ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​បញ្ជូន​ពលករ​ចំណាក​ស្រុក​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់

media  
រូបភាព​ចាស់៖​ ចំណាកស្រុកទៅប្រទេសថៃ

ធនាគារពិភពលោក នៅថ្ងៃនេះ បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដែលមាន​ចំណងជើង «ចំណាកស្រុក​ដើម្បី​ស្វែងរក​ឱកាស ជំនះ​របាំង​ដើម្បី​បម្លាស់​ទី​ពលកម្ម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ» បាន​រកឃើញថា កម្ពុជា គឺជា​ប្រទេសមួយ​នៅក្នុង​ចំណោម​ប្រទេស បញ្ជូន​ពលករ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស។ ចំណាកស្រុក​ទាំងនោះ​ភាគច្រើន ស្ថិតក្រោម​រូបភាព ជន​ចំណាកស្រុក​ដែលមាន​ជំនាញ​ទាប និង​ច្រើនតែ​គ្មាន​ឯកសារ​ត្រឹមត្រូវ ស្វែងរក​ការងារ​ដែលមាន​ប្រាក់ខែ​ខ្ពស់ នៅក្នុង​វិស័យ​សំណង់ ដាំ​ដុះ និង​ការបម្រើ​តាម​ផ្ទះ។
 

របាយការណ៍​កម្រាស់​ជិត ៣០ ទំព័រ​ចេញ​ផ្សាយ​ដោយ​ធនាគារ​ពិភព​លោក បាន​កត់​សម្គាល់​ថា ការ​បម្លាស់​ទី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ជា​បញ្ហា​មួយ​ដែល​កាន់តែ​សំខាន់​ឡើង។ នៅ​ក្នុង​នោះ ប្រទេស​នៅ​អាស៊ាន ដែល​រួម​មាន​កម្ពុជា​ផង ផ្គត់​ផ្គង់​បាន​៨​ភាគ​រយ​នៃ​ពលករ​ចំណាក​ស្រុក​ទាំង​អស់​របស់​ពិភពលោក។

បើ​តាម​ធនាគារ​ពិភព​លោក កម្ពុជា​ជា​ប្រទេស​ដែល​ស្ថិតក្នុង​ចំណោម​ប្រទេស​បញ្ជូន​ពលករ​ច្រើន​ជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​ក៏​មាន​ផង​ដែរ ប្រទេស​ឥណ្ឌូនេស៊ី សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ម៉ាឡេស៊ី និង​ភូមា។ ចំណែក​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​បី គឺ ម៉ាឡេស៊ី សឹង្ហ​បុរី និង​ថៃ បាន​ក្លាយ​ទៅ​ជា​ទី​កន្លែង​សម្រាប់​ពលករ​ចំណាក​ស្រុក​នៅក្នុង​តំបន់​ចំនួន ៦ លាន ៥ សែន​នាក់ ឬ​ស្មើ​នឹង ៩៦​ភាគ​រយ​នៃ​ចំនួន​សរុប។ ។

សម្រាប់​ធនាគារ​ពិភព​លោក ទេសន្តរប្រវេសន៍ ឬ​ចំណាក​ស្រុក​នៅក្នុង​តំបន់​នេះ ត្រូវបាន​គេ​រំពឹង​ថា នឹង​មាន​ការ​កើន​ឡើង ដោយ​សារ​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​បាន​ប្រកាស​ចាប់​អនុវត្ត​នៅ​ឆ្នាំ​២០២៥ ដើម្បី​បង្កើន​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សេរី សម្រាប់​និយោ​ជិក​អាជីព និង​កម្មករ​ជំនាញ​នៅ​ក្នុង​តំបន់។ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ អះអាង​ថា សូម្បី​តែ​សមាជិក​របស់​គ្រួសារ​ដែល​មិន​បាន​ធ្វើ​ដំណើរ​ចំណាក​ស្រុក ក៏​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រាក់​ដែល​ពួកគេ​ផ្ញើ​មក​ផ្ទះ​ដែរ ដែល​បាន​ជួយ​បង្កើន​ថវិកា និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ សម្រាប់កម្ពុជា ប្រាក់​ផ្ញើ​ត្រឡប់​ទៅ​ផ្ទះ​សរុប មាន​ចំនួន​ស្មើ​នឹង​៣​ភាគ​រយ នៃ​ផលិត​ផល​សរុប​ក្នុងស្រុក។

ប៉ុន្តែ​ទន្ទឹមនឹង​ផល​ជា​វិជ្ជមាន​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ធនាគារពិភព លោក មិន​ភ្លេច​ទេ លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ធនធាន​មនុស្ស​តាម​រយៈ​លំហូរ​ចេញ​នូវ​ប្រាជ្ញា និង​ការ​ប្រព្រឹត្តិ​លើ​ពលករ​ចំណាក​ស្រុក​របស់​ខ្លួន ខណៈ​ដែល​ពួក​គេ​រស់​នៅ​ក្រៅ​ប្រទេស រួម​ទាំង​ប្រឈម​នឹង​ការ​ចំណាយ​ខ្ពស់​ដើម្បី​ធ្វើ​ចំណាក​ស្រុក។

ជា​ដំណោះស្រាយ ធនាគារ​ពិភព​លោក បាន​ឲ្យ​ជា​យោបល់​ថា បណ្តា​ប្រទេស​បញ្ជូន​ពលករ​ចំណាក​ស្រុក រួមមាន​កម្ពុជា​ផង​នោះ គួរ​ធ្វើយ៉ាងណា ឲ្យ​មាន​តុល្យភាព​នៃ​ការការពារ​សម្រាប់​ពល​ករ​ចំណាកស្រុក ជាមួយ​នឹង​តម្រូវការ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច។ និយាយ​ដោយ​ឡែក សម្រាប់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បានធនាគារពិភពលោក ​ចាត់​ចូល​ជា​ប្រទេស​ដែលមាន​សមត្ថភាព​ទាប គួរ​បន្ត​ពិចារណា ថា​តើ​ការ​ចំណាក​ស្រុក​អាច​ស៊ី​គ្នា​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាង​ណា គួរ​សំរិត​សំរាំង​កម្ម​វិធី​បែប​ណា ដើម្បី​ធ្វើ​ឲ្យ​ការ​ចំណាយ​សម្រាប់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​អស់​កម្រៃ​តិច និង​ផ្លូវ​ការ​ជាង ហើយ​គួរ​បង្កើត​ទំនាក់​ទំនង​ជាមួយ​នឹង​ពលករ​នៅ​ទីនោះ ដើម្បី​សម្រប​សម្រួល​ការ​ផ្ទេរ​ចំណេះ​ដឹង​និង​ទុន​ដែល​មាន៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ