ថែម​ទៀត​ថា​នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា ព្រោះ​អ្នក​ដែល​បម្រុង​នឹង​ចេញ​ពី​កម្ពុជា នឹង​បន្ត​ការ​វិនិយោគ​នៅ​កម្ពុជា​ដដែល ហើយ​អ្នក​ដែល​មិន​ទាន់​មក​វិនិយោគ​នៅ​កម្ពុជា​ គេ​នឹង​មក​វិនិយោគ។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ គឺ​ជា​អាទិភាពធំរបស់​រដ្ឋាភិបាល​លោក​អូបាម៉ា ​ព្រោះ​គាត់​ចង់​ឲ្យ​អាមេរិក​ឈរ​ជើង​ដឹកនាំ​ពាណិជ្ជកម្ម​សេរី ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ឲ្យ​រឹងមាំ ​ដើម្បី​ប្រឈមមុខ​ជាមួយ​នឹង​ចិន។ កិច្ចព្រម​ព្រៀង​នេះ​រួម​ប្រទេស​ចំនួន​១១ ជាសមាជិក ដែលមានដូចជា៖ ​ អូស្ត្រាលី ញូហ្សឺលែន ​ជប៉ុន​ កាណាដា​ ប៊្រុយណេ ​ឈីលី ​ម៉ាឡេស៊ី ​ម៉ិចស៊ិក​ ប៉េរូ ​សឹង្ហបុរី​ និង​វៀតណាម។

សូម​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ត្រូវ​បាន​លោក​ដូណាល់​ត្រាំ ចុះហត្ថ​លេខា​លើ​ក្រិត្យ​ដំបូង ដើម្បី​សម្រេច​ថា​សហរដ្ឋ​អាមេរិក ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ ក្រោយ​ពី​លោក​ចូល​កាន់​តំណែង​បាន​តែ​៣ថ្ងៃប៉ុណ្ណោះ។ សម្រាប់​លោក​ប្រធានាធិបតី​ថ្មី ​កិច្ច​ព្រមព្រៀង​TPP ​មិន​ផ្តល់​ប្រយោជន៍​សម្រាប់​សហរដ្ឋ​អាមេរិក​ទេ ​ផ្ទុយ​ទៅ​វិញ​គឺ​វា​មក​បំផ្លាញ​ទីផ្សារ​ការងារ​របស់​ប្រជាជន​អាមេរិក៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ