អានតួអត្ថបទ
កម្ពជា

ការទាមទាររបស់គ្រូបង្រៀនមិនខុសពីឆ្នាំមុន ខណៈលែងមានការហែក្បួន

ក្រុម​គ្រូបង្រៀន​មកពី​តាម​បណ្តា​ខេត្ត​នានា ជាង២០០​នាក់ បានទាមទារ​ដូចនឹងឆ្នាំមុនៗដែរ គឺ​ការដំឡើង​ប្រាក់បៀវត្ស​គ្រូបង្រៀន ដើម្បី​ពង្រឹងគុណភាព​អប់រំ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ព្រឹក​ថ្ងៃទី៥ ខែតុលា​នេះ។ តែ​ការទាមទារ​ក្នុង​ឳ​កាស​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ គឺ​មិនមាន​សកម្មភាព​ច្រើន​ដូចឆ្នាំមុនៗនោះទេ ក្រោយពី​អវត្តមាន​របស់លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​ក្លាយជា​សមាជិក​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ឆ្នាំ២០១៥នេះ។

សកម្មភាព​ទាមទារ​ប្រាក់​បៀវត្ស​របស់​ក្រុម​គ្រូ​បង្រៀន​នៃ​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ ​នៅ​ថ្ងៃទី៥ ​តុលា ឆ្នាំ២០១៥
សកម្មភាព​ទាមទារ​ប្រាក់​បៀវត្ស​របស់​ក្រុម​គ្រូ​បង្រៀន​នៃ​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ ​នៅ​ថ្ងៃទី៥ ​តុលា ឆ្នាំ២០១៥ @RFI/siv channa
ផ្សាយពាណិជ្ជកម្ម

ប៉ា​អើយ! ធ្វើ​គ្រូ​ជិតសែសិប​ឆ្នាំ​ហើយ ល្មម​មាន​ខោអាវ​អី ត្រឹមត្រូវ​ហើយ ទៅ​ទីក្រុង​នឹង​គេ​នោះ។ ស្បែកជើង​ហ្នឹង​សុទ្ធតែ​កូន​វា​ជួយ​ទិញ! នេះ​និយាយ​ពី​ការពិត សូម​លោក​ដឹកនាំ​រដ្ឋាភិបាល​មើល​ផង! នេះ​ជាការ​លើកឡើង​នូវ​ក្តីកង្វល់​របស់​តំណាង​គ្រូបង្រៀន ជា​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​មកពី​តាម​បណ្តា​ខេត្ត​នានា ទូទាំងប្រទេស​កម្ពុជា។ ពួ​គាត់​ទាំងនោះ មាន​គ្នា​ប្រមាណ​ជាង២០០នាក់ ដោយមាន​អ្នក​កាន់​បរដា​ពណ៌​លឿង ពណ៌​ខៀង មាន​សរសេរ​អក្សរ​ថា “ក្រពះ​ឃ្លាន បង្រៀន​មិនកើត” “ដំឡើង​ប្រាក់ខែ ១លាន៥០ម៉ឺន​រៀន” និង​ប្រាក់​ឧបត្ថមផ្សេងៗទៀត។ ពួកគាត់​បាន ឈរ​នៅ​កណ្តាល​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ម៉ោង៩នេះ មុន​ពេលដែល​រៀបចំ​យក​ញត្តិ​ដាក់​ទៅ​រដ្ឋសភា រដ្ឋាភិបាល និង​ក្រសួង​អប់រំ។

 
ក្នុង​ឳ​កាស​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ឆ្នាំនេះ បានធ្វើ​ឡើង​ក្រោម​ប្រធានបទ “ការលើកកម្ពស់​អំណាច​គ្រូបង្រៀន” គឺ​មិនមាន​ការដើរ​ដង្ហែរ​ក្បួន ដូច​ឆ្នាំមុន​នោះទេ។ ដោយសារតែ សមាគម​គ្រូបង្រៀន​កម្ពុជា បាន​ឯកភាពគ្នា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​រួចរាល់​ហើយ ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ។ យ៉ាងណាមិញ បើទោះបីជា​គ្មាន​ការ​ហែ​ក្បូន​ក៏ដោយ ក្រុម​គ្រូបង្រៀន​បាន​ចាត់​តំណាង​របស់ខ្លួន១០នាក់ នាំយក​ញត្តិ​ទៅ​ដាក់​នៅតាម​ស្ថាប័ន​ពាក់ព័ន្ធ​ខាងលើ ដោយមាន​ការសហការ​ពី​សាលា​រាជធានី​ភ្នំពេញ។ សម្រាប់​ឆ្នាំនេះ ក៏​មិនមាន​វត្តមាន​របស់លោក រុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​មក​ដឹកនាំ​ទៀត​ដែរ។

ដើម្បី​លើកកម្ពស់​អំណាច​គ្រូបង្រៀន និង​គុណភាព​អប់រំ សមាគម​គ្រូបង្រៀន​កម្ពុជា បានស្នើ​សុំ​ចំនួន៩ចំណុច តាមរយៈ​ញត្តិ​របស់ខ្លួន ក្នុងនោះ​ផ្តោត​សំខាន់ លើ​ការលុបបំបាត់​អំពើពុករលួយ ដំឡើង​ប្រាក់បៀវត្ស និង​ប្រាក់​អត្ថប្រយោជន៍ ដូចជា​ប្រាក់​ឧបត្ថម​កូន ប្រពន្ធ​ជាដើម ត្រូវ​ផ្តល់​សាលារៀន​ទៅដល់​តំបន់​ជនបទ និង​ផ្តល់​សិទ្ធិ​ឲ្យ​គ្រូបង្រៀន​បង្កើត​សហជីព។

លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​តាមដាន​ស្តាប់​ការ​ថ្លែង​ពី​ទុក្ខ​កង្វល់​របស់​គ្រូបង្រៀន​បាន​ឲ្យ​ដឹងថា ការទាមទារ​របស់​គ្រូបង្រៀន​នៅពេលនេះ បើ​ធ្វើ​មិនបាន នោះ​នឹងធ្វើ​ឲ្យ​វិស័យ​អប់រំ​របស់​យើង មិនមាន​គុណភាព​ទេ។ លោក​បន្ថែមថា​កន្លងមក លោក​ក៏​ធ្លាប់​លើកឡើង​ពី​បញ្ហា​នេះ ទៅកាន់​គណៈកម្មការ​ស​ភា និង​សភាពេញអង្គ​ផងដែរ ដើម្បី​ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​ហេ​រញ្ញ​វត្ថុ​ឆ្នាំ២០១៦។

លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​វិទ្យុ​បារាំង​ថា ក្រសួង​បានទទួល​ញត្តិ​របស់​ពួកគាត់​ហើយ​នៅ​ព្រឹក​ថ្ងៃទី៥ តុលា​នេះ ហើយ​ចំពោះ​ការដំឡើង​ប្រាប់​បៀវត្ស​វិញ ក្រសួង​អប់រំ​បានធ្វើ​ការដំឡើង២ដំណាក់កាល​រួចរាល់​ហើយ បច្ចុប្បន្ន​គ្រូ​កម្រិត​បឋមសិក្សា​មាន​ប្រាក់បៀវត្ស​ទាប​បំផុត ៦២ម៉ឺន​រៀល ទៅ ៨៤ម៉ឺន​រៀល​តាម​អតីតភាព​ការងារ។ ចំណែក​គ្រូ​ឧ​ត្ត​ម​សិក្សា​មាន​ប្រាក់បៀវត្ស​ទាប​បំផុត ៩២ម៉ឺន​រៀល ទៅ ១លាន ២៧ម៉ឺន​រៀល។

សូមបញ្ជាក់ថា​សម្រាប់​ឆ្នាំ២០១៥នេះ រដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​អន្តរជាតិ​នៅ​ថ្ងៃទី ៧ ខែតុលា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រោម​ប្រធានបទ “លើក​កំពស់​សក្តានុពល​គ្រូបង្រៀន ដើម្បី​កសាង​សង្គម​ប្រក​ដោយ​និរន្តរភាព៕”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ