អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា​កំពុង​ចាប់​អារម្មណ៍​ទីផ្សារ​ពលករ​ជំនាញ​នៅ​ជប៉ុន ​ខណៈ​ជប៉ុន​កែ​ប្រែ​ច្បាប់​ការងារ​របស់​ខ្លួន​

នៅ​ក្នុង​ជំនួប​ជាមួយ ​លោក ​មី​គី វ៉ា​ត់​ណា​បេ (MIKI WATANABE) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កិច្ចការ​បរទេស ​និង​ការពារ​ជាតិ​ជប៉ុន ​នា​ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​មករា នេះ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ លោក ​អ៊ិត សំហេង ​បាន​ថ្លែង​ថា ​គិត​មក​ដល់​ពេល​នេះ ​កម្ពុ​ជា​មាន​កម្មសិក្សា​ការី ​ដែល​បណ្តុះបណ្តាល​ដោយ​ក្រុមហ៊ុន​ជប៉ុន ​មាន​ចំនួន​ជាង​៩​ពាន់​នាក់​។ ​ការ​បើក​ទូលាយ​ច្បាប់​ការងារ​ជប៉ុន ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ​មាន​ការ​ចាប់​អារម្មណ៍ ​និង​គ្រោង​បញ្ជូន​ពលករ​ជំនាញ​មធ្យម​របស់​ខ្លួន​ទៅធ្វើ​ការ​នៅ​ជប៉ុន​ផង​ដែរ​។ 

មនុស្សម្នាកំពុងដើរនៅលើផ្លូវមួយ នៅទីក្រុងតូក្យូប្រទេសជប៉ុន
មនុស្សម្នាកំពុងដើរនៅលើផ្លូវមួយ នៅទីក្រុងតូក្យូប្រទេសជប៉ុន REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

លោក ​អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ដឹងថា ​នៅ​ពេល​ខាងមុខ ​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​បើក​ដំណើរការ​ជា​បន្តបន្ទាប់​ដើម្បី​បណ្តុះបណ្តាល​និង​បង្ក​ភាពងាយស្រួល​បញ្ជូន​កម្ម​សិក្សា​ការី ​ពី​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ជប៉ុន ​ខណៈដែល​រដ្ឋាភិបាល​ជ​ប៉ុន​បាន​កែប្រែ​ច្បាប់​ថ្មី​។ ​

ដើម្បី​អនុវត្ត​នូវ​គម្រោង​ថ្មី​នេះ​បាន ​នាពេល​ខាងមុខ ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ​កម្ពុជា-​ជប៉ុន ពិសេស​ក្រសួង​ការងារ ​កំពុង​រៀបចំ​ឲ្យ​មាន​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​របស់​ប្រទេស​ជប៉ុន ​ដើម្បី​អនុវត្ត​នូវ​ប្រព័ន្ធ​ថ្មី ​និង​ច្បាប់​ថ្មី​របស់​ភាគី​ជប៉ុន ​ដែល​កំពុងមាន​ការ​ខ្វះ​ខាត​កំលាំង​ពលកម្ម​។ ​នេះ​បើតាម​លោក ​អ៊ិត សំហេង​។

សូម​រំលឹក​ថា ​ជប៉ុន​បាន​ចាប់ផ្តើម​រៀបចំ​បង្កើត​ឱ្យ​មាន​គម្រោង​ថ្មី សម្រាប់​បង្កើន​លំហូរ​នៃ​កម្លាំង​ពលកម្ម​ពី​បរទេស ​ហើយនឹង​មាន​ការ​អនុវត្ត​នា​អំឡុង​ខែ​មេសា​ឆ្នាំ​២០១៩​ខាងមុខ ​ដើម្បី​ដោះស្រាយ​បញ្ហា​ក​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​ប្រទេស​ជប៉ុន​។ ​វិស័យ​ដែល​ជប៉ុន​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ខ្លាំង​ជាង​គេ គឺ​កសិកម្ម ​សំណង់ ថែទាំ​មនុស្ស ​ឬ​មើល​ក្មេង​។

ជាមួយគ្នា​នេះ ​ជប៉ុន​បាន​នឹង​កំពុង​រៀបចំ​ឱ្យមាន​សេចក្តីព្រាង ​និង​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​បញ្ជូន​ទាំងអស់ ​ដែល​បាន​អនុញ្ញាត​ឱ្យ​ប​ញ្ជូ​ល​ទាំង​កម្ម​សិក្សា​ការី​បច្ចេកទេស​ និង​អ្នក​ធ្វើ​ការ​ជំនាញ​បច្ចេកទេស​ ទៅ​ប្រទេស​ជប៉ុន​។

លោក ​ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​កម្ពុជា បាន​បញ្ជាក់ថា ​កា​រប​ញ្ចូ​ន​ពលរដ្ឋ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​លើក​ក្រោយ​ៗ​ទៀត ​នឹង​ត្រូវ​ធ្វើឡើង​ក្នុងនាម​ពលករ​ច្បាស់លាស់ ​ដែល​ការពារ​ដោយ​ច្បាប់​ជប៉ុន​ មិនមែន​ក្នុងនាម​កម្មសិក្សា​ការី ​ដូច​មុន​ៗ​ទេ ​ខណៈ​កម្មសិក្សាការី​នៅ​ជប៉ុន​មាន​ច្បាប់​មួយ​គ្រប់គ្រង​ដាច់​ដោយឡែក​។

សូម​បញ្ជាក់​ដែរ​ថា ​ក្នុង​ចំណោម​ប្រទេស ជា​ដៃគូ ដែល​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​១៥ ​កម្ពុជា​បាន​ឈរ​នៅ​លំដាប់​ទី​៧ ​ខណៈ​ពលករ​បរទេស ​ដែល​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​សរុប​មាន​ប្រមាណ​ជាង​១,២​លាន​នាក់​ក្នុង​ឆ្នាំ ​២០១៧​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ