អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា-ថៃ ត​ភ្ជាប់​ស្ពាន​ព្រំ​ដែន​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្នុង​គោល​ដៅ​ជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍​

ប្រទេស​កម្ពុជា និងថៃ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចាក់​បេតុង​ត​ភ្ជាប់​មុខ​តំណ​ស្ពាន​មិត្ត​ភាព​កម្ពុជា-ថៃ (ស្ទឹង​បត់-បាន​ណង​អៀន​) ព្រំ​ប្រទល់​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ស្រះ​កែវ​។ ការ​ត​ភ្ជាប់​ស្ពាន​មិត្ត​ភាព​ព្រំ​ដែន​នៅ​ពេល​នេះ ​ត្រូវ​បាន​មេដឹក​នាំ​នៃ​ប្រទេស​ជិត​ខាង​ទាំង​ពីរ អត្ថា​ធិប្បាយ​ថា ជា​ការ​ជំរុញ​ពាណិជ្ជ​កម្ម និង​ទេសចរណ៍​ស្រប​តាម​ការគិត​គូរ​របស់​សហគមន៍អាស៊ាន។ 

ស្ពានមិត្តភាពកម្ពុជា-ថៃ
ស្ពានមិត្តភាពកម្ពុជា-ថៃ @SPM page
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា ការ​សាង​សង់​ស្ពាន​មិត្តភាព​ ស្ទឹងបត់-បាន​ណង​អៀន នៅ​ពេល​នេះបាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា​ប្រជាជន​ក្នុង​មហា​អនុ​តំបន់​មេគង្គ ដើម្បី​ត​ភ្ជាប់​​ទីក្រុង​បាងកក-ភ្នំពេញ និង​ហូជីមិញ​។ ការ​ត​ភ្ជាប់​ស្ពាន​មិត្តភាព​នេះ ត្រូវ​បាន​លោក ហ៊ុន សែន អត្ថា​ធិប្បាយ​ថា ជា​ការ​ជំរុញ​ពាណិជ្ជ​កម្ម និង​ទេសចរណ៍​ ស្រប​តាម​ការគិត​គូរ​របស់​សហគមន៍អាស៊ាន។

ជាមួយ​គ្នា​នោះ លោក​ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្រ្តីថៃ បានថ្លែងថា ក្រៅពីការជំរុញ​ពាណិជ្ជកម្ម​ ការ​វិនិយោគ និង​ការដឹក​ជញ្ជួន​រវាង​ប្រទេស​ទាំង​ពីរ លោក​យល់​ថា ស្ពាន​នេះ ជាការ​ភ្ជាប់​ភាព​ជិតស្និទ្ធរវាង​ប្រជាជនទាំងពីរ​ស្រប​តាមសេចក្តី​ប្រកាស​របស់អាស៊ាន។ អាស៊ាន​ដែលបាន​ផ្តោត​លើ​ការ​តភ្ជាប់​ប្រជាជន​តាម​រយៈការកសាងផ្លូវ ការដឹក​ជញ្ជួន និង​ការជំរុញកិច្ចសហការ វិស័យ​សេដ្ឋកិច្ច​ សង្គម​វប្បធម៌ ការអប់រំ កសិកម្ម និងទេសចរណ៍ ឆ្ពោះទៅការ​អភិវឌ្ឍព្រមៗគ្នា។

គួរ​ឲ្យ​ដឹង​ថា ស្ពាន កម្ពុជា-ថៃ នេះ​គឺ​ជា​ស្ពាន​ធំ​ទី២ បណ្តោយ ៦២០ម៉ែត្រ និងទទឹង ១៧ម៉ែត្រ កសាង​ដោយ​កង​ទ័ព​ភូមិន្ទ​ថៃ ក្រោម​ជំនួយ​ឥត​សំណង​ជាង ១៩​លាន​ដុល្លារ​អាមេរិក ខណៈ​កម្ពុជា ចូល​រួម​ថវិកា​បដិភាគ​សម្រាប់​ការ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់ ការ​បោស​សម្អាត​មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។

ក្រៅ​ពី​នេះ​សមភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ប្រតិបត្តិ​ការ​រួម​គ្នា​លើ​ការ​ដឹក​ជញ្ជូន​ផ្លូវ​ដែក​ឆ្លង​កាត់​ព្រំដែន និង​ពិធី​ប្រគល់-ទទួល​ក្បាល​រថ​ភ្លើង (DMU)​មក​ឲ្យ​កម្ពុជា​ផង​ដែរ​។

លើស​ពី​នេះ​ទៀត កម្ពុជា​ក៏​ទទួល​បាន​ហិរញ្ញប្បទាន​សម្បទាន​ពី​ថៃ​ប្រមាណ ២៦.៤២​លាន​ដុល្លារ​អាមេរិក សម្រាប់​សាង​សង់​អគារ​ច្រក​ទ្វារ​ត្រួត​ពិនិត្យ​ព្រំដែន និង​ផ្លូវ​ត​ភ្ជាប់ សំណង់​អគារ​អន្តេ​វា​សិកដ្ឋាន ឃ្លាំង និង​ទីលាន​កុង​តឺន័រ ការ​ជួស​ជុល​កែ​លម្អ​ផ្លូវ​ចាស់ និង​សំណង់​កាត់​បន្ថយ​គ្រោះ​ទឹក​ជំនន់​។

នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន និង​លោក ប្រាយុទ្ធ ចាន់អូចា ធ្វើ​ដំណើរ​រួម​គ្នា​តាម​រថភ្លើង​ចេញ​ពី​ស្ថានីយ​បាន​ក្លង​លឹក​របស់​ថៃ ឆ្ពោះ​មក​កាន់​ស្ថានីយ​រថ​ភ្លើង​របស់​កម្ពុជា​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ហើយ​មេដឹក​នាំ​ទាំង​ពីរ​ធ្វើ​ការ​ពិសារ​អាហារ​ពេល​ថ្ងៃ​ត្រង់​រួម​គ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ