អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​៖ ជំនឿ​កម្មផល ​និង​ការ​គោរ​ពដឹងគុណ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​កាន់បិណ្ឌ​ទី១ នៃ​ពិធីបុណ្យ​​ភ្ជុំ​បិណ្ឌ ​បាន​​ឈាន​ចូល​​មក​ដល់​​ហើយ​​នៅ​​ថ្ងៃ​​ចន្ទ​ ទី២៨​កញ្ញា​​នេះ​។ ការ​​កាន់​បិណ្ឌ​​ដូច្នេះ​ នឹង​ត្រូវ​​បន្ត​​ទៅ​មុខ​​រយៈពេល​​កន្លះ​​ខែ​​ទៀត​ មុន​នឹង​​បញ្ចប់​​ដោយ​​ថ្ងៃ​​ភ្ជុំបិណ្ឌ ​នៅ​ថ្ងៃទី​១២​ខែក្រោយ​។ ភ្ជុំបិណ្ឌ​​គឺ​ជា​​ពិធីបុណ្យ​​ដ៏​ធំ​​មួយ ​ក្នុង​ចំណោម​​ពិធី​បុណ្យ​ធំៗ​ដទៃទៀត​ ដែល​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​គោរព​​ប្រតិបត្តិ​​តាំង​ពី​​បុរាណ​កាល​​មក​ម្ល៉េះ។ ពិធីបុណ្យ​​នេះ ជា​ការ​​ពិត​ បាន​​ស្ដែង​​ឲ្យ​​ឃើញ​​ពី​​ទំនៀម​ទម្លាប់​​ធ្វើ​បុណ្យ​​ធ្វើ​​ទាន​​របស់​​ខ្មែរ​។ លើស​ពី​នេះ ​ក៏មាន​​ផង​ដែរ​ ជំនឿ​​កម្ម​ផល ​និង​​ការ​គោរព​ដឹង​គុណ​​ចំពោះ​​មាតា​បិតា ​និង​​ញាតិ​សណ្ដាន​។

ទិដ្ឋភាពប្រជាពលរដ្ឋយកចង្ហាន់ទៅវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ទិដ្ឋភាពប្រជាពលរដ្ឋយកចង្ហាន់ទៅវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឈានចូល​មកដល់ នៅពេល​គេ​លឺ​សំឡេង​បទ​សូត្រ​បរាភវ​សូត្រ បន្លឺ​ចេញពី​ទី​វត្ត​អារាម​នៅ​ម៉ោង៣ទាបភ្លឺ។ បរាភវ​សូត្រ ដើរតួ​ជា​ស្នូរ​ជួង ដាស់សតិ​ពុទ្ធបរិស័ទ​ទាំងឡាយ ឲ្យ​រួសរាន់​មកកាន់​ទី​វត្ត​អារាម ដើម្បី​ប្រារព្ធ​ពិធី​កាន់បិណ្ឌ ចាប់ពី​ថ្ងៃទី១រោច ខែភទ្របទ រហូតដល់​ថ្ងៃទី១៤រោជ​ខែភទ្របទ មុននឹង​បញ្ចប់​ដោយ​ថ្ងៃ​ភ្ជុំបិណ្ឌ ដែល​ឈានចូល​មកដល់​នៅ​ថ្ងៃទី១៥រោច ខែ​ដដែល។

បុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យធំៗដទៃទៀត នៃ​ព្រះ​រាជពិធី​ទ្វារ​ទស​មាស ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ប្រតិបត្តិ​តាំងពី​បុរាណកាល​មកម្ល៉េះ។ ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ថ្ងៃ​កាន់បិណ្ឌ ពុទ្ធបរិស័ទ​ខ្មែរ ទាំង​ក្មេង​ទាំងចាស់ តែងតែ​ដាក់​វេន​គ្នា​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម។ ជាការ​ពិត នេះ​គឺជា​អត្ថន័យ​ដំបូងបង្អស់ ដែល​គេ​អាច​បកស្រាយ​អំពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។

នៅក្នុង​រដូវវស្សា ដែលមាន​ភ្លៀង​ធ្លាក់​ជោគជាំ ព្រះសង្ឃ​ជួប​ការលំបាក​ណាស់​ក្នុងការ​និមន្ត​បិណ្ឌ​បាត្រ។ ដើម្បី​សម្រួល​ការលំបាក​នេះ បណ្ដា​ពុទ្ធបរ​ស័​ទបាន​មូលមតិ​គ្នា រៀបចំ​ពី​ធី​បុណ្យកាន់បិណ្ឌ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង ដើម្បី​ឧបត្ថម្ភ​ចង្ហាន់​ដល់​ព្រះសង្ឃ រហូតដល់​ថ្ងៃ​ចេញ​វស្សា។ ពុទ្ធសាសនិក​ខ្មែរ​មានជំនឿថា ចង្ហាន់​ដែល​ខ្លួន​យកទៅ​ប្រគេន​ព្រះសង្ឃ នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នឹង​បានជា​កុសល​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅហើយ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ពិធីបុណ្យ​ភ្ជុំបិណ្ឌ បាន​បង្រៀន​មនុស្ស ឲ្យ​ចេះ​ធ្វើ​ទាន​ដល់​អ្នកក្រខ្សត់ និង​អ្នកសុំទាន​ទាំងឡាយ​នៅក្នុង​វត្ត។ ទាន​របស់​ពុទ្ធបរិស័ទ​នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ មិនមែន​ធ្វើ​តែ​ចំពោះ​មនុស្ស​នោះទេ។ ជារឿយៗ គេ​ក៏​សង្កេតឃើញ​មាន​ផងដែរ ការធ្វើ​ទាន​ដល់​សត្វ តាមរយៈ​ការ​ព្រលែង​សត្វ​ចាបពី​ទ្រុង​ឲ្យ​មាន​សេរីភាព និង​ការធ្វើ​ទាន​ដល់​ភាវៈ​អ​រូបិយ។
តាមរយៈ​ការបោះ​បាយបិណ្ឌ ពុទ្ធសាសនិកជន​ខ្មែរ​ជឿថា ពពួក​សភាវៈ​អ​រូបិយ ឬ​ពពួក​ប្រេត​ដែល​ស្រេកឃ្លាន និង​ដែល​គ្មាន​ញាតិសណ្ដាន​ធ្វើ​បុណ្យឧទ្ទិសកុសល​ឲ្យ នឹង​បាន​ឆី​បាយបិណ្ឌ​ដែល​បោះ​ឲ្យ ហើយ​បែរក្រោយ​ឲ្យ​ពរ​ពួកគេ​ឲ្យ​ជួបតែ​សេចក្ដីសុខ។

ជាមួយគ្នានេះ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក៏បាន​ស្ដែង​ឲ្យ​ឃើញ​ពី​ជំនឿ​កម្មផល​នៅក្នុង​សង្គម​ខ្មែរ​ផងដែរ។ សម្រាប់​ពុទ្ធបរិស័ទ​ខ្មែរ ការយក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្រៅតែពី​បានធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​បុព្វការី​ជន​ដែល​ចែក​ឋាន​ទៅ ក៏​ជាការ​ធ្វើបុណ្យ​សន្សំ​កុសល​សម្រាប់​ខ្លួនឯង ទៅ​ជាតិ​មុខ​ផងដែរ។ ការធ្វើ​បុណ្យ នៅក្នុង​ផ្នត់គំនិត​ខ្មែរ គឺជា​ការធ្វើ​អំពើ​ល្អ។ ហើយ​អំពើ​ល្អ នឹង​ផ្ដល់​ផល​ល្អ ចំណែក​អំពើអាក្រក់​នឹង​ផ្ដល់​ផល​អាក្រក់​មកវិញ បើទោះជា​មិនមែន​ជាតិ​នេះ ក៏​នៅក្នុង​ជាតិ​ខាងមុខ​ដែរ។

ទស្សនៈវិជ្ជា​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ការគោរព​ដឹងគុណ​ចំពោះ​មាតាបិតា បុព្វការី​ជន សាច់​សារ​លោហិត និង​អ្នកមានគុណ​ផ្សេងទៀត។ ការ​ទៅ​វត្ត ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង​ផ្ដល់​ទាន​ដល់​អ្នកក្រខ្សត់ គឺជា​ការ​រំលឹក​ដឹងគុណ​ដល់​បុព្វការី​ជន និង​សាច់​សារ​លោហិត ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ។ ប៉ុន្តែ​ទន្ទឹមគ្នានេះ ពលរដ្ឋ​ខ្មែរ​ដែលជា​ពុទ្ធបរិស័ទ​គ្រប់គ្នា ត្រូវបាន​អប់រំ​ឲ្យ​គោរព​ដឹងគុណ​មាតាបិតា​ដែល​នៅរស់​ផងដែរ ដោយ​ការធ្វើ​បុណ្យ​ជូន​ម្ហូបចំណី​ដល់​លោក មុននឹង​យក​ចង្ហាន់​ទៅ​វត្ត​ជាដើម។

ជាការ​ពិត ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ទំនៀមទម្លាប់ ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ប្រតិបត្តិ​តាំងពី​សម័យ​បុរាណកាល​មកម្ល៉េះ។ ប៉ុន្តែ រហូតមកទល់​ពេលនេះ នៅក្នុង​បរិបទ​ដែល​សេដ្ឋកិច្ច​គ្រួសារ ជា​បញ្ហាសំខាន់ មតិ​មួយចំនួន​បាន​ចោទសួរ​ចំពោះ​ភាព​ខ្ជះខ្ជាយ​នៅតាម​វត្ត​អារាម​មួយចំនួន នៅក្នុង​រដូវ​បុណ្យ​ភ្ជុំ។

មែនទែនទៅ គេ​មិនអាច​ប្រកែក​បានទេ ចំពោះ​ភាព​ខ្ជះខ្ជាយ ដែល​បានលើកឡើង​នេះ។ ប៉ុន្តែ ទំនៀមទម្លាប់ ក៏ដូចជា​ជំនឿ ដែល​ពលរដ្ឋ​ខ្មែរ​បាន​ប្រតិបត្តិ​ត​គ្នា រាប់​ជំនាន់​មកហើយ​នោះ គឺ​ពិតជា​ពិបាក​នឹង​កាត់ផ្ដាច់​ណាស់។ ម្យ៉ាងវិញទៀត ប្រសិនបើ​ការធ្វើ​ម្ហូប​ទៅ​វត្ត​មួយ​ស្រាក់​ម្នាក់​តាម​សទ្ធា​ជ្រះថ្លា ហើយ​អាច​ប្ដូរ​មកវិញ​នូវ​ទស្សនៈ​គតិ​ឲ្យ​ចេះ​ផ្ដល់​ទាន ការអប់រំ​ឲ្យ​ស្គាល់​បុណ្យ​ស្គា​ល់បាប និង​តម្លៃ​នៃ​ការគោរព​ដឹងគុណ​មាតា​បិតា​ព្រមទាំង​បុព្វការី​ជន នោះ​ប្រាកដ​ណាស់ ថា​វា​ជា​ទង្វើ​ដែល​គួរ​ធ្វើ និង​បន្តធ្វើ​ទៀត ទៅ​ថ្ងៃមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ