អានតួអត្ថបទ
កម្ពុជា-ច្បាប់

​កម្ពុជា​ប្រកាស​មិន​អនុវត្ត​អនុសាសន៍​២៥​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​UN ​ព្រោះ​មាន​លក្ខណៈ​នយោបាយ​

គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ប្រកាស​ទទួល​យក​អនុសាសន៍​ចំនួន​១៧៣​ចំណុច​ក្នុង​ចំណោម​១៩៨​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៣២នៃUPR Working Group របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់​ជុំទី៣​សម្រាប់​កម្ពុជា​កាល​ពី​ថ្ងៃទី៣០ ខែ​មករា កន្លង​ទៅ​។ ចំណែក អនុសាសន៍​២៥​ចំណុច​ទៀត គឺ​គណៈ​កម្មាធិការ​នេះ​មិន​អនុវត្ត​តាម​ទេ ដោយ​គ្រាន់​តែ​ធ្វើ​ការ​កត់​សម្គាល់​ប៉ុណ្ណោះ​។ 

កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ កាលពីពេលកន្លងទៅនេះ (រូបភាពឯកសារ)
កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ កាលពីពេលកន្លងទៅនេះ (រូបភាពឯកសារ) @REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ការ​ទទួល​យក​នូវ​អនុសាសន៍​ដ៏​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ពី​សមាជិក​អង្គការ​សហ​ប្រជា​ជាតិ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កាល​ពី​កិច្ច​ប្រជុំ​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់​ជុំទី២​របស់UPR Working Group នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ កម្ពុជា​បាន​ប្រកាស​ទទួល​យក​អនុសាសន៍​តែ​ចំនួន​១៦៣​ចំណុច និង​កត់​សម្គាល់​ចំនួន​៤២​ចំណុច​ក្នុង​ចំណោម​អនុសាសន៍​២០៥​ចំណុច​។ ប៉ុន្តែ​នៅ​ពេល​នេះ កម្ពុជា​ប្រកាស​ទទួល​យក​ដល់​១៧៣ ចំណុច និង​កត់​សម្គាល់​២៥​ចំណុច​ក្នុង​ចំណោម​អនុសាសន៍​១៩៨​ចំណុច​។

ចំពោះ​ការ​ទទួល​យក​អនុសាសន៍​ច្រើន​បែប​នេះ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​មូល​ហេតុ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី០២ មេសាថា ដោយ​សារ​តែ​វា​ស្រប​នឹង​ឆន្ទៈ ក៏​ដូច​ជា​គោល​នយោបាយ និង​កម្មវិធី​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​គ្រប់​វិស័យ​ក្នុង​ការ​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ ចំណែក​អនុសាសន៍​២៥​ដែល​ត្រូវ​ធ្វើ​ការ​កត់​សម្គាល់​វិញ គឺ​ព្រោះ​តែ​វា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​ពិត​ជាក់​ស្ដែង​នៃ​ការ​អនុវត្ត​សិទ្ធិ សេរីភាព​នៅ​កម្ពុជា ហើយក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​។ គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ទៀត​ថា អនុសាសន៍​ទាំង​នោះ គឺ​មិន​អាច​អនុវត្ត​បាន​ដោយ​ផ្ទុយ​ទៅ​នឹង​ក្រប​ខណ្ឌ​ច្បាប់ ហើយ​ត្រូវ​បាន​លើក​ឡើង​ក្រោម​រូបភាព និង​របៀប​វារៈ​នយោបាយ​ជាជាង​ទិដ្ឋ​ភាព​បច្ចេកទេស និង​គោល​ការណ៍​គ្រឹះ​នៃ​ការ​អនុវត្ត​សិទ្ធិ និង សេរីភាព​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៣២​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ចុង​ខែ​មករា​កន្លង​ទៅ រដ្ឋ​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​នា​នា​បាន​លើក​ឡើង​នូវ​អនុសាសន៍​រៀងៗ​ខ្លួន​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ក្នុង​នោះ ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​ដូច​យ៉ាង​អាមេរិក និង​អង់គ្លេស​ជា​ដើម​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្វិល​ស្ថាន​ការ​នយោបាយ​ឱ្យ​ដូច​ដើម​វិញ និង​ដោះ​លែង​លោក​កឹម សុខា​ជា​បន្ទាន់​។ ផ្ទុយ​ពី​ប្រទេស​ទាំង​នេះ ប្រទេស​កុំមុយនីស្ត​ ដូចជា រុស្ស៊ី ចិន និង​វៀតណាម​ជា​ដើម​សុទ្ធ​តែ​ទទួល​ស្គាល់​នូវ​ការ​ប្រឹង​ប្រែង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​។ លើស​ពីនេះ ពួក​គេ​ផ្តល់​អនុសាសន៍​ឱ្យ​កម្ពុជា​បន្ត​ការ​ខិត​ខំ​របស់​ខ្លួន​ទៀត និង​ធានា​ការពារ​ការ​ប្រើ​អំពើ​ហិង្សាលើ​ស្រី្ត និង​កុមារ ព្រម​ទាំង​បន្ត​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ