សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩នេះ អាចរក្សាកំណើនក្នុងអត្រា៧ភាគរយបានដោយសារការបន្តកំណើននៃការនាំចេញនិងវិស័យសំណង់ ខណៈដែលអតិផរណាត្រូវបានរក្សាឲ្យស្ថិតនៅក្នុងកម្រិតទាបប្រមាណ២,៥ភាគរយ។ ទន្ទឹមគ្នានេះ ស្ថានភាពហិរញ្ញវត្ថុសាធារណៈ នៅតែបន្តស្ថិតក្នុងភាពល្អប្រសើរ ស្របពេលដែលបំណុលសាធារណៈក៏ស្ថិតនៅក្នុងកម្រិតហានិភ័យទាប អាចគ្រប់គ្រងបាន។
យ៉ាងណាក៏ដោយ មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចធ្លាក់ចុះបន្តិច មកនៅត្រឹមប្រមាណ ៦,៨ភាគរយ នៅឆ្នាំ២០២០ខាងមុខ។ គួរកត់សម្គាល់ថា ការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិនេះ មិនខុសគ្នាពីការព្យាករណ៍របស់ធនាគារអភិវឌ្ឍអាស៊ី និងធនាគារពិភពលោកទេ។ ស្ថាប័នហិរញ្ញវត្ថុទាំងនេះ ពន្យល់ថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ខាងមុខ គឺបណ្ដាលមកពីការថយចុះនៃកំណើនសេដ្ឋកិច្ចសកល។ បើទោះបីជាមានការថយចុះបន្តិច ប៉ុន្តែ IMF បានគូសបញ្ជាក់បន្ថែមថា តួលេខនេះនៅតែមានកម្រិតខ្ពស់ជាងគេបង្អស់ នៅក្នុងតំបន់អាស៊ាន។
ជាក់ស្ដែង សិង្ហបុរី ដែល IMF ចាត់ទុកថាជាប្រទេសអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ចត្រឹមតែ ០,៥ ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០១៩ មុននឹងកើនឡើងដល់ ១ ភាគរយ នៅឆ្នាំ២០២០។ ចំណែកវៀតណាមក្បែរខាងកម្ពុជាវិញ មានកំណើនត្រឹម ៦,៥ ភាគរយ ទាំងក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ ប្រទេសប៊្រុយណេ មានកំណើនសេដ្ឋកិច្ចហក់ឡើងយ៉ាងគំហុកគួរឲ្យកត់សម្គាល់ ពោលគឺពីកម្រិត១,៨ភាគរយនៅឆ្នាំ២០១៩ ដល់ ៤,៧ភាគរយ នៅឆ្នាំ២០២០ ខណៈហ្វីលីពីន កើនឡើងពី ៥,៧ ដល់ ៦,២ភាគរយ។ ដោយឡែក កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០ របស់ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃ ងើបឡើងបន្តិចដូចៗគ្នាបើធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះ ឥណ្ឌូនេស៊ី កើនឡើងពី ៥ភាគរយ ដល់ ៥,១ភាគរយ, ឡាវ កើនពី ៦,៤ ដល់ ៦,៥ភាគរយ, មីយ៉ាន់ម៉ា កើនពី ៦,២ ដល់ ៦,៣ ភាគរយ, និងថៃ កើនឡើងពី ២,៩ ដល់ ៣ភាគរយ។ កំណើនសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ីឯណោះវិញ ដើរបញ្ច្រាស់ពីប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ាន ដោយថយចុះបន្តិច ពោលគឺពី៤,៥ភាគរយនៅឆ្នាំ២០១៩ មកត្រឹម ៤,៤ភាគរយ នៅឆ្នាំ២០២០ខាងមុខ៕