ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
កម្ពុជា

​មូល​និធិ IMF៖ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០ មាន​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ាន​

media  
ទីក្រុងភ្នំពេញ @RFI

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ IMF បាន​វាយ​តម្លៃ​​​​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ នៅ​តែ​សម្រេច​បាន​កំណើន​រឹង​មាំ​ក្នុង​អត្រា​៧​ភាគ​រយ មុន​នឹង​ថម​ថយមក​នៅ​ត្រឹម​ ៦,៨ ​ភាគរយ នៅ​ឆ្នាំ​២០២០​ខាង​មុខ​។ បើ​ទោះ​បី​ជា​មាន​ការ​ថយ​ចុះ​បន្តិច ប៉ុន្តែ IMF បាន​គូស​បញ្ជាក់បន្ថែម​​ថា ​តួលេខ​​​នេះ​នៅ​តែមាន​កម្រិត​​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀតទាំង​អស់​​ក្នុង​តំបន់​អាស៊ាន​។ នេះ​បើ​តាម​​របាយការណ៍​ថ្មី​របស់ IMF ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​២២​តុលា​។ 

​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ អាច​រក្សា​កំណើន​ក្នុង​អត្រា​៧​ភាគរយបាន​ដោយ​សារ​ការ​បន្ត​កំណើន​នៃ​ការ​នាំ​ចេញ​និង​វិស័យ​សំណង់ ខណៈ​ដែល​អតិផរណា​ត្រូវ​បាន​រក្សា​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​ប្រមាណ​២,៥​ភាគរយ​។ ទន្ទឹម​គ្នា​នេះ ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ នៅ​តែ​បន្ត​ស្ថិត​ក្នុង​ភាព​ល្អ​ប្រសើរ ស្រប​ពេល​ដែល​បំណុល​សាធារណៈ​ក៏​ស្ថិត​នៅ​ក្នុង​កម្រិត​ហានិភ័យ​ទាប អាច​គ្រប់​គ្រង​បាន​។

យ៉ាង​ណា​ក៏​ដោយ មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ IMF បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​អាច​ធ្លាក់​ចុះ​បន្តិច​ មក​នៅ​ត្រឹម​ប្រមាណ ៦,៨​ភាគរយ នៅ​ឆ្នាំ​២០២០​ខាង​មុខ។ គួរ​កត់​សម្គាល់​ថា ការ​ព្យាករណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិនេះ មិន​ខុស​គ្នា​ពី​ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី និង​ធនាគារ​ពិភពលោក​ទេ​។ ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​នេះ ពន្យល់​​ថា ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ខាង​មុខ គឺ​បណ្ដាល​មក​ពី​ការ​ថយ​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​សកល​។ បើ​ទោះ​បី​ជា​មាន​ការ​ថយ​ចុះ​បន្តិច ប៉ុន្តែ IMF បាន​គូស​បញ្ជាក់បន្ថែម​​ថា ​តួលេខ​​​នេះ​នៅ​តែមាន​កម្រិត​​ខ្ពស់​ជាង​គេ​បង្អស់ នៅ​​ក្នុង​តំបន់​អាស៊ាន​។

ជាក់​ស្ដែង សិង្ហបុរី ដែល IMF ចាត់​ទុក​ថា​ជា​ប្រទេស​អភិវឌ្ឍ មាន​កំណើន​សេដ្ឋកិច្ច​ត្រឹម​តែ ០,៥​ ភាគរយ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៩ មុន​នឹង​កើន​ឡើង​ដល់ ១​ ភាគរយ នៅ​ឆ្នាំ​២០២០។ ចំណែក​វៀតណាម​ក្បែរ​ខាង​កម្ពុជា​វិញ មាន​កំណើន​ត្រឹម​ ៦,៥​ ភាគរយ ទាំង​ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។ ប្រទេស​ប៊្រុយណេ មាន​កំណើន​សេដ្ឋកិច្ច​ហក់​ឡើង​យ៉ាង​គំហុក​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ពី​កម្រិត​១,៨​ភាគរយ​នៅ​ឆ្នាំ​២០១៩ ដល់ ៤,៧​ភាគរយ នៅ​ឆ្នាំ​២០២០ ខណៈ​ហ្វីលីពីន កើន​ឡើង​ពី ៥,៧ ដល់ ៦,២​ភាគរយ​។ ដោយ​ឡែក កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២០ របស់​ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា និងប្រទេស​ថៃ ងើប​ឡើង​បន្តិច​ដូច​ៗ​គ្នា​បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ក្នុង​នោះ ឥណ្ឌូនេស៊ី កើន​ឡើង​ពី ៥​ភាគរយ ដល់ ៥,១​ភាគរយ, ឡាវ កើន​ពី ៦,៤ ដល់ ៦,៥​ភាគរយ, មីយ៉ាន់ម៉ា កើន​ពី ៦,២ ដល់ ៦,៣ ភាគរយ, និង​ថៃ កើន​ឡើង​ពី ២,៩ ដល់​ ៣ភាគរយ​។ កំណើន​សេដ្ឋកិច្ច​ប្រទេស​ម៉ាឡេស៊ី​​ឯ​ណោះ​វិញ ដើរ​បញ្ច្រាស់​ពី​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​ថយ​ចុះបន្តិច ពោល​គឺ​ពី​៤,៥​ភាគរយ​នៅ​ឆ្នាំ​២០១៩ មក​ត្រឹម ៤,៤​ភាគរយ នៅ​ឆ្នាំ​២០២០​ខាង​មុខ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ