ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
កម្ពុជា

លោក ផៃ ស៊ីផាន៖ កម្ពុជា​មិន​ចាប់​អារម្មណ៍​នឹង​លិខិត​ចំហ​របស់​អង្គការ​អន្តរ​ជាតិ​៥៥​ស្ថាប័ន​នោះ​ទេ

media  
លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ RFI/ Siv Channa

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ផៃ​ ស៊ីផាន​អះអាង​នៅ​ថ្ងៃ​នេះ ថា​កម្ពុជា​មិន​ចាប់​អារម្មណ៍​នឹង​លិខិត​ចំហ​របស់​អង្គការ​អន្តរ​ជាតិ​៥៥​ស្ថាប័ន ដែល​ស្នើ​ឲ្យ​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​កោះ​ប្រជុំ​ឡើង​វិញ​នោះ​ទេ។ តាម​រយៈ​លិខិត​ចំហ​កាល​ពី​ថ្ងៃ​ម្សិល​មិញ អង្គការ​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កោះប្រជុំ​ឡើង​វិញ ដោយ​យោង​ទៅ​តាម​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។

កាល​ពី​ថ្ងៃទី​២៣ខែ​តុលា ក្នុង​ឱកាស​ខួប​២៦ឆ្នាំ​ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស អង្គការ​អន្តរ​ជាតិ​៥៥ស្ថាបប័ន បាន​ចេញ​លិខិត​ចំហ​មួយ​ជម្រាប​ទៅ​កាន់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ និង​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ២៣​តុលា ឆ្នាំ១៩៩១ គឺ​ប្រទេស​ឥណ្ឌូនេ​ស៊ី និង​ប្រទេស​បារាំង។

តាម​រយៈ​លិខិត​ចំហ​នោះ អង្គការ​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យសហប្រធាន​​មាន​​ការ​កោះ​ប្រជុំ​ឡើង​វិញ នូវ​សន្ធិ​សញ្ញា​ក្រុង​ប៉ារីស​ស្តីពី​កម្ពុជា ដោយ​យោង​ទៅ​តាម​ការ​លប់​បំបាត់​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា​។

អង្គការ​អន្តរ​ជាតិ​ទាំង​៥៥​ស្ថាប័ន​បាន​អះអាង​ថា​២៦​ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ត្រូវ​បាន​បង្កើត​ឡើង តម្រូវ​ការ​ជា​បន្ទាន់​មួយ​ពី​សហគមន៍​អន្តរ​ជាតិ​ត្រូវ​តែ​ធ្វើ​ឡើង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រទេស​កម្ពុជា​ដើរ​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​។

ការ​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​ឡើង​វិញ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នេះ​ធ្វើ​ឡើង ដំណាល​គ្នា​នឹង​ការ​អំពាវនាវ​របស់​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម។

កាល​ពី​ថ្ងៃទី២៣ ខែ​តុលា លោក​ កឹម សុខា បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរ​ជាតិ ជា​ពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ជួយ​ជា​បន្ទាន់​ដល់​ប្រទេស​កម្ពុជា ដោយ​មិន​ត្រឹម​តែ​ចេញ​សេច​ក្តី​ថ្លែង​ការណ៍ តែ​សុំ​ឲ្យ​មាន​វិធានការ​ជាក់​ស្តែង និង​ស្នើ​សុំ​ឲ្យ​សហប្រធាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​កោះ​ប្រជុំ ដើម្បី​ជួយ​ស្រោចស្រង់​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។

លោក​ផៃ ស៊ីផាន​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី២៤ ខែ​តុលា​ថា កម្ពុជា​មិន​ចាប់​អារម្មណ៍ និង​មិន​ឲ្យ​តម្លៃ​ទេ ដោយ​សារ​តែ​ខុស​នឹង​នីតិវិធី​។ លោក​បញ្ជាក់​ថា​តួនាទី​គឺ​មាន​តែ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​ប្រជា​ជាតិ​ទេ ដែល​អាច​កោះ​ហៅ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃទី​២៣ ខែ​តុលា បាន​បញ្ជាក់​ថា ការ​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ជាហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ប្រជុំ​ឡើង​វិញ វា​ជា​រឿង​ហួស​សម័យ ហើយ​ធ្វើ​មិន​កើត​ទេ​។​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បន្ថែម​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​គោរព​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ បាន​រលាយ​ធាតុ​ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​រូច​ទៅ​ហើយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ