អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ខ្មែរ សង្ឃឹម​​ចិន​ឲ្យ​ប្រាក់​ខ្ចី​ទៀត ដើម្បី​ចែក​ចាយ​អគ្គិសនី​ដែល​ផលិត​បាន

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន សង្ឃឹម​ថា រដ្ឋាភិបាល​ចិន នឹង​បន្ត​ឲ្យ​ប្រាក់​កម្ពុជា​ខ្ចី​ទៀត ដើម្បី​អាច​មាន​លទ្ធភាព​ត​បណ្តាញ​អគ្គិសនី ដែល​ផលិត​បាន យក​ទៅ​ចែក​ចាយ​តាម​បណ្តាភូមិ ឃុំ នៅ​ទូទាំង​ប្រទេស។ នេះ​ជា​ការ​លើក​ឡើង ក្នុង​ឱកាស​ដែល​លោក​បាន​ចូលរួម​ ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ នូវ​ទំនប់​វារី​អគ្គិសនី​ស្ទឹង​តាតៃ ក្នុង​ខេត្ត​កោះកុង។ ទំនប់​វារី​អគ្គិសនី​ស្ទឹង​តាតៃ ​ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ ២៤៦​មេហ្កាវ៉ាត់។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន
លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ក្តី​រំពឹង​ពី​ការ​ផលិត​ថាមពល​វារីអគ្គិសនី​ស្ទឹង​តាតៃ មាន​ដល់​ទៅ​ ២៤៦មេហ្កាវ៉ាត់ លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន បាន​ថ្លែង​ចង់​បាន​ប្រាក់​កម្ចី​ពី​រដ្ឋាភិបាល​ចិន​ជា​បន្ត​ទៀត ដើម្បី​អាច​ពង្រឹង​ការ​​ត​បណ្តាញ​អគ្គិសនី ឬ​ចែក​ចាយ​ប្រភព​ធនធាន​រដ្ឋ​ ទៅ​កាន់​ដៃ​ពលរដ្ឋ ទូទាំង​ប្រទេស​កម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ពីមុន​ចិន​ បាន​ផ្តល់​ប្រាក់​កម្ចី ដើម្បី​សាងសង់ ហើយ​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​សង្ឃឹម​ចង់ឲ្យ​ចិន ផ្តល់​ប្រាក់​កម្ចី​បន្ថែម ដើម្បី​តភ្ជាប់បណ្តាញ​ជាតិ និង​ដើម្បី​សម្រាល​ជីវភាព​ពលរដ្ឋ​ខ្មែរ។

ថ្លែង​ក្នុង​សុន្ទកថា លោក​នាយករដ្ឋមន្ត្រី ហាក់​មាន​មោទនភាព​ច្រើន ជាមួយ​នឹង​ទំនប់​វារី​អគ្គិសនី​នេះ ​ដោយ​លោក​ អះអាង​ថា ប្រសិន​បើ​កម្ពុជា មាន​ប្រភព​អគ្គិសនី​ខ្លួន​ឯង នោះ​កម្ពុជា អាច​មាន​ជម្រើស​មិន​ប្រើ​ភ្លើង​ឯកជន​ របស់​ប្រទេស​ដទៃ។ លោក​ហ៊ុន សែន ចង់ឲ្យ​មានការ​ពង្រឹង​បណ្តាញ​ជាតិ ព្រម​ទាំង​ត្រូវ​ដាក់​កម្មវិធី​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ សម្រាប់​ការ​បញ្ចុះ​តំលៃ​ភ្លើង​ជា​បន្ត​បន្ទាប់។

កន្លង​មក អគ្គិសនី​កម្ពុជា បាន​ផ្តើម​គោលការណ៍​អនុគ្រោះ​តំលៃ​ភ្លើង ដែល​ប្រើ​ក្រោម ៥០គីឡូវ៉ាត់​ម៉ោង​ ក្នុង​មួយ​ខែ ដល់​កម្មករ​ កម្មការនី សិស្ស និស្សិត ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​តំលៃ​ត្រឹម ៦១០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ ហើយ​គម្រោង​នេះ សម្រេច​បាន​ដល់​បន្ទប់​ជួល​របស់​កម្មករ សិស្ស និស្សិត ប្រមាណ​ជាង ១សែន​៩ម៉ឺន២​ពាន់​បន្ទប់​ហើយ។

គិត​មក​ដល់​ពេល​នេះ តំបន់​មួយ​ចំនួន​ដែល​អគ្គិសនី​របស់​រដ្ឋ គ្របដណ្តប់ មាន​ប្រមាណ​ជា​ ៥៥ភាគរយ ​ ឬ ត្រូវ​ជាង ១លាន ៧សែន​កន្លែង។

គួរ​ជម្រាប​ជូន​ថា ទំនប់​វារី​អគ្គិសនី​ស្ទឹង​តាតៃ មាន​ទីតាំង​ស្ថិត នៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ទំនប់​វារី​អគ្គិសនី​នេះ បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ថ្ងៃ​ទី ២៩មីនា ឆ្នាំ ២០១០ ក្នុង​ទំហំ​ទឹក​ប្រាក់​សរុ​ចំ​នួន ៥៤០លានដុល្លារ​អាមេរិក ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ខេមបូឌា តាតៃ ហ៊ីដ្រូផៅវ័រ របស់​ចិន។ ទំបន់​វារី​អគ្គិសនី​ស្ទឹង​តាតៃ ក្នុង​ខេត្ត​កោះកុង​នេះ ត្រូវ​បាន​សម្ពោធ ក្រោយ​ពី​មាន​ការ​សម្ពោធ​នូវ​ទំនប់​វារី​អគ្គិសនី​ឬស្សី​ជ្រុំ កាល​ពី​ខែ​មករា ឆ្នាំ ២០១៥​កន្លង​ទៅ។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​ មាន​កិច្ច​ព្រមព្រៀង​សាងសង់​ទំនប់​វារី​អគ្គិសនី ចំនួន ​១១ រួច​មក​ហើយ ដែល​មាន​អនុភាព ផ្គត់ផ្គង់​សរុប ចំនួន ២ពាន់​១២៣ មេហ្គាវ៉ាត់។ ក្នុង​ចំណោម​ប្រភព​អគ្គិសនី​ទាំង ១១​នោះ មាន​ប្រភព​អគ្គិសនី ចំនួន ៨ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​រួចរាល់​ហើយ ដែល​អនុភាព​ផ្គត់ផ្គង់​អគ្គិសនី សរុប ១ពាន់​០៧២ មេ​ហ្គា​វ៉ា​ត់។ ប៉ុន្តែ កម្ពុជា ក៏បាន​នាំចូល​អគ្គិសនី​ ពី​ប្រទេស​វៀតណាម តាម​ច្រក ភ្នំ​ដិ​ន ខេត្តតាកែវ ចំនួន ១៧០ មេ​ហ្គា​វ៉ា​ត់ ព្រមទាំង​ការនាំ​ចូល​ពី​ប្រទេស​ថៃ ចំនួន ១២០ មេ​ហ្គា​វ៉ា​ត់​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ