អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជានឹងនាំចូលអំបិល៣ម៉ឺនតោនពីចិននៅចុងឆ្នាំនេះ

សហគមន៍​អ្នក​ផលិត​អំបិល​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី២៥​តុលា ដើម្បី​ចុះ​កិច្ច​ព្រម​ព្រៀង​ ទិញ​អំបិល​៣ម៉ឺន​តោន​ពី​ប្រទេស​ចិន ដែល​អំបិល​នេះ នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ​។​ ជុំវិញ​គម្រោង​ចុះ​ទៅ​ទិញ​អំបិល​ពី​ប្រទេស​ចិន​ របស់​សហគមន៍​អ្នក​ផលិត​អំបិល​ដូច្នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រសួង​ឧស្សាហកម្ម ខណៈ​គម្រោង​ទិញ​អំបិល​នេះ ត្រូវ​បាន​គិត​គូរ​តាំង​ពី​ពេល ដែល​កម្ពុជា​ដឹង​ថា ការ​ផលិត​អំបិល​ជួប​បញ្ហា​តាំង​ពី​ដើម​ឆ្នាំ​។ 

ស្រែអំបិល​នៅ​ប្រទេស​កម្ពុជា
ស្រែអំបិល​នៅ​ប្រទេស​កម្ពុជា ©ញឹម​ សុផល
ផ្សាយពាណិជ្ជកម្ម

លោក លី សេង សហ​ប្រធាន​នៃ​សហគមន៍​អ្នក​ផលិត​អំបិល​កែប​និង​កំពត ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី១៦​តុលា​នេះ​ថា អំបិល​នាំ​ចូល​ពី​ចិន​ធានា​បាន​គុណភាព​និង​តម្លៃ​សមរម្យ ព្រោះ​អំបិល​ផលិត​នៅ​ប្រទេស​ចិន​ទាញ​ចេញ​ពី​ប្រភព​ទឹក​សមុទ្រ​ដូច​កម្ពុជា​ដែរ ដែល​ផ្ទុយ​ពី​ប្រទេស​ជិត​ខាង​កម្ពុជា អំបិល​ផលិត​ចេញ​ពី​រ៉ែ​ទាញ​ចេញ​ពី​ក្នុង​ដី​។ ការ​ទិញ​អំបិល​ពី​ចិន​នេះ ប្រទេស​ចិន​ជា​អ្នក​រ៉ាប់​រង ក្នុង​ការ​ដឹក​ជញ្ជូន​មក​ឲ្យ​កម្ពុជា​។

នេះ​ជា​លើក​ទី២​ហើយ​ដែល​កម្ពុជា ទិញ​អំបិល​ពី​ប្រទេស​ចិន ខណៈ​លើក​ទី១​កម្ពុជា​បាន​ចំណាយ​២,២​លាន​ដុល្លារ ទិញ​អំបិល ២០ ០០០​តោន ពី​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០០៩​។ នេះ​បើ​តាម លោក លី សេង។ ​

កង្វះ​អំបិល​ក្នុង​ការ​ប្រើ​ប្រាស់​សម្រាប់​ឆ្នាំ​ក្រោយ​ ត្រូវ​បាន​ សហ​ប្រធាន​នៃ​សហគមន៍​អ្នក​ផលិត​អំបិល​កម្ពុជា អះ​អាង​ជា​ថ្មី​ថា ១០​ឆ្នាំ​ម្ដង​កម្ពុជា​ប្រឈម នឹង​ការ​ខ្វះ​ខាត​អំបិល ដែល​បណ្ដា​មក​ពី​កត្តា​អាកាសធាតុ​។ អាកាសធាតុ​ដែល​មាន​ភ្លៀង​ធ្លាក់​ជាប់​មិន​ដាច់​ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ចុង​ខែ​មេសា​ដូច្នេះ គេ​មិន​អាច​ប្រមូល​ផល​អំបិល​បាន​ទេ ដោយ​សារ​មិន​មាន​ថ្ងៃ​ហាល​។

លោក លី សេង បាន​ព្រមាន​ថា ​បើ​សិន​អាកាសធាតុ​បែប​នេះ អូស​បន្លាយ​ដល់​ឆ្នាំ​ក្រោយ កម្ពុជា​នឹង​ប្រឈម​ការ​ខ្វះ​អំបិល​ប្រើ​ប្រាស់​ទៀត ហើយ​កសិករ​អាច​ប្រឈម​នឹង​ការ​បោះបង់​អាជីព​ជា​អ្នក​ធ្វើ​ស្រែ​អំបិល​។ នៅ​ពេល​សួរ​ថា កម្ពុជា​មាន​ផែន​ការ​ទប់​ស្កាត់​ជា​មុន ចំពោះ​កង្វះ​អំបិល​សម្រាប់​ឆ្នាំ​ក្រោយៗ​ទេ? លោក សេង លី មិន​ទាន់​មាន​ចម្លើយ​ព្រោះ ​ការ​ផលិត​អំបិល​នៅ​កម្ពុជា​មិន​ទាន់​មាន​លក្ខណៈ​ទំនើប ពោល​គឺ​ផលិត​តាម​បែប​ធម្មជាតិ​ពឹង​ផ្អែក​តែ​លើ​អាកាសធាតុ​។

បច្ចុប្បន្ន​អំបិល​ក្នុង​ស្តុក​នៅ​សល់​ប្រហែល​៨០០០​តោន​សម្រាប់​ដំណើរ​ការ​ប្រើ​ប្រាស់​២ខែ​ទៀត​ប៉ុណ្ណោះ ពី​ពេល​នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៨។​ សូម​បញ្ជាក់​ថា កម្ពុជា​មាន​ស្រែ​អំបិល​ជាង​៤ ៦០០​ហិកតា​នៅ​ក្នុង​ខេត្ត​កំពត​និង​កែប ដោយ​មាន​កសិករ​ធ្វើ​អំបិល​ជាង​២០០​គ្រួសារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ