ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

ផ្លូវ​រថភ្លើងកម្ពុជា-ថៃ នឹង​ត្រូវ​ត​ភ្ជាប់​​នៅ​ចុង​ឆ្នាំ​២០១៦ តាម​ការ​គ្រោងទុក

media  
ផ្លូវ​រថភ្លើង​នៅ​កម្ពុជា ដែល​រង​ការ​ខូច​ខាត បាន​ក្លាយ​ទៅ​ជា​ទី​កន្លែង​តាំង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ RFI/Siv Channa

ផ្លូវ​រថភ្លើង​កម្ពុជា-ថៃ នឹង​ត្រូវ​តភ្ជាប់​គ្នា​នៅ​ចុង​ឆ្នាំ​នេះ តាម​ការ​គ្រោង​ទុក។ លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​អះអាង​ដូច្នេះ​កាល​ពី​ដើម​សប្ដាហ៍។ ចំណែក​ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំង​ពីរ នឹង​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​​​លោក​នាយរដ្ឋ​មន្ដ្រី​ហ៊ុន សែន និងសមភាគី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា ជិះ​រថភ្លើង​ឆ្លង​ព្រំដែន​ទៅ​វិញ​ទៅ​មក​។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក ស៊ុន ចាន់ថុល​។

គ្មាន​ការ​ប្រែ​ប្រួល​ទេ! លោក​រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ផ្លូវ​ដែកចម្ងាយ​៦,៥​គីឡូម៉ែត្រ ត​ភ្ជាប់​ព្រំដែន​កម្ពុជា​ប៉ោយប៉ែត ទៅ​កាន់​ខេត្ត​សាកែវ​ប្រទេស​ថៃ នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​។

ផ្លូវ​ដែក​ភ្ជាប់​ព្រំដែន​ប៉ោយប៉ែត​ទៅ​កាន់​ប្រទេស​ថៃ​នឹង​បញ្ចប់​ជា​ស្ថាពរ​ក៏​ពិត​មែន ប៉ុន្តែ​ការ​ស្ដារ​ផ្លូវ​ដែក​ពីក្រុង​សេរីសោភ័ណ្ឌ​ទៅ​ដល់​រាជធានី​​ភ្នំពេញ នៅ​មិន​ទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ​។ មិន​ទាន់​ចប់​ដោយ​សារ​តែ​ខ្សែ​រថភ្លើង​ភាគ​ខាង​ជើង ពី​ខេត្ត​បន្ទាយ​មាន​ជ័យ កាត់​ក្រុង​សេរីសោភ័ណ្ឌ ខេត្ត​បាត់ដំបង មក​កាន់​រាជធានី​ភ្នំពេញ​នេះ រង​ការ​ខូច​ខាត​យ៉ាង​ដំណំ និង​ត្រូវ​បោះ​បង់​ចោល​លែង​ប្រើ​ការ​អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ ចាប់​តាំង​ពីមាន​សង្គ្រាម​នៅ​ក្នុង​ប្រទេស​។ ចំណែក​ការងារ​ស្ដារ​ខ្សែ​រថភ្លើង​​នេះទៀត​សោត ក៏​ត្រូវ​ចំណាយ​អស់​ថវិកា​ច្រើន គឺ​រហូត​ដល់​ទៅ​ប្រមាណ​១៧​លាន​ដុល្លារ​ឯ​ណោះ​។

គួរ​ជម្រាប​ថា ដើម្បី​ស្ដារ​ផ្លូវ​ដែក​ពី​សេរីសោភ័ណ្ឌ​មក​ភ្នំពេញ រាជរដ្ឋាភិបាល​កម្ពុជា​ទើប​តែ​បាន​អនុម័ត​ថវិកា​ចំនួន​២០​លាន​ដុល្លារ​ ដែល​ថវិកា​នេះ ត្រូវ​បាន​លោក​រដ្ឋ​មន្ដ្រី​ ស៊ុន ចាន់ថុល ចាត់​ទុក​ថា មិនទាន់​គ្រប់​គ្រាន់​ទេ ព្រោះ​ត្រូវ​សាងសង់​ផ្លូវ​ផង សង់​ស្ពាន​ផង​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក្រសួង​នឹង​ចាត់ចែង​ធ្វើ​តាម​ដំណាក់​កាល​ ដោយ​ចុង​ឆ្នាំ​នេះ ផ្លូវ​ដែក​ពី​ព្រំដែន​ប៉ោយប៉ែត​ទៅ​ស៊ីសូផុន​នឹងស្ដារ​ចប់​រួច​រាល់ ហើយ​ក្រសួង​នឹង​បន្ត​ស្ដារ​តាម​ដំណាក់​កាល​ពី​ស៊ីសូផុន​ទៅ​បាត់​ដំបង និង​ទៅ​ភ្នំពេញ​។ នេះ​បើ​តាម​រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។

ការ​ស្ដារ​ផ្លូវ​ដែក​ភាគ​ខាង​ជើង​របស់​កម្ពុជា ត្រូវ​បាន​អ្នក​សេដ្ឋកិច្ច​មើល​ឃើញ​ថា នឹងជួយ​​សម្រួល​ការ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​អាច​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​កាន់​តែ​ធំ​ធេង​ជាង​មុន ខណៈ​​ទំនិញ​នាំ​ចូល​មក​កម្ពុជា​ពី​ប្រទេស​ថៃ មាន​៧០​ភាគ​រយ ចូល​តាម​ច្រក​ប៉ោយប៉ែត​។

សម្រាប់​ប្រទេស​ថៃ កម្ពុជា​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ទី​៨ នៅ​ក្នុងចំណោម​​ប្រទេស​អាស៊ាន​។ ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​៥,៦​​ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥​ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ទៅ​វិញ​បន្តិច​នៅ​ឆ្នាំ​២០១៦​នេះ​។ បើ​តាម​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ រយៈ​ពេល​៧​ខែ​ដើម​ឆ្នាំ​២០១៦​នេះ គិត​ជា​ទឹក​ប្រាក់មាន​ចំនួន​ជាង​៣​ប៊ីលាន​ដុល្លារ ថយ​ចុះ​ជិត​៨​ភាគ​រយ បើ​​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥​។ ​កម្ពុជា​និង​ថៃ ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រួម​គ្នា​ឲ្យ​បាន​១៥​ប៊ីលាន​ដុល្លារ នៅ​ឆ្នាំ​២០២០​ខាង​មុខ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ